តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រូបភាពនៃក្រុមបុរស ស្ត្រី និងកុមារស្លាប់និងត្រូវរបួសនៅក្នុងក្រុង Douma ប្រទេសស៊ីរី នៅក្រោយរបបគ្រប់គ្រង Assad ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ីនោះ បានបាញ់មីស៊ីលក្នុងផ្សារមានមនុស្សកុះករក្នុងក្រុងនោះកាលពីឆ្នាំ២០១៥ នាំឱ្យមានការឈឺចាប់ក្នុងចិត្ត។ ក្រុមជនស៊ីវិល៧០នាក់បានត្រូវសម្លាប់ ហើយ៥០០នាក់ទៀតបានត្រូវរបួសនៅក្នុងការវាយប្រហារនោះ កាលពីថ្ងៃទី៣០ ខែតុលា។ ការណ៍ទាំងនេះ ជាការរំឭកដ៏គួរឱ្យសោកសៅមួយអំពីការបង់ខាតដោយសារសង្គ្រាមរបស់លោក Bashar al-Assad ប្រឆាំងពលរដ្ឋស៊ីរី ដែលបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតជាង ៥០០.០០០ នាក់ ក្នុងរយៈពេល ៩ ឆ្នាំកន្លះ កន្លងទៅនេះ។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយរំឭកដល់ក្រុមជនរងគ្រោះនៃអំពើឃោរឃៅប្រព្រឹត្តដោយរបបគ្រប់គ្រង Assad ទៅលើមហាជនស៊ីរី ក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមបុគ្គល និងអង្គភាពចំនួន១៩ តាមរយៈច្បាប់កាលពីឆ្នាំ២០១៩ ស្តីពីការការពារជនស៊ីវិលស៊ីរីដែលហៅថា Caesar Syria Civilian Protection Act of 2019 និងក្រោយយន្តការឯទៀតៗ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើកងកម្លាំងការពារជាតិដែលជាកងជីវពលអ៊ីរ៉ង់លម្អៀងទៅខាងលោក Assad និងមេបញ្ជាការម្នាក់របស់កងកម្លាំងនេះ ឈ្មោះ Saqr Rostrom ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការរារាំងបទឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី។
ការិយាល័យត្រួតត្រាធនធានក្រៅប្រទេសហៅកាត់ថា OFAC នៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានចាត់វិធានការប្រឆាំងនឹងក្រុមមន្ត្រីយោធាស៊ីរី សមាជិកនៃសភាស៊ីរី អង្គភាពនៃដ្ឋាភិបាលស៊ីរី និងក្រុមបុគ្គលស៊ីរី និងលីបង់ដែលជួយធ្វើឱ្យឧស្សាហកម្មប្រេងរបស់លោក Assad មានដំណើរការឡើងវិញ។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការដាក់ទណ្ឌកម្មរបស់រដ្ឋបាលសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីកម្រិតដែលរបបគ្រប់គ្រង Assad ធ្វើឱ្យស្ថាប័នស៊ីរីខូចបែបណា»។ លោក Steve Mnuchin រដ្ឋមន្ត្រីហិរញ្ញវត្ថុស.រ.អ.ក៏បានគូសបញ្ជាក់ដែរថា ក្រសួងហិរញ្ញវត្ថុ «ប្តេជ្ញាបន្តដាក់សម្ពាធសេដ្ឋកិច្ចលើរបបគ្រប់គ្រង Assad និងពួកអ្នកគាំទ្ររបបនេះ ចំពោះការបង្ក្រាបដោយរបបគ្រប់គ្រងនេះ»។
ខណៈដែលជនណាម្នាក់ដែលធ្វើជំនួញជាមួយបុគ្គលណាម្នាក់ក្នុងបណ្តាក្រុមជន និងអង្គភាពទាំង១៩ ដែលបានត្រូវចាត់ទុកថាជាអ្នកគាំទ្ររបបគ្រប់គ្រង Assad នៅពេលនេះ អាចប្រឈមនឹងការដាក់ទណ្ឌកម្មខ្លួនឯងក៏ដោយ ក៏លោករដ្ឋមន្ត្រីការបរទេស Mike Pompeo បាននិយាយច្បាស់លាស់ថា ការដាក់ទណ្ឌកម្មទាំងនេះ មិនយកជាទីដៅទេនូវពាណិជ្ជកម្ម ជំនួយនិងសកម្មភាពទាក់ទិននឹងមនុស្សធម៌ពិតប្រាកដ ហើយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរីតទៅទៀត។
លោករដ្ឋមន្ត្រី Pompeo បានថ្លែងថា៖ «ស.រ.អ.ប្តេជ្ញាឆ្លើយតបនឹងការទាមទាររបស់ប្រជាជនស៊ីរីឱ្យមានដំណោះស្រាយខាងនយោបាយមួយជាប់លាប់បញ្ចប់សង្គ្រាមនេះ តាមរយៈសេចក្តីសម្រេចលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដើម្បីសម្រេចគោលដៅនេះ យើងគាំទ្រការអំពាវនាវរបស់លោក Geir Pedersen ប្រេសិតអ.ស.ប. ឱ្យមានការឈប់បាញ់គ្នានៅទូទាំងប្រទេស ការដោះលែងអ្នកទោស និងក្រុមអ្នកជាប់ឃុំឃាំងខាងនយោបាយ ការព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ និងការបោះឆ្នោតដោយសេរីនិងយុត្តិធ៌ម ដែលត្រួតពិនិត្យដោយអ.ស.ប.។
លោករដ្ឋមន្ត្រីការបរទេស Pompeo បានមានប្រសាសន៍ថា៖ «របបគ្រប់គ្រង Assad មានជម្រើសមួយ គឺចាត់វិធានការគ្មានប្រែក្រឡះឆ្ពោះទៅកាន់ដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនេះ ដែលបានអូសបន្លាយអស់ជិតមួយទសវត្សរ៍ហើយនោះ ឬមួយប្រឈមនឹងការដាក់ទណ្ឌកម្មថែមទៀត»៕