តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប៉ូលិសនៅក្នុងប្រទេសហុងឌូរ៉ាស បានចាប់ខ្លួនអតីតប្រធានាធិបតីហុងឌូរ៉ាសលោក Juan Orlando Hernandez កាលពីថ្ងៃទី ១៥ ខែកុម្ភៈ តាមសំណើរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកចង់ឱ្យអាជ្ញាធរហុងឌូរ៉ាស បញ្ជូនលោកមកកាន់សហរដ្ឋអាមេរិកដើម្បីកាត់ទោសសម្រាប់បទចោទប្រកាន់ដែលថា លោកមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
សហរដ្ឋអាមេរិក តាំងចិត្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវនៅក្នុងតំបន់អាមេរិកកណ្ដាល។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា៖ «យើងជឿថា បញ្ហាអស់ទាំងនេះ គឺជាគន្លឹះសម្រាប់អនាគតដ៏ត្រចះត្រចង់ជាងមុនសម្រាប់តំបន់អាមេរិកកណ្ដាល»។
ដើម្បីសម្រេចឱ្យបាននូវអាទិភាពនេះ ឥឡូវនេះ សហរដ្ឋអាមេរិកលែងចាត់ទុករឿងនេះថាជាការសម្ងាត់ និងបានផ្សព្វផ្សាយអំពីការដាក់បញ្ចូលអតីតប្រធានាធិបតីហុងឌូរ៉ាសលោក Juan Orlando Hernandez ទៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកស្ដីពីបុគ្គលពុករលួយ និងមិនប្រជាធិបតេយ្យ នៅក្រោមជំពូកទី ៣៥៣ នៃច្បាប់ Northern Triangle Enhanced Engagement Act របស់សហរដ្ឋអាមេរិក។
ជាទូទៅ ករណីនេះ ធ្វើឱ្យបុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីនេះ មិនមានសិទ្ធិនៅក្នុងការទទួលបានទិដ្ឋាការ និងការអនុញ្ញាតឱ្យចូលក្នុងទឹកដីសហរដ្ឋអាមេរិក។ លោក Hernandez ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១។
យោងទៅលើសេចក្ដីរាយការណ៍ដ៏ទុកចិត្តជាច្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយនានា លោក Hernandez បានសម្រួលឱ្យមានអំពើពុករលួយ និងការជួញដូរគ្រឿងញៀន ដោយបានប្រើថវិកាដែលបានមកពីសកម្មភាពខុសច្បាប់សម្រាប់ចំណាយទៅលើយុទ្ធនាការនយោបាយនានា។
បន្ថែមពីលើនេះទៀត ឈ្មោះរបស់លោក Hernandez ត្រូវបានបញ្ជាក់នៅក្នុងសក្ខីកម្មរបស់សាក្សីដែលមានការស្បថស្បែត្រឹមត្រូវនៅក្នុងនីតិវិធីព្រហ្មទណ្ឌសហព័ន្ធសហរដ្ឋអាមេរិកមួយថា លោកបានទទួលថវិកាពីការជួញដូរគ្រឿងញៀន ដែលនេះ គឺជាផ្នែកមួយនៃការផ្ដល់ថវិកាដល់យុទ្ធនាការរបស់លោក។
សហរដ្ឋអាមេរិកបន្តប្រើគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមានដើម្បីជំរុញឱ្យមានការទទួលខុសត្រូវលើអំពើពុករលួយនិងការវាយប្រហារផ្សេងៗលើសន្តិសុខ ស្ថិរភាព និងបំណងប្រាថ្នាបែបប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋនៃប្រទេសហុងឌូរ៉ាស តំបន់អាមេរិកកណ្ដាល និងពិភពលោក។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា៖ «យើងនឹងបន្តធ្វើជាដៃគូជាមួយនឹងមន្ត្រីរដ្ឋាភិបាលហុងឌូរ៉ាស សមាជិកសង្គមស៊ីវិល និងវិស័យឯកជន ដែលបង្ហាញការតាំងចិត្តចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដែលជាផ្នែកមួយនៃគោលនយោបាយទូទៅនៃការដោះស្រាយឫសគល់នៃបញ្ហាចំណាកស្រុកមិនប្រក្រតីពីតំបន់អាមេរិកកណ្ដាល»។
សហរដ្ឋអាមេរិក នឹងបន្តគាំទ្រប្រជាពលរដ្ឋហុងឌូរ៉ាស ស្របពេលដែលពួកគេប្រឹងប្រែងតស៊ូដើម្បីរួមចំណែកនៅក្នុងនិងទទួលបានប្រយោជន៍ពីស្ថាប័នប្រជាធិបតេយ្យនានា បង្កើតឱកាសសេដ្ឋកិច្ចស្មើភាពគ្នា និងបង្កើតអនាគតដែលពួកគេប្រាថ្នាចង់បានសម្រាប់ខ្លួនពួកគេផ្ទាល់និងក្រុមគ្រួសាររបស់ពួកគេ៕