តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី ៦ ខែធ្នូ របបដឹកនាំខុសច្បាប់របស់លោក Nicolas Maduro នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានបង្កើតព្រឹត្តិការណ៍នយោបាយគួរឲ្យអស់សំណើចមួយ ដែលមានគោលបំណងធ្វើឲ្យដូចការបោះឆ្នោតសភាដូច្នេះដែរ។
រដ្ឋមន្ត្រីកាបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សំណាងល្អ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានបំភាន់»។ សហរដ្ឋអាមេរិករួមជាមួយនឹងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យរាប់សិបផ្សេងទៀតនៅទូទាំងពិភពលោក ថ្កោសទោសឆាកល្ខោននេះ ដែលមិនបានបំពេញតាមស្តង់ដារអប្បរមានៃភាពដែលអាចជឿទុកចិត្តបាន។
លោករដ្ឋមន្ត្រី Pompeo បាននិយាយថា៖ «លោក Maduro បានលួចបន្លំការបោះឆ្នោតទាំងនេះដោយឥតអៀនខ្មាសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការដណ្ដើមយកដោយខុសច្បាប់នូវឈ្មោះ និងនិមិត្តសញ្ញារបស់គណបក្សនយោបាយនានានៅលើសន្លឹកឆ្នោត ការបន្លំដំណើរការដោយក្រុមប្រឹក្សាបោះឆ្នោតដែលស្មោះស្ម័គ្រនឹងលោក អំពើហិង្សានិងការបំភិតបំភ័យ និងកលល្បិចមិនស្របតាមលទ្ធិប្រជាធិបតេយ្យផ្សេងទៀត»។
បន្ថែមពីលើនេះទៀត ប្រទេសនិងអង្គការប្រមាណ ៦០ នៅទូទាំងពិភពលោក ដែលរួមមានទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការបណ្ដាប្រទេសនៅទ្វីបអាមេរិក (OAS) ក្រុមប្រទេស Lima និងអង្គការក្រុមទំនាក់ទំនងអន្តរជាតិ (ICG) មិនបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះថាត្រឹមត្រូវតាមច្បាប់នោះទេ។
លោករដ្ឋមន្ត្រី Pompeo បាននិយាយថា៖ «ព្រឹត្តិការណ៍គួរឲ្យអស់សំណើចនេះគ្មានអ្វីក្រៅពីការប៉ុនប៉ងដើម្បីបង្កើតរដ្ឋសភាអាយ៉ងសមគំនិតមួយ ដែលជំពាក់គុណលោក Maduro ហើយស្របពេលនោះដែរ បំផ្លាញដល់ស្ថាប័នប្រជាធិបតេយ្យដែលនៅសល់តែមួយគត់របស់ប្រទេសវ៉េណេស៊ុយអេឡានេះ ដែលជាតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា»។
ការលួចបន្លំនៅក្នុងការបោះឆ្នោតនេះបានកើតឡើង នៅពេលដែលរបបដឹកនាំខុសច្បាប់របស់លោក Maduro បានប្រព្រឹត្តិជាប្រព័ន្ធនូវការលួចធ្វើឃាត ការធ្វើទារុណកម្ម និងការចាប់អ្នកប្រឆាំងដាក់ពន្ធនាគារ ដូចដែលអង្គការសហប្រជាជាតិ អង្គការ OAS និងអ្នកសង្កេតការណ៍ឯករាជ្យផ្សេងទៀត បានបង្ហាញនៅក្នុងរបាយការណ៍នានាកាលពីពេលថ្មីៗនេះដូច្នេះដែរ។
ដើម្បីសម្រេចឲ្យបាននូវការបោះឆ្នោតបែបទុច្ចរិតនេះ របបដឹកនាំនេះក៏បានបង្កើនការរុកគួនយាយីលើអ្នកធ្វើការខាងផ្នែកមនុស្សធម៌ និងបានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីចែកចាយម្ហូបអាហារនានាផងដែរ។ លោករដ្ឋមន្ត្រី Pompeo បានប្រកាសថា៖ «របបដឹកនាំបែបឃោរឃៅនិងគ្មានធម៌មេត្តានេះមិនមានសមត្ថភាពនៅក្នុងការរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បានទេ»។
សហរដ្ឋអាមេរិក នឹងនៅតែបន្តទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្ន និងរដ្ឋសភាត្រឹមត្រូវតាមច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡាដដែល។ សហគមន៍អន្តរជាតិមិនអាចអនុញ្ញាតឲ្យលោក Maduro ដែលកំពុងកាន់អំណាចដោយសារការលួចបន្លំការបោះឆ្នោតកាលពីឆ្នាំ ២០១៨ ឲ្យទទួលបានប្រយោជន៍ពីការលួចបន្លំការបោះឆ្នោតលើកទីពីរបានទេ។
សហរដ្ឋអាមេរិក ជំរុញប្រទេសទាំងអស់ដែលប្តេជ្ញាចំពោះលទ្ធិប្រជាធិបតេយ្យ ឲ្យចូលរួមថ្កោលទោសលើការបោះឆ្នោតបែបឆាកល្ខោនកាលពីថ្ងៃទី ៦ ខែធ្នូ និងគាំទ្ររដ្ឋសភាត្រឹមត្រូវតាមច្បាប់ និងលោកប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវ៉េណេស៊ុយអេឡា បន្តទៅថ្ងៃខាងមុខ។ ទាំងលោក Maduro និងទាំងរដ្ឋសភាដែលជ្រើសតាំងឡើងដោយការបោះឆ្នោតបែបលួចបន្លំនេះ មិនតំណាងឲ្យសំឡេងត្រឹមត្រូវតាមច្បាប់របស់ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡានោះទេ។ សំឡេងត្រឹមត្រូវតាមច្បាប់របស់ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា អាចត្រូវសម្តែងឡើងបានតាមរយៈនៃការបោះឆ្នោតប្រធានាធិបតីដែលមានភាពសេរីនិងយុត្តិធម៌តែប៉ុណ្ណោះ៕