តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ផ្ដើមការប្រជុំតាមអនឡាញរបស់ពួកគេនៅថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ មេដឹកនាំទាំងពីរ បានបង្ហាញក្ដីសង្ឃឹមថា ការពិភាក្សានៅក្នុងការប្រជុំនោះ នឹងធ្វើឡើងដោយ«ស្មោះត្រង់» «ឥតលាក់លៀម» និងមានលក្ខណៈ«ទូលំទូលាយ»។
ក្ដីសង្ឃឹមរបស់លោកទាំងពីរ ហាក់ដូចជាបានដូចក្ដីបំណង។
សេតវិមានប្រធានាធិបតីអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «មេដឹកនាំទាំងពីរ បានពិភាក្សាអំពីទិដ្ឋភាពស្មុគស្មាញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអំពីសារៈសំខាន់នៃការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ។...លោកប្រធានាធិបតី Biden បានស្វាគមន៍ឱកាសនៃការនិយាយដោយស្មោះត្រង់ និងឥតលាក់លៀមទៅកាន់លោកប្រធានាធិបតី Xi Jinping អំពីឆន្ទៈ និងអាទិភាពរបស់ប្រទេសទាំងពីរលើបញ្ហាជាច្រើន»។
បញ្ហាទាំងនោះរួមមាន ក្ដីបារម្ភរបស់សហរដ្ឋអាមេរិកអំពីការអនុវត្តរបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងតំបន់ Xinjiang តំបន់ទីបេ និងទីក្រុងហុងកុង ក៏ដូចជាបញ្ហាសិទ្ធិមនុស្សជាទូទៅ ភាពចាំបាច់នៅក្នុងការធានាថា «ក្បួនច្បាប់អនុវត្តជាទម្លាប់កន្លងមក» សម្រាប់សតវត្សរ៍ទី ២១ ជួយជំរុញឱ្យបានប្រសើរទៅមុខនូវប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសេរី បើកចំហ និងយុត្តិធម៌ សារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរប្រកបដោយសុវត្ថិភាពចំពោះវិបុលភាពរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងភាពចាំបាច់នៅក្នុងការការពារអ្នកធ្វើការ និងឧស្សាហកម្មរបស់សហរដ្ឋអាមេរិកពីការអនុវត្តមិនយុត្តិធម៌ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ សេតវិមានបានបញ្ជាក់ថា៖ «លោកប្រធានាធិបតី Biden បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចំពោះគោលនយោបាយ «ចិនតែមួយ» ដែលត្រួសត្រាយដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) សេចក្តីថ្លែងការណ៍រួមចំនួន ៣ (Three Joint Communiques) និងការធានា ៦ ចំណុច (Six Assurances) ហើយថា សហរដ្ឋអាមេរិកជំទាស់ខ្លាំងក្លាចំពោះកិច្ចប្រឹងប្រែងជាឯកតោភាគីណាមួយនៅក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬក៏ការធ្វើឱ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
បញ្ហាដែលលើកយកពិភាក្សាផងដែរនៅក្នុងជំនួបរវាងលោក Biden និងលោក Xi Jinping គឺបញ្ហាសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រតាមរយៈការបង្កើតការការពារប្រកបដោយសុភនិច្ឆ័យដើម្បីធានាថា ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន មិនធ្លាក់ចូលទៅក្នុងជម្លោះ និងតាមរយៈការរក្សាទំនាក់ទំនងឱ្យនៅបើកចំហ។
បន្ថែមពីលើនេះទៀត លោកប្រធានាធិបតី Biden បាននិយាយជាមួយលោកប្រធានាធិបតី Xi Jinping អំពីការធ្វើការជាមួយគ្នាក្នុងនាមជាមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនៅលើពិភពលោក លើផ្នែកមួយចំនួនដែលផ្ដល់ផលប្រយោជន៍ឱ្យប្រទេសទាំងពីរដូចជា សន្តិសុខសុខភាពសាកលលោក ការប្រឆាំងនឹងគ្រឿងញៀន និងការប្រែប្រួលអាកាសធាតុជាដើម។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan ដែលបានចូលរួមនៅក្នុងជំនួបនោះដែរ បានពណ៌នាជំនួបនោះថា ជាការប្រជុំរវាងមេដឹកនាំពីររូបដែល «ទទួលស្គាល់ព្រមគ្នានូវទម្ងន់នៃការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងរក្សាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។...លោកទាំងពីរ មានបំណងទទួលរ៉ាប់រងចំពោះទម្ងន់នេះប្រកបដោយការទទួលខុសត្រូវ គោរពតាមពាក្យសម្ដីដែលខ្លួនបាននិយាយតាមវិធីអនុវត្តរបស់លោកទាំងពីរលើបញ្ហាដែលបានលើកឡើង»។
ទោះជាយ៉ាងនេះក្ដី លោក Sullivan បានកត់សម្គាល់ថា លោកប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ថា៖ «រួមជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននិងអ្នកដែលផ្ដល់តម្លៃលើប្រជាធិបតេយ្យដូចខ្លួន... សហរដ្ឋអាមេរិក នឹងធ្វើការដើម្បីចក្ខុវិស័យវិជ្ជមាននៃប្រព័ន្ធអន្តរជាតិមួយដែលនៅតែមានភាពសេរី បើកចំហ និងយុត្តិធម៌ មិនមែនដើម្បីប្រឆាំងនឹងប្រទេសចិននោះទេ»៕