តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អស់រយៈពេល៥ទសវត្សរ៍មកហើយ ដែលគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសគុយបា បានរកដំណោះស្រាយចំពោះរាល់ការរឹតត្បិតសេរីភាពដ៏ធ្ងន់ធ្ងររបស់របបគុយបា ទៅលើគ្រប់ផ្នែកនៃជីវភាពរស់នៅរបស់ប្រជាជនគុយបា។
លោកឯកអគ្គរដ្ឋទូត Michael Kozak ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអឌ្ឍគោលខាងលិច បានថ្លែងនៅឯកិច្ចប្រជុំផ្តល់ព័ត៌មានអំពីក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅប្រទេសគុយបាថា៖ «គ្រប់រដ្ឋបាលសហរដ្ឋអាមេរិកទាំងអស់ ត្រូវប្រឈមនឹងសំណុំបញ្ហាដូចគ្នា និងតែងព្យាយាមរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះគុយបា ក្នុងបំណងបង្ខំឱ្យរបបនេះ បើកចំហគោលជំហររបស់ខ្លួនចំពោះសិទ្ធិមនុស្ស សង្គមស៊ីវិល និងពហុបក្សនិយម។
លោកឯកអគ្គរដ្ឋទូត Michael Kozak ថ្លែងថា យុទ្ធសាស្ត្រ [របស់សហរដ្ឋអាមេរិក] នេះ ទទួលជោគជ័យបានបន្តិចបន្តួចប៉ុណ្ណោះ ដោយសារ«សេដ្ឋកិច្ចគុយបាត្រូវរៀបចំឡើងជាទម្រង់បរាសិត (ឬបញ្ញើក្អែក)។ របបនេះ រស់រានដោយសារអ្នកដទៃ»។ លោកបន្ថែមថា៖ «ពីដំបូងឡើយពួកគេអាចដាក់វិធានការគាបសង្កត់ដ៏ខ្លាំងក្លាបែបនេះបាន ដែលបានបណ្តាលឱ្យសហគ្រិនគុយបាភាគច្រើនរត់គេចទៅក្រៅប្រទេស និងបានបិទសមាគមនិស្សិត កាសែតនានា និងរាល់ទម្រង់នៃសង្គមស៊ីវិល។ ពួកគេអាចធ្វើយ៉ាងដូច្នេះបាន ថ្វីបើការធ្វើដូច្នេះបានបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចគុយបាក៏ដោយ។ នោះ គឺដោយសារតែរបបនេះ មានការជួយឧបត្ថម្ភពីខាងក្រៅអស់ជាច្រើនឆ្នាំ គឺពីសហភាពសូវៀត»។
យើងបានដឹងថា ការណ៍នេះជារឿងពិត ដោយសារនៅក្រោយពេលដែលសហភាពសូវៀតត្រូវរលាយនៅចុងឆ្នាំ១៩៩១ ប្រទេសគុយបាត្រូវបង្ខំចិត្តធ្វើសម្បទានមួយចំនួន ដើម្បីចៀសវាងកុំឱ្យប្រជាជនគុយបាត្រូវអត់អាហារ។ លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស Kozak ថ្លែងថា រដ្ឋាភិបាលគុយបាពេលនោះ បានអនុញ្ញាតឲ្យមានការបើកចំហសេដ្ឋកិច្ចជាងមុនបន្តិច «ហើយប្រទេសនេះ ក៏ចាប់ផ្តើមទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរនោះ សកម្មភាពដោយសេរីទាំងនោះ គឺជាការផ្លាស់ប្តូរពិតប្រាកដដែលបានកើតមានឡើងនៅក្នុងសង្គមគុយបា»។
លោកឯកអគ្គរដ្ឋទូត Kozak ថ្លែងបន្តថា បន្ទាប់មកនៅឆ្នាំ១៩៩៨ លោក Hugo Chavez បានឡើងកាន់កាប់អំណាចនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងចាប់ផ្តើមឧបត្ថម្ភដល់របបគុយបា។ លោកថា៖ «ហើយភ្លាមៗនោះ [គុយបា] ក៏ប្រែក្រឡះវិធានការបើកចំហប្រទេសទាំងអស់ និងត្រឡប់ទៅរកទម្រង់សេដ្ឋកិច្ចបែបគាបសង្កត់ដូចមុនវិញ»។
លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស Kozak ថ្លែងថា ដោយសារមូលហេតុទាំងអស់នេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump «បានផ្តោតទៅលើការបដិសេធមិនឱ្យរបបរបស់លោក Castro អាចទទួលបានធនធានដើម្បីប្រើប្រាស់សម្រាប់ការគាបសង្កត់របស់ខ្លួននៅក្នុងប្រទេសគុយបា និងការជ្រៀតជ្រែកដ៏អាក្រក់របស់ខ្លួនទៅក្នុងប្រទេសវ៉េណេស៊ុយអេឡាបាន។ ហើយយើងបានធ្វើដូច្នេះតាមរយៈការដាក់ទណ្ឌកម្មដោយដាក់គោលដៅចំៗទៅលើស្ថាប័នយោធា សន្តិសុខ និងស៊ើបការណ៍សម្ងាត់របស់គុយបា។ យើងមានគោលដៅពង្រឹងសង្គមស៊ីវិល និងវិស័យឯកជនរបស់គុយបា ប៉ុន្តែមិនគាំទ្ររបបគុយបាដែលជិះជាន់ខ្លាំងនោះទេ។ ការគោរពសិទ្ធិមនុស្សរបស់ពលរដ្ឋគុយបា ត្រូវតែស្ថិតនៅជាគោលបំណងចម្បងនៃគោលនយោបាយទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយគុយបា»៕