Accessibility links

Breaking News

បទវិចារណកថា៖ តើ​អ៊ីរ៉ង់​នឹង​ឆ្លើយតប​បែបណា​នៅ​ពេល​ប្រឈម​នឹង​តថភាព​ថ្មី​មួយ?


រូបឯកសារ៖ ទង់ជាតិ​អ៊ីរ៉ង់​នៅ​លើ​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ទង់ជាតិ​អ៊ីរ៉ង់​នៅ​លើ​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កត្តា​ដ៏​សំខាន់​មួយ​ដែល​ឈាន​ដល់​ការ​ដួលរលំ​របប​ដឹកនាំ​របស់​លោក Bashar al-Assad នៅ​ក្នុង​ប្រទេស​ស៊ីរី​គឺ​ការ​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ដែល​លោក​ធ្លាប់​បាន​ទទួល​ពី​សម្ពន្ធមិត្ត​របស់​លោក​ដែល​នោះ​គឺ​រុស្ស៊ី អ៊ីរ៉ង់ និង​ក្រុម​ហេសបូឡា (Hezbollah)។ សម្ពន្ធមិត្ត​ទាំងនេះ​បាន​ជួយ​គាំទ្រ​របប​ដឹកនាំ​របស់​លោក​និង​ធ្វើឱ្យ​លោក​បាន​នៅ​កាន់​អំណាច​អស់​រាប់​ទសវត្សរ៍។

នៅពេល​ដែល​ពួក​ឧទ្ទាម​អ៊ិស្លាម​បាន​ដណ្តើម​កាន់កាប់​យ៉ាង​ឆាប់​រហ័ស​នូវ​ទីក្រុង​នានា​របស់​ស៊ីរី សម្ពន្ធមិត្ត​របស់​លោក Assad ខកខាន​មិន​បាន​ជួយ​លោក​ដោយសារ​ពួកគេ​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេង​ឬ​ក៏​បាន​ចុះខ្សោយ​យ៉ាង​ខ្លាំង។ តួយ៉ាង រុស្ស៊ី​កំពុង​ជាប់​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ក្រុម​ហេសបូឡា​និង​អ៊ីរ៉ង់​កំពុង​មមាញឹក​ទប់ទល់​នឹង​វិធានការ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត នៅ​ក្រោយ​ពេល​ដែល​អ៊ីរ៉ង់​និង​ក្រុម​ហេសបូឡា​ព្យាយាម​ពង្រីក​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីស្រាអែល។

លោក John Kirby ទីប្រឹក្សា​ផ្នែក​សារគមនាគមន៍​សន្តិសុខ​ជាតិ​របស់​សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ VOA ថា តំបន់​មជ្ឈិម​បូព៌ា​ត្រូវបាន​ផ្លាស់ប្តូរ​ក្នុង​កម្រិត​មួយ​គួរសម។

លោក​ថ្លែង​ថា៖ «នៅពេល​ដែល​អ៊ីរ៉ង់​ភ្ញាក់​ដឹង​ខ្លួន​ហើយ​ក្រឡេក​មើល​តំបន់​នោះ វា​មាន​លក្ខណៈ​ខុសប្លែក​ពី​មុន ហើយ​សម្ពន្ធភាព​នៃ​ការ​តស៊ូ​របស់​ពួកគេ​បាន​បែកបាក់​នៅ​ទីកន្លែង​ជាច្រើន។ ...ពួកគេ​ក៏​មាន​ការ​ចុះខ្សោយ​ផងដែរ​នូវ​សមត្ថភាព​យោធា​ផ្នែក​ការពារ​ដែន​អាកាស»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​និយាយ​ថា វា​នៅ​មិន​ទាន់​ច្បាស់​ទេ​ថាតើ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​នឹង​វិនិច្ឆ័យ​បែបណា​អំពី​តថភាព​ថ្មី​នេះ។

«ប្រសិនបើ​ខ្ញុំ​ជា​ពួកគេ ខ្ញុំ​នឹង​ក្រឡេក​មើល​លើ​ទង្វើ​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​ពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​នៃ​ការ​ព្យាយាម​គាំទ្រ​ភេរវកម្ម​និង​ធ្វើ​ឱ្យ​តំបន់​មាន​អស្ថិរភាព​បន្ថែម​ទៀត ដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​បាន​បរាជ័យ។ នៅពេល​ដែល​អ្នក​មើល​លើ​ការ​គាំទ្រ​របស់​ពួកគេ​លើ​ក្រុម​រណប គឺ​ច្បាស់​ណាស់ ពួកគេ​មាន​យុទ្ធសាស្ត្រ​ដែល​ពួកគេ​បាន​អនុវត្ត​ដើម្បី​ព្យាយាម​គំរាម​កំហែង​ប្រទេស​អ៊ីស្រាអែល​ពី​ខាង​ក្រៅ​ព្រំដែន​របស់​អ៊ីស្រាអែល វាយ​ប្រហារ​ភេរវកម្ម​ម្តង​ហើយ​ម្តង​ទៀត​លើ​ជន​ស៊ីវិល​នៅ​ខាង​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​វាយ​ប្រហារ​ភេរវកម្ម​លើ​អង្គភាព​ផ្សេង​ទៀត​នៅ​ជុំវិញ​តំបន់​នោះ»។

លោក Miller បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា អ៊ីរ៉ង់​នឹង​ក្រឡេក​មើល​គោលនយោបាយ​ដែល​បរាជ័យ​របស់​ខ្លួន​ហើយ​នឹង​ជ្រើសរើស​មាគ៌ា​នៃ​ការ​កាត់​បន្ថយ​ភាព​តានតឹង​និង​មិន​បន្ត​ការ​ប៉ុនប៉ង​ដើម្បី​បង្ក​អស្ថិរភាព​និង​គាំទ្រ​អំពើ​ភេរវកម្ម​នោះទេ។

លោក Millerថ្លែង​ថា៖ «ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​ពួកគេ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ចិត្ត​គំនិត ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា​នោះ​គឺជា​ការ​វាយតម្លៃ​ដ៏​វៃឆ្លាត»។

របាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​របស់​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក​បាន​កត់សម្គាល់​ថា មាន​ការ​ជជែក​ដេញដោល​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​អត្ថ​ប្រយោជន៍​បែប​កម្លា​រារាំង​នៃ​អាវុធ​នុយក្លេអ៊ែរ។ នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក​ក៏​បាន​រាយការណ៍​ផងដែរ​ថា នៅពេល​បច្ចុប្បន្ន​នេះ​អ៊ីរ៉ង់​មាន​សារធាតុ​ដែល​អាច​បំបែក​បាន​គ្រប់គ្រាន់​សម្រាប់​អាវុធ​ដូចនេះ​ជាង ១០ គ្រឿង។

លោក Miller បាន​បញ្ជាក់​ជា​ថ្មី​និង​បាន​សង្កត់ធ្ងន់​អំពី​គោលនយោបាយ​ដ៏​យូរ​មក​ហើយ​របស់​សហរដ្ឋ​អាមេរិក​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​បាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ»៕

XS
SM
MD
LG