តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នសហរដ្ឋអាមេរិក
នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកាំងប្រារព្ធទិវារំឭកគុណអតីតយុទ្ធជន ដើម្បីផ្តល់កិតិ្តយសជូនអតីតយុទ្ធជន ដែលបានបម្រើក្នុងជួរកងទ័ពសហរដ្ឋអាមេរិក។ ទោះជាថ្ងៃបុណ្យទានរបស់រដ្ឋាភិបាលសហព័ន្ធភាគច្រើន ធ្វើឡើងនៅថ្ងៃចន្ទដែលគៀកនឹងថ្ងៃបុណ្យពិតប្រាកដក៏ដោយ ក៏ទិវារំឭកគុណយុទ្ធជន គឺជាទិវាមួយក្នុងចំណោមថ្ងៃបុណ្យមួយចំនួនតូចរបស់រដ្ឋាភិបាលសហព័ន្ធ ដែលតែងតែត្រូវបានប្រារព្ធធ្វើឡើងនៅចំថ្ងៃទី១១ ខែវិច្ឆិកា។
ការជ្រើសយកថ្ងៃទី១១ ខែវិច្ឆិកានេះ គឺដោយសារតែមានបទឈប់បាញ់មួយ ដែលបានចូលជាធរមាននៅចុងថ្ងៃទី១១ ខែវិច្ឆិកា ក្នុងឆ្នាំ១៩១៨ ដែលបានបញ្ចប់នូវការប្រយុទ្ធគ្នាក្នុងសង្គ្រាមលោកលើកទី១ តែមិនមែនបញ្ចប់សង្គ្រាមនោះឡើយ។ សង្គ្រាមលោកលើកទី១ បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៩ នៅពេលដែលមានការចុះហត្ថលេខាលើសន្ធិសញ្ញា Versailles។ ទោះជាយ៉ាងណាក៏ដោយ សាធារណជន បានចាត់ទុកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ជាថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី១។
អស់រយៈពេល២០ឆ្នាំ ថ្ងៃទី១១ ខែវិច្ឆិកាត្រូវបានគេប្រារព្ធក្រៅផ្លូវការថា ជាទិវាយុទ្ធសន្តិភាព។ នៅទីបំផុតក្នុងខែឧសភា ឆ្នាំ១៩៣៨ សភាសហរដ្ឋអាមេរិកបានប្រកាសដាក់បញ្ជូលថ្ងៃនេះ ជាថ្ងៃបុណ្យរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីឧទ្ទិសចំពោះបុព្វហេតុសន្តិភាព ពិភពលោក ហើយក្រោយមកទៀតត្រូវបានគេប្រារព្ធនិងស្គាល់ថាជា«ទិវាយុទ្ធសន្តិភាព» ដែលផ្តល់កិត្តិយសដល់អតីតយុទ្ធជននៃសង្គ្រាមលោកលើកទី១។ នៅឆ្នាំ១៩៥៤ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Dwight Eisenhower បានពង្រីកថ្ងៃឈប់សម្រាកនោះ ដោយឧទ្ទិសដល់ការដឹងគុណបុគ្គលទាំងអស់ ដែលបានបម្រើក្នុងជួរកងទ័ពអាមេរិក ទាំងក្នុងពេលមានសង្គ្រាមនិងក្នុងពេលមានសន្តិភាព ហើយក្នុងឆ្នាំ១៩៧១ ទិវាយុទ្ធសន្តិភាពនេះ បានក្លាយទៅជាទិវារំឭកគុណអតីតយុទ្ធជន ដែលឆ្លុះបញ្ជាំងឱ្យឃើញកាន់តែប្រសើរនូវស្មារតីនៃការប្រារព្ធពិធីនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា «ថ្ងៃនេះ យើងសម្តែងនូវគារវកិច្ចចំពោះសេចក្តីក្លាហាននិងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លាសម្រាប់បុគ្គលទាំងអស់ ដែលទទួលបាននូវឋានៈជា«យុទ្ធជនជើងចាស់អាមេរិក» នោះ។
លោក Joe Biden បានលើកឡើងថា «នេះជាកិត្តិយសមួយ ដែលពលរដ្ឋអាមេរិកាំងតែមួយចំនួនតូចអាចទទួលបានប៉ុណ្ណោះ ហើយវាក៏ជាកិត្តិយសមួយ ដែលអ្នកទាំងនោះអាចទទួលបាន ក្នុងនាមជាបងប្អូនប្រុសស្រី។ នេះជាសេចក្តីកា្លហានមួយ ដែលធ្វើឱ្យមានការរួបរួមគ្នានៅគ្រប់វ័យទាំងអស់ ដោយមិនគិតពីប្រវត្តិ ពីព្រោះដើម្បីក្លាយជាយុទ្ធជនជើងចាស់អាមេរិកមួយរូប គេត្រូវតស៊ូនិងឆ្លងកាត់នូវការប្រឈមជាច្រើន ដែលពលរដ្ឋអាមេរិកាំងផ្សេងភាគច្រើនមិនបានដឹងទេ។ ពួកគេបានឆ្លងកាត់នូវការព្យាយាមការសាកល្បង ភាពទុរគត ការប្រឈមទៅនឹងភាពជាក់ស្តែងក្នុងសង្គ្រាមដែលមានសោដនាកម្មនិងសេចក្តីស្លាប់»។
«ចំពោះអតីតយុទ្ធជនទាំងអតីតកាលនិងបច្ចុប្បន្នកាល យើងសូមអរគុណលោកអ្នក។ យើងផ្តល់កិត្តិយសជូនលោកអ្នក និងតែងតែចងចាំជានិច្ចនូវគុណូបការៈដែលអ្នកបានធ្វើចំពោះយើងទាំងអស់គ្នា»៕