តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឈីលីកាលពីពេលថ្មីៗនេះថា៖ «នៅឆ្នាំក្រោយ សហរដ្ឋអាមេរិកនិងប្រទេសឈីលីនឹងប្រារព្ធខួប ២០០ ឆ្នាំ នៃភាពជាដៃគូ។ យើងមានទំនាក់ទំនងដែលចងភ្ជាប់ជាមួយគ្នាជាមូលដ្ឋានដោយផលប្រយោជន៍និងគុណតម្លៃរួម»។
ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសឈីលីនិងសហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់តាំងពីពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងពីរនៅក្នុងឆ្នាំ ២០០៣ មក។
ដូចដែលលោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ដូច្នេះដែរ «ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរបានកើនឡើងជាង ៤ ដង ដោយបានកើនរហូតដល់ជាង ៣៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ទំនាក់ទំនងពាណិជ្ជកម្មនេះបានផ្ដល់ការងាររាប់ម៉ឺនដល់ប្រទេសទាំងពីរ»។
សហរដ្ឋអាមេរិកគឺជាប្រភពកំពូលនៃវិនិយោគបរទេសដោយផ្ទាល់របស់ប្រទេសឈីលីនៅក្នុងពេលកន្លងមក ដោយបានវិនិយោគជាង ២៥ ពាន់លានដុល្លារលើផ្នែកដែលកំពុងកើនឡើងខ្លាំងនានាដូចជាផ្នែកថាមពលកកើតឡើងវិញរបស់ប្រទេសឈីលីជាដើម។
សហរដ្ឋអាមេរិកបានវិនិយោគថវិកា ៧៦០ លានដុល្លារ និងបានផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់គម្រោងថាមពលព្រះអាទិត្យចំនួន ៥ នៅក្នុងប្រទេសឈីលី ដែលក្នុងនោះគម្រោងមួយចំនួនបានផ្ដល់អគ្គិសនីដល់ផ្ទះនិងកន្លែងអាជីវកម្មនានារួចហើយនៅទូទាំងប្រទេសឈីលី។
វិស័យថាមពលកកើតឡើងវិញរបស់ប្រទេសឈីលីផ្ដល់ការផ្គត់ផ្គង់អគ្គិសនីចំនួន ៤៥% ដល់ប្រទេសឈីលីនិងបានជួយបំពេញបន្ថែមទៀតដល់គោលបំណងថាមពលស្អាតដែលពោរពេញដោយមហិច្ឆតារបស់ប្រទេសឈីលី ស្របពេលដែលប្រទេសនេះមានបំណងចង់សម្រេចឱ្យបាននូវតុល្យភាពឧស្ម័នកាបូនក្នុងបរិយាកាសនៅត្រឹមឆ្នាំ ២០៥០ ខាងមុខ។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ថា បើទោះបីជាសេដ្ឋកិច្ចប្រទេសឈីលីបានរីកចម្រើនក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះក៏ដោយ វិសមភាពក៏បានកើនឡើងផងដែរដូចដែលវាបានកើនឡើងជាទូទៅនៅទូទាំងតំបន់។
នៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិកតាំងចិត្តធ្វើជាដៃគូជាមួយនឹងប្រទេសឈីលីដើម្បីបង្ហាញឱ្យឃើញថា ប្រទេសប្រជាធិបតេយ្យអាចផ្ដល់នូវលទ្ធផលជាក់ស្ដែងដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោះស្រាយតម្រូវការរបស់ពួកគេ និងលើកតម្កើងសេចក្ដីប្រាថ្នារបស់ពួកគេ។
នេះគឺជាមូលហេតុមួយដែលសហរដ្ឋអាមេរិកបានចាប់ផ្ដើមដាក់ឱ្យអនុវត្តនូវភាពជាដៃគូទ្វីបអាមេរិកសម្រាប់វិបុលភាពសេដ្ឋកិច្ច (Americas Partnership for Economic Prosperity)។ ភាពជាដៃគូនេះផ្ដោតលើការចាក់គ្រឹះសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចពីក្រោមឡើងទៅលើនិងចេញពីកណ្ដាលតាមរយៈការពង្រីកតំណភ្ជាប់ឌីជីថលនិងការធ្វើឱ្យសង្វាក់ផ្គត់ផ្គង់កាន់តែមានភាពធន់ជាងមុននៅក្នុងតំបន់អឌ្ឍគោលខាងលិច។
សហរដ្ឋអាមេរិកទន្ទឹងរង់ចាំធ្វើការជាមួយនឹងប្រទេសឈីលីដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសំខាន់ៗនានាដូចជាសុខភាពនិងការអប់រំជាដើម ក្នុងគោលបំណងដើម្បីបណ្ដុះបណ្ដាលនិងផ្ដល់គ្រឿងបរិក្ខាផ្សេងៗដល់បុគ្គលិកសុខាភិបាលចំនួន ៥០០.០០០ នាក់នៅទូទាំងតំបន់អឌ្ឍគោលនេះនៅក្នុងរយៈពេល ៥ ឆ្នាំ។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «គំនិតផ្ដួចផ្ដើមនេះ ប្រសិនបើសម្រេចបានពេញលេញ នឹងធ្វើឱ្យមានភាពខុសគ្នាខ្លាំងផ្នែកប្រតិបត្តិជាក់ស្ដែងនៅក្នុងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់នៅទូទាំងតំបន់អឌ្ឍគោលរបស់យើង»។
លោក Blinken ក៏បានសម្ដែងនូវការដឹងគុណផងដែរចំពោះថ្នាក់ដឹកនាំរបស់ប្រទេសឈីលីលើបញ្ហាចំណាកស្រុក ដែលក្នុងនោះរួមមានទាំងការទទួលយករបស់ប្រទេសឈីលីនូវជនចំណាកស្រុកនិងជនភៀសខ្លួនវ៉េណេស៊ុយអេឡាប្រហែលកន្លះលាននាក់ និងពលរដ្ឋហៃទី ១៨០.០០០ នាក់ផងដែរ។
ផ្អែកលើមូលដ្ឋានគ្រឹះនៃគុណតម្លៃនិងផលប្រយោជន៍រួម សហរដ្ឋអាមេរិកទន្ទឹងរង់ចាំបន្តកិច្ចសហប្របត្តិការនិងភាពជាដៃគូរបស់ខ្លួនជាមួយនឹងប្រទេសឈីលីនៅក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត៕