តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅពេលដែលយើងនិយាយអំពីការប្រែប្រួលអាកាសធាតុ ទ្វីបអាហ្វ្រិកត្រូវបានគេចាត់ទុកជាទូទៅថា ជាទ្វីបដែលងាយរងគ្រោះបំផុត ដោយសារទ្វីបនេះបានឡើងកម្ដៅលឿនជាងផ្នែកផ្សេងៗទៀតនៃពិភពលោក។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ «យើងកំពុងធ្វើដំណើរត្រង់ឆ្ពោះទៅកាន់មាត់ជ្រោះនៃការប្រែប្រួលអាកាសធាតុ។ ទ្វីបអាហ្វ្រិកជាទ្វីបដែលបញ្ចេញឧស្ម័នស្រូបកម្ដៅតិចតួចប៉ុណ្ណោះ។ ប៉ុន្តែ ទ្វីបនេះរងផលប៉ះពាល់ធ្ងន់ធ្ងរ [ដោយសារការប្រែប្រួលអាកាសធាតុ]»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas Greenfield បាននិយាយនៅឯអង្គការសហប្រជាជាតិកាលពីខែតុលាថា ជាការពិត «ទ្វីបអាហ្វ្រិកគឺជាកន្លែងដែលមានប្រទេសចំនួន ១៧ ក្នុងចំណោមប្រទេសចំនួន ២០ ដែលរងគ្រោះខ្លាំងបំផុតដោយសារការប្រែប្រួលអាកាសធាតុនៅលើពិភពលោក»។
អ្នកស្រីថ្លែងដូច្នេះថា៖ «ការប្រែប្រួលអាកាសធាតុបានគំរាមកំហែងដល់ជីវិតនិងជីវភាពរស់នៅរបស់ពលរដ្ឋអាហ្វ្រិករាប់លាននាក់។ បញ្ហានេះជំរុញកាន់តែខ្លាំងឡើងឱ្យមានការផ្លាស់ទីនិងការអភិវឌ្ឍយឺតយ៉ាវធ្ងន់ធ្ងរនៅក្នុងបណ្ដាប្រទេសដែលប្រឈមរួចទៅហើយនឹងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច អភិបាលកិច្ច និងសន្តិសុខ។ វាគឺជាកត្តាជំរុញចម្បងដែលនាំឱ្យមានអសន្តិសុខស្បៀងអាហារនៅទូទាំងទ្វីបអាហ្វ្រិក។ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យរដូវដាំដុះសម្រាប់កសិករមានរយៈពេលខ្លី ដែលមានន័យថាទិន្នផលប្រចាំឆ្នាំនឹងមានចំនួនតិចតួចជាងមុន។ បញ្ហានេះបានកាត់បន្ថយនូវកំណើនផលិតភាពកសិកម្មរហូតដល់ចំនួន ៤០% នៅតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក (sub-Saharan Africa)»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas Greenfield បានបញ្ជាក់បន្ថែមថា៖ «បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមមួយនៅលើពិភពលោកដែលតម្រូវឱ្យមានការចាត់វិធានការឱ្យបានលឿន។ ហើយជាការពិត វាគឺជាការប្រឈមដែលតម្រូវឱ្យយើងទាំងអស់គ្នាលើកកម្ពស់នូវគោលនយោបាយដែលល្អចំពោះបរិស្ថានប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសរបស់យើងនីមួយៗផ្ទាល់»។
នោះគឺដោយសារតែយើងដឹងថាផលវិបាកនៃការប្រែប្រួលអាកាសធាតុគឺជាកត្តាជំរុញចម្បងមួយដែលនាំទៅរកជម្លោះ។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas Greenfield បានថ្លែងថា៖ «នៅពេលដែលតំបន់ដែលមានជម្លោះឬបញ្ហាអសន្តិសុខជួបប្រទះនឹងបញ្ហាកង្វះស្បៀងអាហារនិងអសន្តិសុខសេដ្ឋកិច្ច ហានិភ័យនៃអំពើហិង្សានឹងកើនឡើង។ ជាងនេះទៀត គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះអាកាសធាតុធ្ងន់ធ្ងរកំពុងធ្វើឱ្យវិបត្តិស្បៀងអាហារនិងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរបន្ថែមទៀត និងធ្វើឱ្យប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងតំបន់ដែលមានស្ថានការណ៍ស្មុគស្មាញកាន់តែគ្រោះថ្នាក់បន្ថែមទៀត»។
អ្នកស្រីបានបន្ថែមថា៖ «ទំនោរទាំងនេះ រួមជាមួយនឹងអំពើហិង្សានយោបាយកើនឡើង ជម្លោះ និងបញ្ហាអសន្តិសុខ បានធ្វើឱ្យក្រុមគ្រួសារនានាគ្មានជម្រើសណាមួយទេ ស្របពេលដែលពួកគេប្រឹងប្រែងយ៉ាងត្រដាបត្រដួសដើម្បីធ្វើយ៉ាងនាឱ្យបានអាហារបរិភោគ»។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «ហេតុដូច្នេះហើយបានជាសហរដ្ឋអាមេរិកតាមរយៈគម្រោងផ្ដួចផ្ដើមផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត (Feed the Future) បានតាំងចិត្តវិនិយោគថវិកាជាង ៥ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំ ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារនិងអាហាររូបត្ថម្ភនៅលើពិភពលោក។ ប្រទេសចំនួន ១៦ ក្នុងចំណោមប្រទេសគោលដៅនៃគម្រោងផ្ដួចផ្ដើមផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគតនេះស្ថិតក្នុងទ្វីបអាហ្វ្រិក។ គម្រោងនេះនឹងជួយសហគមន៍និងកសិករអាហ្វ្រិកឱ្យសម្រាលបញ្ហាឱ្យបានប្រសើរឡើងនិងសម្របទៅតាមវិធីសាស្ត្រកសិកម្មដែលល្អចំពោះអាកាសធាតុនិងអាចរីកចម្រើនជាងមុនប្រកបដោយនិរន្តរភាព»។
អ្នកស្រីបានបន្តថា៖ «ស្របពេលជាមួយគ្នានេះដែរ យើងកំពុងធ្វើការដើម្បីជួយប្រជាពលរដ្ឋប្រហែល ៥០០ លាននាក់នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យសម្របទៅតាមនិងគ្រប់គ្រងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតាមរយៈគម្រោងផ្ដួចផ្ដើម PREPARE របស់យើង»។
អ្នកស្រី Thomas Greenfield បានបន្ថែមថា៖ «យើងសូមបញ្ជាក់ឡើងវិញអំពីការតាំងចិត្តរបស់យើងនៅក្នុងការធ្វើការជាមួយគ្នា...ដើម្បីសម្រេចឱ្យបាននូវសេដ្ឋកិច្ចថាមពលស្អាតមួយដែលមានភាពធន់និងនិរន្តរភាព ដែលជាសេដ្ឋកិច្ចដែលផ្ដល់លទ្ធភាពឱ្យទ្វីបអាហ្វ្រិកដែលពោរពេញដោយធនធាននិងថាមពលនៅក្នុងការបន្ធូរបន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិអាកាសធាតុ»៕