តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
នៅថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ទី៤ ក្នុងខែវិច្ឆិកា គឺជាពិធីបុណ្យរំឭកគុណ Thanksgiving នៅសហរដ្ឋអាមេរិក ដែលជាថ្ងៃបុណ្យជាតិរំឭកខួបឆ្នាំទី១នៃការបង្កើតអាណានិគមអង់គ្លេសអចិន្ត្រៃយ៍ដំបូងបំផុតមួយនៅអាមេរិកខាងជើង។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៦២០ កប៉ាល់ Mayflower ដែលដឹកអ្នកតាំងទីលំនៅ១០២ នាក់ដែលត្រូវបានគេស្គាល់ថា ក្រុមមកតាំងទីលំនៅជាលើកដំបូងបានមកដល់ឆ្នេរនៃអាមេរិកខាងជើង។ ពួកគេគឺជាក្រុមអ្នកបំបែកខ្លួនផ្នែកសាសនាដំបូងគេដែលបដិសេធមិនធ្វើតាមការបង្រៀនរបស់សាសនានៃប្រទេសអង់គ្លេសដែលជាបទល្មើសដែលមានទោសនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ដូច្នេះ ពួកគេបានសម្រេចចិត្តចាកចេញពីទ្វីបអឺរ៉ុប ហើយបង្កើតភូមិកសិកម្មមួយនៅភាគខាងជើងនៃរដ្ឋ Virginia ដែលមានមនុស្សមកតាំងទីលំនៅ នៅ១៣ ឆ្នាំមុននោះ។ ដោយចៃដន្យ ពួកគេបានចុះចតជិតមួយពាន់គីឡូម៉ែត្រឆ្ងាយហួសទៅភាគខាងជើង ក៏ប៉ុន្តែ ទោះបីជាដូច្នោះក្តី ពួកគេបានសម្រេចចិត្តស្នាក់នៅទីនោះ ទីបំផុតបានតាំងទីលំនៅនៅភាគខាងត្បូងបន្តិចនៃទីក្រុង Boston ក្នុងរដ្ឋ Massachusetts នាពេលបច្ចុប្បន្ននេះ។ នៅទីនោះ ពួកគេបានបង្កើតដែនដីអាណានិគម Plymouth។
នៅឆ្នាំដំបូងនោះ នៅអាមេរិកខាងជើង ពួកគេមានការលំបាកខ្លាំងណាស់។ ទោះបីជាពួកគេមិនបានជួបប្រទះភាពស្រេកឃ្លានដោយសារតែមួយផ្នែកពួកគេបានទទួលការឧបត្ថម្ភពីពលរដ្ឋក្នុងស្រុកដែលជាជនជាតិដើមនៃក្រុម Wampanoag ក្នុងរយៈពេលពីរខែដំបូងក៏ដោយ ក៏មនុស្សចំនួនពីរភាគបីនៃពួកគេបានស្លាប់។ ប៉ុន្តែនៅរដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំ១៦២១នោះ ដំណាំបានផ្តល់ផលដ៏ច្រើនសន្ធឹកសន្ធាប់ ហើយនៅពេលដែលការប្រមូលផលបានបញ្ចប់ត្រូវចំពេលខួបនៃការមកដល់អាមេរិកខាងជើងរបស់ពួកគេ អ្នកតាំងទីលំនៅទាំងនោះបានប្រារព្ធពិធី។ អ្នកតាំងទីលំនៅចំនួន៥៣ នាក់ បានអង្គុយនៅក្នុងពិធីជប់លៀងជាមួយអ្នកជិតខាងរបស់ពួកគេ ៩០ នាក់នៃក្រុម Wampanoag បរិភោគសត្វស្លាបព្រៃ សាច់ក្តាន់ និងបន្លែជាច្រើនប្រភេទ។ ក៏ប៉ុន្តែ អ្វីដែលពួកគេធ្វើមុនដំបូងគេមុនបរិភោគអាហារទាំងនោះ គឺបន់ស្រន់យ៉ាងជ្រាលជ្រៅក្នុងចិត្ត ដោយអរគុណព្រះដែលបានអនុញ្ញាតឱ្យពួកគេរស់រានមានជីវិត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងថា៖ «ស្មារតីនៃការដឹងគុណរបស់ជនជាតិអាមេរិកនេះ មានតាំងពីសម័យដំបូងបំផុតរបស់យើង នៅពេលដែលពួកអ្នកតាំងទីលំនៅប្រារព្ធពិធីនៃការប្រមូលផលដំបូងដោយជោគជ័យ ការអរគុណចំពោះទឹកចិត្តសប្បុរស និងការឧបត្ថម្ភរបស់ពលរដ្ឋនៃក្រុម Wampanoagនោះ វាបានបំផុសគំនិតដល់លោក George Washington ឱ្យផ្តល់ដល់កងទ័ពរបស់លោកមួយថ្ងៃសម្រាប់ធ្វើការបន់ស្រន់និងអរគុណក្នុងពេលមានការប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីឯករាជ្យភាពរបស់អាមេរិក។ វាក៏បានជំរុញឱ្យលោក Abraham Lincoln ឱ្យប្រកាសពិធីបុណ្យរំឭកគុណ Thanksgiving ជាថ្ងៃបុណ្យជាតិដោយផ្តល់កិត្តិយសដល់អំណោយដែលអាមេរិកបានទទួល និងសុំឱ្យព្រះនាំយើងរួមគ្នាថែរក្សាគ្នាទៅវិញទៅមក និងផ្សះផ្សារប្រទេសជាតិរបស់យើង»។
សព្វថ្ងៃនេះ ពិធីបុណ្យរំឭកគុណ Thanksgiving គឺនៅតែបានធ្វើឡើងដោយការជួបជុំគ្រួសារ និងការបរិភោគអាហារជុំគ្នា។ អាហារពេលល្ងាចសម្រាប់ថ្ងៃឈប់សម្រាកនេះ គឺមាននូវបន្លែដែលសម្បូរនៅរដូវស្លឹកឈើជ្រុះ ប៉ុន្តែជំនួសឱ្យសាច់សត្វ និងសត្វស្លាបព្រៃ ពិធីនេះផ្តោតលើមាន់ turkey ដុត។
លោក Biden បានថ្លែងបន្ថែមទៀតថា៖ «ក្នុងពិធីបុណ្យរំឭកគុណ Thanksgiving នេះ ដែលនៅពេលដែលនៅក្នុងគេហដ្ឋាននៅទូទាំងសហរដ្ឋអាមេរិក ពោរពេញដោយសំណើច អាហារដែលគ្រួសារចូលចិត្ត និងការចែករំលែកសេចក្តីរីករាយជាមួយមិត្តភក្តិ និងសាច់ញាតិដែលបានជួបជុំគ្នាឡើងវិញនោះ យើងសូមយកពេលនេះថ្លែងអំណរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលល្អដែលកើតមាននៅក្នុងជីវិតរបស់យើង ហើយឆ្លុះបញ្ចាំងពីពរជ័យជាច្រើនដែលប្រទេសជាតិយើងបានទទួល»៕