តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងសន្និសីទកំពូលទ្វីបអាមេរិកក្នុងទីក្រុង Los Angeles លោកប្រធានាធិបតី Joe Biden បានប្រកាសផែនការសេដ្ឋកិច្ចថ្មីមួយមានឈ្មោះថា ភាពដៃគូក្នុងទ្វីបអាមេរិកសម្រាប់ភាពសំបូររុងរឿងសេដ្ឋកិច្ច។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ភាពដៃគូថ្មីនេះនឹងជួយសេដ្ឋកិច្ចនៃអឌ្ឍគោលខាងលិច«ឱ្យលូតលាស់ខ្លាំងជាងមុន»។
លោក Biden បានមានប្រសាសន៍ថា៖
«យើងត្រូវតែបំបែកភាពវិលវល់ឡើងចុះដដែលៗដែលសហគមន៍គេមិនសូវយកចិត្តទុកដាក់ មានការលំបាកខ្លាំងដោយសារមហន្តរាយ និងមានប្រភពធនធានតិចបំផុតដើម្បីរើបចេញពីវិបត្តិ និងប្រុងប្រៀបសម្រាប់មហន្តរាយបន្ទាប់ទៀត។ ជាមួយគ្នា យើងត្រូវតែបណ្តាក់ទុនសម្រាប់ធ្វើឱ្យប្រាកដថា ពាណិជ្ជកម្មរបស់យើងមានចីរភាព និងមានការទទួលខុសត្រូវ ព្រមទាំងបង្កើតសង្វាក់ផ្គត់ផ្គង់ជាប់លាប់ មានសុវត្ថិភាព និងមានចីរភាព»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ភាពដៃគូក្នុងទ្វីបអាមេរិកនឹងធ្វើឱ្យមានការបញ្ចូលរបៀបថ្មីៗ និងជួយរដ្ឋាភិបាលបំពេញភារកិច្ចខ្លួនសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
លោក Biden បានមានប្រសាសន៍ថា៖
«ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងរំពឹងថា រដ្ឋាភិបាលពួកគេនឹងផ្តល់ឱ្យពួកគេនូវឱកាស មានការងារដែលទទួលបានប្រាក់បៀវត្សរ៍សមរម្យ ការសិក្សាអប់រំសម្រាប់កូនៗពួកគេដើម្បីឱ្យកូនពួកគេអាចចម្រើនរុងរឿងតាមការប៉ិនប្រសប់របស់ពួកគេ ការធ្វើឱ្យសហគមន៍មានសុវត្ថិភាពជាងមុនសម្រាប់ឱ្យគ្រួសារពួកគេមានអារម្មណ៍ថា មានសុវត្ថិភាពនៅក្នុងផ្ទះពួកគេ និងដឹងថា សិទ្ធិពួកគេនឹងត្រូវគោរព»។
ដើម្បីជួយរដ្ឋាភិបាលនិងប្រជារាស្ត្រក្នុងអឌ្ឍគោលនេះឱ្យទទួលអត្ថប្រយោជន៍ពីការឱ្យខ្ចីប្រាក់សម្រាប់ធ្វើការអភិវឌ្ឍន៍ លោកប្រធានាធិបតី Biden បានស្នើឱ្យមានកំណែទម្រង់ជាមូលដ្ឋាននៃក្រុមធនាគារអភិវឌ្ឍន៍អន្តរទ្វីបអាមេរិក Inter-American Development Bank Group និងបង្កើនការផ្តល់ប្រាក់ឱ្យផ្នែកឯកជននៃធនាគារនេះដើម្បីជួយសម្រួលលំហូរមូលធនឯកជនទៅក្នុងតំបន់ ជាពិសេសសម្រាប់ក្រុមហ៊ុនដែលទើបចាប់ផ្តើមដំបូង។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ភាពដៃគូក្នុងទ្វីបអាមេរិកក៏នឹងដោះស្រាយវិបត្តិធាតុអាកាសដែរ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖
«នៅពេលខ្ញុំឮពាក្យ'អាកាសធាតុ' ខ្ញុំគិតអំពីការងារ គឺការងារមានប្រាក់បៀវត្សរ៍ច្រើន ការងារមានគុណភាពខ្ពស់ដែលនឹងពន្លឿនការផ្លាស់ប្តូររបស់យើងទៅកាន់សេដ្ឋកិច្ចបៃតងក្នុងពេលអនាគតដែលនាំឱ្យមានការលូតលាស់ដោយមានចីរភាព ការងារពាក់ព័ន្ធនឹងការអភិវឌ្ឍន៍និងផលិតថាមពលស្អាត ការងារពាក់ព័ន្ធនឹងការធ្វើមិនឱ្យសេដ្ឋកិច្ចលូតលាស់ដោយគ្មានសារធាតុកាបោន ការងារពាក់ព័ន្ធនឹងការការពារជីវចម្រុះនៃអឌ្ឍគោលយើង ការងារដែលផ្តល់កិត្តិយសឱ្យយើងអាចចិញ្ចឹមគ្រួសារយើងបាន ផ្តល់ឱ្យពួកកូនៗរបស់យើងនូវជីវភាពល្អប្រសើរជាងមុន និងការគិតអំពីលទ្ធភាពទៅថ្ងៃអនាគត»។
លោកប្រធានាធិបតីបានប្រកាសថា «គ្មានហេតុផលអ្វីដែលអឌ្ឍគោលខាងលិចមិនគួរមានសន្តិសុខ ភាពសំបូររុងរឿង និងលទ្ធិប្រជាធិបតេយ្យទេ។ យើងមានឧបករណ៍ទាំងអស់ដែលយើងត្រូវការនៅក្នុងអឌ្ឍគោលយើងផ្ទាល់។ ប្រជារាស្ត្រយើងមានថាមភាព និងមានការបញ្ចូលរបៀបថ្មីៗ។ ប្រទេសជាតិរបស់ពួកយើងប្តេជ្ញាធ្វើការជាមួយគ្នាក្នុងភាពជាដៃគូ។ ហើយតំបន់របស់យើងមានការចាក់ស្រេះរួមបញ្ចូលគ្នាដោយសារចំណងជិតស្និទ្ធនៃគ្រួសារ និងមិត្តភាពឋិតថេរ»៕