តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថាមួយនៅក្នុងសេតវិមានក្នុងពេលកន្លងទៅថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដកកងទ័ពចុងក្រោយរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី១ ខែឧសភា ហើយនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ។
កាលពីជិត២០ឆ្នាំមុន កងកម្លាំងសហរដ្ឋអាមេរិក បានចូលទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបោសសំអាតឫសគល់នៃក្រុមឧទ្ទាម al-Qaida និងដើម្បីការពារកុំឲ្យមានការវាយប្រហារដោយអំពើភេរវកម្មក្នុងពេលអនាគត ដែលត្រូវរៀបចំក្នុងប្រទេសអាហ្វហ្កានីស្ថាននោះ។ លោកប្រធានាធិបតី Biden បានគូសបញ្ជាក់នៅក្នុងសុន្ទរកថានោះថា «គោលបំណងរបស់យើងមានភាពច្បាស់លាស់ណាស់។ បុព្វហេតុនេះ គឺត្រឹមត្រូវ។ ប៉ុន្តែនៅពេលនេះ «វាដល់ពេលវេលាហើយ ដែលកងទ័ពអាមេរិកកាំងទាំងនោះ ត្រូវវិលចូលប្រទេសវិញ»។
លោកបានថ្លែងបន្តថា ៖ «ការគំរាមកំហែងដោយអំពើភេរវកម្ម បានផ្លាស់ប្តូរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហេតុដូច្នេះការឆ្លើយតបរបស់សហរដ្ឋអាមេរិក ក៏ត្រូវតែផ្លាស់ប្តូរដែរ»។
លោក Biden បានថ្លែងទៀតថា៖ «ការគំរាមកំហែងដោយអំពើភេរវកម្ម លែងស្ថិតនៅតែមួយកន្លែងទៀតហើយ និងផ្លាស់ប្តូរទីកន្លែងនៅជុំវិញពិភពលោក ដែលក្នុងនោះ មានក្រុម al-Shabaab ក្នុងប្រទេសសូម៉ាលី ក្រុមឧទ្ទាម al Qaeda ក្នុងតំបន់ឧបទ្វីបអារ៉ាប់ ក្រុម al-Nusra ក្នុងប្រទេសស៊ីរី និងក្រុម ISIS បានព្យាយាមបង្កើតរដ្ឋឥស្លាម ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដោយបង្កើតនូវខ្សែបណ្តាញនៅក្នុងប្រទេសជាច្រើន ក្នុងទ្វីបអាហ្រ្វិក និងអាស៊ីផងដែរ»។
អាស្រ័យហេតុនេះ សហរដ្ឋអាមេរិក កំពុងកែសម្រួលយុទ្ធសាស្ត្រប្រឆាំងភេរវកម្មរបស់ខ្លួនឡើងវិញ។ នេះបើតាមការពន្យល់របស់លោកប្រធានាធិបតី Biden។
«យើងនឹងរៀបចំឡើងវិញនូវសមត្ថភាពប្រយុទ្ធប្រឆាំងភេរវកម្មរបស់យើង ក៏ដូចជាធនធានសំខាន់ៗរបស់យើងនៅក្នុងតំបន់ ដើម្បីរារាំងកុំឲ្យមានការងើបឡើងវិញនូវក្រុមភេរវកម្មផ្សេងៗ។ យើងនឹងដាក់ក្រុមតាលីបង់ឲ្យទទួលខុសត្រូវចំពោះការសន្យារបស់គេ ក្នុងការមិនអនុញ្ញាតឲ្យភេរវករណាមួយ ធ្វើការគំរាមកំហែង ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ចេញពីក្នុងទឹកដីប្រទេសអាហ្វហ្គានីស្ថាននោះទេ ។ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក៏បានធ្វើការសន្យាដូចគ្នានេះផងដែរ ចំពោះយើង។ ហើយយើងនឹងផ្តោតការយកចិត្តទុកដាក់យ៉ាងពេញលេញរបស់យើងលើការគំរាមកំហែងដែលយើងប្រឈមសព្វថ្ងៃនេះ»។
លោកប្រធានាធិបតី Biden បានបង្ហាញពីការគោរពនិងគាំទ្រ ដល់សេចក្តីក្លាហាន និងសុចរិតភាព របស់កងកម្លាំងប្រដាប់អាវុធអាមេរិកទាំងបុរសនិងស្ត្រី ដែលបានបម្រើការងារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកប្រធានាធិបតី ក៏បានទទួលស្គាល់ផងដែរ នូវការរួមចំណែកនិងការធ្វើពលិកម្មរបស់ដៃគូនិងសម្ព័ន្ធមិត្តអាមេរិក ដែលបានឈរកៀកស្មាជាមួយអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជិត២០ឆ្នាំកន្លងទៅនេះ»។
លោកប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់ច្បាស់ថា បើទោះបីជាសហរដ្ឋអាមេរិក ឈប់ពាក់ព័ន្ធនឹងសកម្មភាពយោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្តី ក៏អាមេរិកនៅតែបន្តផ្តល់ជំនួយដល់ប្រទេសនេះ។ លោកថ្លែងថា៖ «យើងនឹងនៅតែបន្តការគាំទ្រដល់រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន។ យើងនឹងបន្តផ្តល់ជំនួយគាំទ្រដល់កងកម្លាំងសន្តិសុខនិងការពារជាតិរបស់អាហ្វហ្គានីស្ថាន។
លោកប្រធានាធិបតីលើកឡើងថា ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក ក៏បានស្នើដល់ប្រទេសដទៃមួយចំនួនក្នុងតំបន់ ឲ្យជួយគាំទ្រប្រទេសអាហ្វហ្គានីស្ថាន ដែលក្នុងនោះរួមមាន ប្រទេសប៉ាគីស្ថាន រុស្ស៊ី ចិន ឥណ្ឌា និងតួកគី ដែលសុទ្ធសឹងតែនឹងបានទទួលផលប្រយោជន៍នៅក្នុងអនាគតដែលមានស្ថិរភាព សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។
លោកប្រធានាធិបតី Biden ថ្លែងបញ្ជាក់ថា៖ «សង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនដែលមានគម្រោងថា នឹងត្រូវបន្តដល់មនុស្សជាច្រើនជំនាន់នោះទេ។ យើងបានរងការវាយប្រហារ។ យើងបានធ្វើសង្គ្រាមដោយមានគោលបំណងច្បាស់លាស់។ យើងសម្រេចបាននូវគោលបំណងទាំងនោះហើយ។ មេភេរវករ Bin Laden ត្រូវបានសម្លាប់ ហើយសកម្មភាពរបស់ក្រុម al Qaeda បានចុះថមថយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ »៕