តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Joe Biden កាលពីពេលថ្មីៗនេះបានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ក្នុងការទៅបំពេញទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «ក្នុងអំឡុងអាណត្តិជាប្រធានាធិបតីរបស់ខ្ញុំ វាគឺជាគោលដៅរបស់សហរដ្ឋអាមេរិកក្នុងការស្ថាបនាភាពជាដៃគូដ៏ខ្លាំងក្លាមួយជាមួយប្រជាពលរដ្ឋនិងប្រទេសជាតិនានានៅទូទាំងទ្វីបអាហ្វ្រិក»។
ភាពជាមេដឹកនាំរបស់ទ្វីបអាហ្វ្រិកនឹងមានសារៈសំខាន់នៅពេលខាងមុខ ដោយសារតែមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤ នាក់នៅលើផែនដីនេះនឹងរស់នៅក្នុងទ្វីបនេះនៅត្រឹមឆ្នាំ ២០៥០។ វាអាស្រ័យលើមនុស្សជំនាន់បន្ទាប់នេះនៅក្នុងការពង្រីកលទ្ធភាពទទួលបានថាមពលស្អាត ដោះស្រាយការគំរាមកំហែងផ្នែកសុខភាពសាកល និងធ្វើឲ្យមានការកើនឡើងនូវចំនួនអ្នកមានជីវភាពធូរធារមធ្យមនៅលើពិភពលោក។
កាលពីពីរឆ្នាំមុន សហរដ្ឋអាមេរិកបានសន្យាផ្គត់ផ្គង់ប្រាក់ ៥៥ ពាន់លានដុល្លារនៅក្នុងការវិនិយោគថ្មីនៅទ្វីបអាហ្វ្រិក និងបានសន្យាកៀរគរអាជីវកម្មអាមេរិកឲ្យធ្វើយ៉ាងណាសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងថ្មីជាមួយនឹងដៃគូនានានៅទ្វីបអាហ្វ្រិក។ ផែនការនេះបានបង្ហាញឲ្យឃើញរួចហើយថាមានផ្លែផ្កាល្អ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «ប្រធានទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកជាង ២០ រូបនិងសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្ញុំបានធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកដើម្បីផ្តល់ប្រាក់វិនិយោគជាង ៤០ ពាន់លានដុល្លារក្នុងពេលកន្លងមក។ យើងបានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជិត ១.២០០ រវាងក្រុមហ៊ុនអាហ្វ្រិកនិងក្រុមហ៊ុនអាមេរិក និងរវាងក្រុមហ៊ុនអាមេរិកផ្ទាល់ ដែលមានតម្លៃសរុប ៥២ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំងការវិនិយោគក្នុងផ្នែកថាមពលព្រះអាទិត្យ ទូរគមនាគមន៍ ហិរញ្ញវត្ថុចល័ត ហេដ្ឋារចនាសម្ព័ន្ធ និងភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អាមេរិកផងដែរ»។
លោកប្រធានាធិបតី Biden បានប្រកាសថា៖ «ការប្រឡូកទាំងស្រុងលើទ្វីបអាហ្វ្រិកនេះមានន័យថាជាការធ្វើឱ្យប្រាកដថាទស្សនៈរបស់ភាគីអាហ្វ្រិកអំពីបញ្ហាសំខាន់បំផុតត្រូវបានរាប់បញ្ចូលនៅតុចរចា»។
លោកប្រធានាធិបតី Biden បានថ្លែងថា៖ «នៅក្រោមការដឹកនាំរបស់ខ្ញុំ សហរដ្ឋអាមេរិកបានធ្វើឱ្យសហភាពអាហ្វ្រិកក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេសសេដ្ឋកិច្ច G-20 ហើយយើងបានទទូចឱ្យមានតំណាងអាហ្វ្រិកកាន់តែច្រើនក្នុងចំណោមថ្នាក់ដឹកនាំនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងស្ថាប័នហិរញ្ញវត្ថុពិភពលោកនានា។ យើងក៏បានជំរុញផងដែរដើម្បីធ្វើឱ្យប្រាកដថាប្រទេសកំពុងអភិវឌ្ឍន៍មិនត្រូវជ្រើសរើសរវាងការសងបំណុលដែលគ្មាននិរន្តភាពនិងលទ្ធភាពនៃការវិនិយោគលើប្រជាពលរដ្ឋផ្ទាល់ខ្លួននោះទេ»។
លោកប្រធានាធិបតី Biden បានសន្យាថា៖ «សហរដ្ឋអាមេរិកបន្តក្លាយជាអ្នកផ្តល់ជំនួយមនុស្សធម៌និងជំនួយអភិវឌ្ឍន៍ដ៏ធំជាងគេបង្អស់នៅលើពិភពលោក។ ហើយជំនួយទាំងនេះនឹងបន្តកើនឡើង»។
លោកនិយាយដូច្នេះថា៖ «ខ្ញុំប្រកាសផ្ដល់ការគាំទ្រផ្នែកមនុស្សធម៌ថ្មីដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារសម្រាប់ពលរដ្ឋអាហ្វ្រិកណាដែលបានបង្ខំផ្លាស់ទីចេញពីផ្ទះសម្បែង [របស់ខ្លួន] ដោយសារគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រនិងអសន្តិសុខស្បៀងអាហារ។ ក៏ប៉ុន្តែ យើងដឹងថាមេដឹកនាំនិងពលរដ្ឋអាហ្វ្រិកកំពុងស្វះស្វែងរកលើសពីជំនួយទៅទៀត ដែលនោះគឺការវិនិយោគ។ ដូច្នេះហើយ សហរដ្ឋអាមេរិកកំពុងពង្រីកទំនាក់ទំនងរបស់យើងទាំងអស់នៅទូទាំងទ្វីបអាហ្វ្រិក ដែលមានតាំងពីការជួយជ្រោមជ្រែង ជំនួយ ការវិនិយោគ រហូតដល់ពាណិជ្ជកម្ម ដោយវិវត្តក្លាយពីអ្នកឧបត្ថម្ភទៅជាដៃគូដើម្បីជួយភ្ជាប់គម្លាតហេដ្ឋារចនាសម្ព័ន្ធ»។
លោកប្រធានាធិបតី Bidenបានមានប្រសាសន៍ទៀតថា សព្វថ្ងៃនេះ សហរដ្ឋអាមេរិកនិងប្រទេសអង់ហ្គោឡាកំពុងឈរប្រកៀកស្មាគ្នា ធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ៕