តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសឥណ្ឌា កំពុងប្រឈមនឹងការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនូវករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ហើយសហរដ្ឋអាមេរិកបានជួយដល់ប្រទេសនេះ ដែលជាដៃគូរបស់ខ្លួន។
ប្រទេសទាំងពីរ បានធ្វើការជាមួយគ្នាលើបញ្ហាសុខភាពសាកលអស់រយៈពេល ៧ ទសវត្សរ៍មកហើយ។ ជាងនេះទៀត ភាពសុប្បរសរបស់ប្រទេសឥណ្ឌាចំពោះសហរដ្ឋអាមេរិកនៅក្នុងដំណាក់កាលដំបូងៗនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅពេលដែលមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកហួសសមត្ថភាពរបស់ខ្លួនដែលអាចទ្រាំទ្របាន គឺត្រូវបានចងចាំទុក និងដឹងគុណ។
នៅក្នុងការបង្កើនការគាំទ្រដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាង១០០ លានដុល្លារ គិតមកទល់នឹងពេលនេះ។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ១១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានប្រកាសថា ជំនួយដឹកតាមយន្តហោះចំនួន៦ គ្រឿង ត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌារួចហើយក្នុងរយៈពេល៦ ថ្ងៃ។
លោក Price ថ្លែងដូច្នេះថា៖ «គ្រឿងផ្គត់ផ្គង់នៅក្នុងជំនួយដឹកតាមយន្តហោះទាំងនោះមានដូចជា ថ្នាំ remdesivir ២០.០០០ ឈុត ធុងខ្យល់អុកស៊ីសែនជិត ១.៥០០ ធុង ម៉ាស៊ីនចម្រាញ់ខ្យល់អុកស៊ីសែនចល័ត ៥៥០ គ្រឿង ប្រដាប់ធ្វើតេស្តរកវីរុសរហ័ស ១ លានសម្រាប់ ម៉ាស់ប្រភេទ N-95 ជិត ២ លាន ៥ សែនម៉ាស់ ប្រព័ន្ធចម្រាញ់ខ្យល់អុកស៊ីសែនទ្រង់ទ្រាយធំ ប្រដាប់ស្ទង់ជីបចរ និងគ្រឿងបរិក្ខារជាច្រើនទៀត»។
លោក Price បានបន្ថែមថា៖ «ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានរួមចំណែកថវិកាភ្លាមៗដើម្បីទិញម៉ាស៊ីនចម្រាញ់ខ្យល់អុកស៊ីសែនចល័តចំនួន ១.០០០ គ្រឿងបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា»។
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានជាអតិបរមា សហរដ្ឋអាមេរិកក៏ធ្វើការយ៉ាងជិតស្និទ្ធផងដែរជាមួយនឹងម្ចាស់ជំនួយផ្ទាល់នីមួយៗ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។
លោក Price បានលើកឡើងថា កន្លងមក វិស័យឯកជនបានប្ដេជ្ញាបរិច្ចាគជំនួយចំនួន ៤០០ លានដុល្លារទៀតដល់ប្រទេសឥណ្ឌា។ លោកបាននិយាយថា នេះគឺជាវិធានការមួយដែលសហរដ្ឋអាមេរិក «ពេញចិត្តនឹងឃើញយ៉ាងខ្លាំង»។
ដើម្បីគាំទ្រវិធានការរបស់សាកលលោកនៅក្នុងការបញ្ចប់ជំងឺកូវីដ១៩ លោក Andrew Slavitt ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ របស់សេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកក៏នឹងពិចារណាផងដែរអំពីជម្រើសនានា ដើម្បីចែករំលែកវ៉ាក់សាំងកូវីដ១៩ ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពជាមួយនឹងប្រទេសផ្សេងៗ នៅពេលដែលមានវ៉ាក់សាំងទាំងនោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកប្រធានាធិបតី Joe Biden និងអ្នកស្រីអនុប្រធានាធិបតី Kamala Harris ជឿជាក់យ៉ាងមុតមាំលើការការពារកម្មសិទ្ធិបញ្ញា ប៉ុន្តែនៅក្នុងកិច្ចការបញ្ចប់ជំងឺរាតត្បាតនេះ សហរដ្ឋអាមេរិក ក៏នឹងគាំទ្រផងដែរឲ្យមានការលើកលែងការការពារកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងកូវីដ១៩ នៅក្រោមអង្គការពាណិជ្ជកម្មពិភពលោក។
សហរដ្ឋអាមេរិករួមសាមគ្គីជាមួយនឹងប្រទេសឥណ្ឌា នៅពេលដែលប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងរលកនៃការឆ្លងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ហើយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ត្រីរដ្ឋាភិបាលឥណ្ឌា និងអ្នកជំនាញផ្នែកសុខភាពនានា ដើម្បីរកឲ្យឃើញនិងឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មីនៃវិបត្តិដែលកំពុងមានជាបន្តនេះ។
ដូចដែលលោក Price បាននិយាយដូច្នេះដែរ ការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការជួយប្រទេសឥណ្ឌាឆ្លុះបញ្ចាំងឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់លោកប្រធានាធិបតី Biden សម្រាប់សហរដ្ឋអាមេរិក «នៅក្នុងការបន្តធ្វើជាមេដឹកនាំ នៅពេលដែលមានវិបត្តិមនុស្សធម៌កើតឡើង និងជាមេដឹកនាំនៅពេលដែលមានវិបត្តិសុខភាពសាធារណៈជាសាកលកើតឡើង»៕