តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងមួយក្នុងនាមជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងរដ្ឋធានីកៀវ ដើម្បីបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាព បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន។
នៅក្នុងសន្និសីទកាសែតមួយជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖
«សហរដ្ឋអាមេរិក មានមោទនភាពនៅក្នុងការគាំទ្រអ្នក ដើម្បីធានានូវអនាគតមួយដ៏រុងរឿងនិងប្រកបដោយប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋទាំងអស់នៃប្រទេសនេះ»។
ដំណើរទស្សនកិច្ចរបស់លោក Blinken កាលពីដើមខែឧសភានេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានបង្កើនការពង្រាយកងទ័ពនៅតាមបណ្ដោយព្រំដែនរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ចាប់តាំងពីពេលដែលរុស្ស៊ីបានប៉ុនប៉ងភ្ជាប់តំបន់ Crimea កាលពីឆ្នាំ ២០១៤ មក។
នៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានបណ្ដាលឲ្យពលរដ្ឋអ៊ុយក្រែនជាង ១៣.០០០ នាក់ស្លាប់។ ការស្លាប់នេះ ក៏មានរួមបញ្ចូលនូវការស្លាប់ដែលបណ្ដាលមកពីការវាយប្រយុទ្ធគ្នារវាងកងទ័ពដែលដឹកនាំដោយរុស្ស៊ីនិងកងកម្លាំងទាហានអ៊ុយក្រែននៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ។
ទោះបីជាទាហានរុស្ស៊ីមួយចំនួន បានដកចេញពីព្រំដែនកាលពីពេលថ្មីៗនេះក៏ដោយ ក៏ឧបករណ៍យោធាធុនធ្ងន់និងកងកម្លាំងរុស្ស៊ីក្នុងចំនួនមួយដ៏ច្រើននៅតែមានវត្តមាននៅទីនោះដដែល។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «យើងកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់បំផុត»។
លោក Blinken បានបញ្ជាក់ថា លោកនឹងលោកប្រធានាធិបតី Zelenskiy បានពិភាក្សាអំពីការគាំទ្រដែលសហរដ្ឋអាមេរិកបានផ្ដល់ជូន ហើយនឹងបន្តផ្ដល់ជូន ដើម្បីពង្រឹងសន្តិសុខនិងការការពាររបស់ប្រទេសអ៊ុយក្រែន។
លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិក «បានពិចារណាយ៉ាងសកម្មលើការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខរបស់យើង និងជំនួយផ្នែកសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន»។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់យ៉ាងច្បាស់ថា បន្ថែមទៅនឹងការគំរាមកំហែងពីខាងក្រៅដែលបង្កឡើងដោយប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែនក៏ប្រឈមផងដែរនឹងការគំរាមកំហែងពីខាងក្នុង ដែលនោះគឺអំពើពុករលួយ។
នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍ លោករដ្ឋមន្ត្រី Blinken បាននិយាយថា អំពើពុករលួយ «ស៊ីរូង» លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអ៊ុយក្រែន។ លោកបានថ្កោលទោស «ក្រុមមនុស្សមួយក្ដាប់តូចដែលមានប្រាក់និងអំណាច ដែលកំពុងបង្កើនប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍របស់ប្រជាពលរដ្ឋអ៊ុយក្រែន»។
លោក Blinken បានសរសើរមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនសម្រាប់វិធានការផ្លូវច្បាប់សំខាន់ៗមួយចំនួន ដែលពួកគេបានធ្វើនៅក្នុងការអនុម័តលើរបៀបវារៈកំណែទម្រង់ ប៉ុន្តែលោកបានកត់សម្គាល់ឃើញថា ដំណើរវិវឌ្ឍទៅមុខបន្ថែមទៀតចាំបាច់ត្រូវធ្វើនៅក្នុងផ្នែកអភិបាលកិច្ចសាជីវកម្ម កំណែទម្រង់តុលាការ និងនៅក្នុងការធានាយ៉ាងណាឲ្យមានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយមួយដែលមានឯករាជ្យភាពពិតប្រាកដ។
លោកបាននិយាយថា ជំហានទាំងនេះគឺសំខាន់ខ្លាំងណាស់ដើម្បីធ្វើឲ្យប្រាកដថា រដ្ឋាភិបាលធ្វើអ្វីៗគឺដើម្បីបម្រើប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា សហរដ្ឋអាមេរិកប្រឆាំងនឹងអំពើពុករលួយ និងសកម្មភាពរបស់រុស្ស៊ីដែលធ្វើឲ្យអន្តរាយដល់ប្រទេសអ៊ុយក្រែនសម្រាប់ហេតុផលដូចគ្នា ដែលនោះគឺថា ទាំងអំពើពុករលួយនិងទាំងសកម្មភាពរបស់រុស្ស៊ីនេះ «បានដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋអ៊ុយក្រែន ដែលជាសិទ្ធិស្របច្បាប់របស់ពួកគេ នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តដោយខ្លួនឯង...ដើម្បីរៀបចំអនាគតប្រទេសរបស់ពួកគេ»។
លោករដ្ឋមន្ត្រី Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅលើមិត្តភាពនិងភាពជាដៃគូរបស់ខ្លួនជាមួយនឹងប្រទេសអ៊ុយក្រែន នៅក្នុងការធានាយ៉ាងណាឲ្យមានអនាគតប្រកបដោយប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន និងទន្ទឹងរង់ចាំគាំទ្របន្ថែមទៀតនូវភាពជាដៃគូនេះនៅពេលអនាគត៕