Accessibility links

Breaking News

វិចារណកថា៖ សហរដ្ឋ​អាមេរិក អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​កាសែត​នៅ​វៀតណាម


នៅក្នុង​រូបថត​ពី​បណ្តាញ​សង្គម​នេះ បង្ហាញ​ពី​អ្នកកាសែត​លោក Truong Chau Huu Danh បាន​ជួប​ជាមួយ​ប៉ូលិស កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
នៅក្នុង​រូបថត​ពី​បណ្តាញ​សង្គម​នេះ បង្ហាញ​ពី​អ្នកកាសែត​លោក Truong Chau Huu Danh បាន​ជួប​ជាមួយ​ប៉ូលិស កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋធម្មនុញ្ញ​វៀតណាម បាន​ចែង​ពី​សេរីភាព​នៃ​ការបញ្ចេញ​មតិ រួមទាំង​សារព័ត៌មាន​ផង​ដែរ។ ក៏ប៉ុន្តែ របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​កត់​សម្គាល់​ថា៖ «នៅ​ក្នុង​ការ​អនុវត្ត រដ្ឋាភិបាល​វៀតណាម​ មិន​បាន​គោរព​សិទ្ធិ​ទាំង​អស់​នេះ​ទេ»។ ក្រសួង​ការបរទេស​អាមេរិក បាន​សង្កេត​ឃើញ​ថា៖ «រដ្ឋាភិបាល​ក៏​បាន​បន្ត​ប្រើ​បញ្ញត្តិ​សន្តិសុខ​ជាតិ​និង​ការប្រឆាំង​ការ​បរិហាកេរ្តិ៍​ដើម្បី​រឹតត្បិត​លើ​សេរីភាព​នៃ​ការនិយាយ​ស្តី»។ បន្ថែម​ពី​នោះ​ទៀត របាយការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា៖ «ច្បាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ហាមឃាត់​ការកេង​ប្រយោជន៍​ពី​សេរីភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ដើម្បី​រំលោភ​លើ​ផលប្រយោជន៍​របស់​រដ្ឋ​ ឬ​សិទ្ធិ​ត្រឹមត្រូវ​តាម​ច្បាប់​និង​ផលប្រយោជន៍​របស់​អង្គការ​ ឬ​បុគ្គល»។

ក្នុង​ការ​ជំរឿន​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ខ្លួន គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នក​កាសែត បាន​រក​ឃើញ​ថា គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ២០២០ វៀតណាម​បាន​ឃុំឃាំង​អ្នក​កាសែត​យ៉ាង​តិចណាស់​ក៏ ១៥នាក់​ដែរ​ចំពោះ​ការបំពាញ​ការងារ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​លំដាប់​ទី២​ដែល​មាន​អ្នក​កាសែត​ជាប់​ពន្ធនាគារច្រើន​ជាង​គេ​នៅ​ក្នុង​ទ្វីប​អាស៊ី។

និន្នាការ​អកុសល​នេះ បាន​បន្ត​ចូល​ក្នុង​ឆ្នាំ២០២១​ទៀត។ កាលពី​ថ្ងៃ​ទី២៨ ខែ​តុលា តុលាការ​វៀតណាម​ បាន​ចោទប្រកាន់​អ្នក​កាសែត​៥នាក់​ពី​ការទាក់ទិន​ជាមួយ​ក្រុម Bao Sach ឬ​ក្រុម​អ្នកកាសែត​ស្អាត​ស្អំ ហើយ​បាន​កាត់ទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ចំពោះ​«ការ​រំលោភ​សេរីភាពប្រជាធិបតេយ្យ» នៅ​ក្រោម​មាត្រា​៣៣១ ​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក Troung Chau Huu Danh អ្នក​បង្កើត​ក្រុម Bao Sach បាន​ត្រូវ​តុលាការ​កាត់ទោសឲ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ ​៦ខែ។ លោក Doan Kien Giang និង​លោក Le The Thang បាន​ទទួល​ទោស៣ឆ្នាំក្នុងម្នាក់ៗ ខណៈ​ដែល​លោក Nguyen Phuoc Trung Bao និង​លោក Nguyen Thanh Nha បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ក្នុង​ម្នាក់ៗ។ បន្ថែម​ពី​នោះ អ្នក​ទាំង​៥នាក់​នោះ បាន​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​ជា​អ្នក​កាសែត​រយៈពេល​៣ឆ្នាំ​ទៀត ​បន្ទាប់​ពី​ការ​បញ្ចប់​រយៈពេល​ជាប់​ឃុំឃាំង​រួច។

ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «មាន​ការ​រំខាន​ចិត្តយ៉ាង​ខ្លាំង» អំពី​ការ​កាត់ទោស​នេះ។ លោក​បាន​និយាយ​ទៀត​ថា៖ «យើង​ដឹង​ថា ក្រុម​អ្នក​កាសែត​នេះ បាន​ផ្តោតលើ​សេចក្តី​រាយការណ៍បែប​ស៊ើប​អង្កេត​ស្តីពី​អំពើ​ពុករលួយ​ដែល​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​នោះ​ទេ។ ការកាត់ទោស​អ្នក​កាសែត​ទាំង៥​នាក់​នោះ ជាផ្នែក​មួយ​នៃ​និន្នាការ​ដ៏​គួរ​ឱ្យ​បារម្ភនៅ​ពេល​ថ្មីៗ​នេះ​នៃ​ការ​ឃុំឃាំង ​និង​ការ​កាត់ទោស​អ្នក​កាសែតនិង​ពលរដ្ឋ​វៀតណាមចំពោះ​ការ​អនុវត្ត​សិទ្ធិ​ខាងសេរីភាព​នៃការ​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​វៀតណាម។

លោក Price បាន​ប្រកាស​ថា៖ «សហរដ្ឋ​អាមេរិក អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម​ឲ្យ​គោរព​សេរីភាព​ទាំងអស់​នេះ ធ្វើការ​ដោះលែង​អ្នក​កាសែត​ទាំង៥នាក់​នោះ​ និង​អ្នក​ទាំង​ឡាយដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ ហើយ​អនុញ្ញាត​ឲ្យ​បុគ្គល​នានានៅ​ក្នុង​ប្រទេស​វៀតណាម​សម្តែង​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី​និង​គ្មាន​ការភ័យ​ខ្លាច​ពី​ការ​សងសឹក។ យើង​ជំរុញឲ្យ​រដ្ឋាភិបាល​វៀតណាមធ្វើ​ឲ្យ​ប្រាកដ​ថា ចំណាត់ការ​របស់​ខ្លួន​ស្រប​ទៅ​តាម​មាត្រាសិទ្ធិ​មនុស្ស​នៃ​រដ្ឋធម្មនុញ្ញ​របស់​វៀតណាម​ និង​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន៕

XS
SM
MD
LG