Accessibility links

Breaking News

បទវិចារណកថា៖ ស៊ូដង់ លុបចោល​ពហិការ​ប្រឆាំង​នឹង​អ៊ីស្រាអែល


រូបឯកសារ៖ នាយករដ្ឋ​មន្រ្តី​ប្រទេស​ស៊ូដង់​លោក Abdullah Hamdok នៅ​អគារ​ខុទ្ទកាល័យ​នៅ​ទីក្រុង Khartoum នៃ​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ នាយករដ្ឋ​មន្រ្តី​ប្រទេស​ស៊ូដង់​លោក Abdullah Hamdok នៅ​អគារ​ខុទ្ទកាល័យ​នៅ​ទីក្រុង Khartoum នៃ​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សា​អធិបតេយ្យ​ស៊ូដង់​និង​គណៈរដ្ឋមន្ត្រី​ស៊ូដង់​ បាន​បោះឆ្នោត​លុបចោល​ពហិការ​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល​រយៈពេល​ជាង ៦ ទសវត្សរ៍​កន្លង​មក​របស់​ខ្លួន។

ពហិការ​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល​នេះ កន្លង​មក​បាន​រារាំង​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​អ៊ីស្រាអែល ​និង​ហាម​ឃាត់​ទំនាក់ទំនង​អាជីវកម្ម​ណា​មួយ​ជាមួយ​នឹង​អ៊ីស្រាអែល។ ទណ្ឌកម្ម​សម្រាប់​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ជនជាតិ​អ៊ីស្រាអែល​មាន​រួម​ទាំង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១០ ឆ្នាំ និង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ផងដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​ប្រកាស​នេះ។ វា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​នឹង​បង្កើត​ឱកាស​ថ្មី​ប្រកប​ដោយ​ក្ដី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ស៊ូដង់ អ៊ីស្រាអែល និង​តំបន់​ទាំង​មូល»។

ការ​ប្រកាស​នេះ ​នាំ​ឲ្យ​ប្រទេស​ស៊ូដង់​និង​អ៊ីស្រាអែល​ងាក​កាន់តែ​ជិត​ទៅ​រក​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រក្រតី​ភាព​ឡើង​វិញ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មករា​លើ​កិច្ច​ព្រមព្រៀង Abraham ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

កាលពី​ខែ​សីហា ឆ្នាំ ២០១៩ ប្រជាពលរដ្ឋ​នៃ​ប្រទេស​ស៊ូដង់​ បាន​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​យូរ​អង្វែង​លោក Omar al-Bashir ពី​តំណែង។

ឥឡូវ​នេះ ប្រទេស​ស៊ូដង់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល​អន្តរកាល ដែល​មាន​គោល​បំណង​ភ្ជាប់​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​បស្ចិម​ប្រទេស និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន។

សេដ្ឋកិច្ច​ប្រទេស​ស៊ូដង់ ​បាន​រងគ្រោះ​រាប់​ទសវត្សរ៍​កន្លង​មក​ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក al-Bashir។ លោក al-Bashir បាន​ដឹកនាំ​ប្រទេស​ស៊ូដង់​តាំងពី​រដ្ឋប្រហារ​យោធា​ដែល​គាំទ្រ​ដោយ​ពួក​ឥស្លាម​និយម​កាលពី​ឆ្នាំ ១៩៨៩ រហូត​ដល់​ពេល​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទម្លាក់​ពី​តំណែង​នៅ​ឆ្នាំ ២០១៩។

ប្រទេស​ស៊ូដង់​ ក៏​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាត់ទុក​ថា​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​ផងដែរ​នៅ​ទសវត្សរ៍ ១៩៩០ ដោយសារ​ប្រទេស​នេះ​ បាន​ផ្ដល់​ទី​ជម្រក​ដល់​មេដឹកនាំ​ក្រុម​អាល់កៃដា (al-Qaeda) លោក Osama bin Laden និង​ភេរវជន​ដែល​គេ​តាម​ស្វែងរក​ចាប់​ខ្លួន​ផ្សេងៗ​ទៀត។

ជំហាន​ដែល​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ស៊ូដង់​បាន​ធ្វើ​ ដើម្បី​បញ្ចប់​ការ​គាំទ្រ​របស់​ប្រទេស​ស៊ូដង់​លើ​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​នានា បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​លុបចោល​ការ​ចាត់​ថ្នាក់​ប្រទេស​នេះ​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​នៅ​ខែ​ធ្នូ ឆ្នាំ២០២០។

កិច្ច​ព្រមព្រៀង​បន្ថែម​ទៀត​សម្រាប់​ធ្វើ​ឲ្យ​មាន​ប្រក្រតីភាព​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​មុន​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ប្រទេស​អេមីរ៉េត​អារ៉ាប់​រួម​និង​ប្រទេស​បារ៉ែន។ ប្រទេស​ម៉ារ៉ុក ​ក៏​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​អ៊ីស្រាអែល​ផងដែរ។

លោក Price បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​រីករាយ​នឹង​ស្វាគមន៍​យុគ​សម័យ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ស៊ូដង់​និង​អ៊ីស្រាអែល​នេះ។ សហរដ្ឋ​អាមេរិក​ ទន្ទឹង​រង់ចាំ​ឃើញ​ផ្លែផ្កា​ដែល​កើត​ចេញ​ពី​លទ្ធផល​នៃ​ការ​បញ្ចប់​ពហិការ​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល​នេះ»៕

XS
SM
MD
LG