តទៅនេះជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនបន្តអនុវត្តការទាមទារគ្មានមូលដ្ឋានត្រឹម ត្រូវដល់តំបន់ធំល្វឹងល្វើយនៃសមុទ្រចិនខាងត្បូង ហើយនិងព្យាយាមបំភិតបំភ័យបណ្តារដ្ឋនានានៅតាមឆ្នេរសមុទ្រដូចជាប្រទេសហ្វីលីពីន ប្រទេសជាច្រើនបានឈោងដល់ឆ្មាំការពារដែនសមុទ្រសហរដ្ឋអាមេរិកដើម្បីស្វែងការជួយឧបត្ថម្ភ។ នេះបើតាមឧត្តមនាវីឯកលោក Andrew Sugimoto មេបញ្ជាការរងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៃឆ្មាំការពារដែនសមុទ្រសហរដ្ឋអាមេរិក។
«យើងរំពឹងនឹងធ្វើការជាមួយប្រទេសនីមួយៗនៃបណ្តាប្រទេសទាំងនោះ។ យើងបានផ្លាស់ប្តូរធនធានខ្លះរបស់យើងទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសដើម្បីបំពេញតម្រូវការការតាំងចិត្តទាំងនោះ។ យើងកំពុងបញ្ជូននាវាមួយគ្រឿងហៅថានាវាជួយគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលចេញទៅកាន់ទីនោះដើម្បីធ្វើដំណើរជុំវិញប្រទេសជាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។ យើងមាននាវា ២គ្រឿងក្នុងពេលមួយឆ្នាំកន្លងមកនេះ ដែលបានស្ថិតនៅទីនោះដើម្បីធ្វើសមយុទ្ធជាមួយបណ្តាប្រទេសជាដៃគូទាំងអស់របស់យើងដូចជាកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន ហើយទើបកាលពីពេលថ្មីៗនេះ នាវាឆ្មាំការពារសមុទ្រឈ្មោះ Waeshe បានវិលត្រឡប់មកពីការយាមល្បាតប្រកបដោយជោគជ័យនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។
ជាងមួយឆ្នាំកន្លងមកនេះ ឆ្មាំការពារដែនសមុទ្ររបស់សហរដ្ឋអាមេរិក ជប៉ុននិងហ្វីលីពីនបានចូលសមយុទ្ធត្រីភាគី។ លោកបានថ្លែងទៀតថា៖
«ការធ្វើការជាមួយគ្នាកាលពីពេលថ្មីៗនេះ យើងបានធ្វើកិច្ចប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ ការណ៍នេះមិនមែនតែប្រទេសមួយទេដែលកំពុងព្យាយាមរុញទៅដល់ចំណុចរបស់ខ្លួននេះ ក៏ប៉ុន្តែ វាជាឧទាហរណ៍មួយដែលយើងទាំងអស់គ្នារួបរួមគ្នាដើម្បីលើកស្ទួយសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ដែលយើងស្វែងរកពីសារៈសំខាន់នៅក្នុងសមត្ថភាពរបស់យើងដើម្បីធ្វើពាណិជ្ជកម្ម ដើម្បីចិញ្ចឹមប្រជាពលរដ្ឋរបស់យើង ដើម្បីការពារសុវត្ថិភាពដល់ពួកគេនៅលើផ្ទៃទឹក និងការពារបរិស្ថាន។ ច្បាប់ទាំងអស់នោះជាមូលដ្ឋានដែលយើងអាចរួមរស់ដោយសន្តិវិធី ហើយនឹងធ្វើកិច្ចការទាំងនោះ»។
លោកឧត្តមនាវីឯក Sugimotoបានមានប្រសាសន៍ទៀតថា«មហាសមុទ្រជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅរបស់យើង»។
«យើងទាំងអស់គ្នាមានជាប់ទាក់ទិនទៅនឹងមហាសមុទ្រ។ ត្រីមិនបែងចែកព្រំដែនបានទេ។ ជាតិកខ្វក់ក៏គ្មានព្រំដែន។ មនុស្សជាតិរបស់យើងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដែលមិនខ្វល់ថា តើនរណាស្ថិតនៅទីនោះដើម្បីជួយគ្នាទៅវិញទៅមក។ ហើយយើងចាំបាច់បន្តធ្វើការជាមួយគ្នានៅពេលដែលសាកលលោកបន្តពង្រឹងឡើងវិញនូវច្បាប់ទាំងនោះដែលយើងពឹងផ្អែក»។
លោកឧត្តមនាវីឯក Sugimotoបានបន្តទៀតថា«យើងចាំបាច់បញ្ជូនកប៉ាល់ដោយសេរីទៅកាន់ទីកន្លែងណាដែលមានមហាសមុទ្រដែលជាផ្នែកមួយនៃសិទ្ធិរបស់ប្រទេសទាំងអស់នៅលើផែនដីនេះ»៕