តទៅនេះគឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃចន្ទសប្តាហ៍ទី១នៃខែកញ្ញា សហរដ្ឋអាមេរិកប្រារព្ធទិវាពលកម្ម ជាការអបអរដល់កម្មករនិងការរួមវិភាគទានរបស់ពួកគេដល់ការជោគជ័យរបស់សហរដ្ឋអាមេ រិក។
តាមសម្តីរបស់លោកប្រធានាធិបតី Joe Biden ពលរដ្ឋវណ្ណៈកណ្តាលបានស្ថាបនាសហរដ្ឋអាមេរិក និងសហជីពបានស្ថាបនាវណ្ណៈកណ្តាល។ មានការពិតយ៉ាងច្រើនក្នុងការលើកឡើងនេះ។
ចុងទសវត្សរ៍១៨៦០ ម៉ាស៊ីនបានចាប់ផ្តើមជំនួសពលកម្មដែលធ្វើដោយដៃនៅក្នុងតំបន់ជនបទនៃភាគឦសាន្តសហរដ្ឋអាមេរិក។ ដូច្នេះ ពួកបុរសដែលវិលត្រឡប់មកពីសមរភូមិសង្គ្រាមស៊ីវិលបានបោះបង់ជនបទទៅស្វែងរកការងារនៅក្នុងទីក្រុងដែលមានឧស្សាហកម្មរីកចម្រើនឆាប់រហ័ស។ នៅពេលជាមួយគ្នានោះដែរ ជនអន្តោប្រ វេសន៍យ៉ាងច្រើនបានមកដល់ មុនដំបូងគេមកពីទ្វីបអឺរ៉ុបដែលស្វះស្វែងរកការងារនិងឱកាសថ្មីៗ។
ក៏ប៉ុន្តែ ឱកាសទាំងនោះតាមពិតជារឿងពិបាកណាស់ ដោយសារពួកកម្មករផ្នែកឧស្សាហកម្មរាប់ពាន់នាក់បានធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍នៅក្នុងរោងចក្រនានា ដូចជារោងចក្រដែកថែបនិងអណ្តូងរ៉ែ ជារឿយៗនៅក្រោមស្ថានភាពយ៉ាប់យ៉ឺន ថែមទាំងប្រកបដោយគ្រោះថ្នាក់ទៀតផង។ ហើយនៅទីបញ្ចប់នៃថ្ងៃការងារ ប្រាក់ឈ្នួលរបស់ពួកគេស្ទើរមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ។
ដូច្នេះ ពួកគេបានចូលរួមសហជីពកម្មករ។ នៅពេលដែលសមាជិករីកកាន់តែធំឡើង សហជីពមានសមត្ថភាពចរចាប្រាក់ខែឱ្យបានប្រសើឡើងហើយនឹងធ្វើឱ្យប្រសើឡើងនូវស្ថានភាពការងារ។ ពួកគេបានរៀបចំបាតុកម្មនិងកូដកម្មនៅពេលចាំបាច់។
នៅក្នុងការប្រុងប្រៀបរៀបចំការបង្ហាញកម្លាំងបែបនេះដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៨៨២ កម្មករក្នុងក្រុងញូវយ៉ក ១ម៉ឺននាក់បានឈប់ពីការងារដោយមិនយកប្រាក់ខែហើយបានដើរបាតុកម្មពីសាលាក្រុងទៅកាន់ឧទ្យាននៅក្បែរនោះ តាំងពីពេលនោះមក។ ការចូលរួមលើកទី១នេះត្រូវបានគេចាត់ទុកជាទិវាឈប់សម្រាកអ្នកធ្វើការងារ។
គំនិតនៃទិវាដើម្បីអបអរកម្មករជារៀងរាល់ថ្ងៃបានទទួលការចាប់អារម្មណ៍ ហើយការដើរក្បួនប្រហាក់ប្រហែលគ្នានេះបានបន្តជារៀងរាល់ឆ្នាំ។
នៅទីបញ្ចប់ ១២ឆ្នាំក្រោយមក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៨៩៤ សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយដើម្បីធ្វើទិវាពលកម្មជាថ្ងៃសម្រាកជាតិដែលត្រូវបានប្រារព្ធនៅថ្ងៃចន្ទសប្តាហ៍ទី១នៅក្នុងខែកញ្ញា។
ក្នុងសម្តីរបស់លោកប្រធានាធិបតី Grover Cleveland ដែលបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះឱ្យក្លាយទៅជាច្បាប់ថា«មនោសញ្ចេតនាពិតប្រាកដរបស់ពលរដ្ឋអាមេរិកាំងដែលទទួលស្គាល់សេចក្តីថ្លៃថ្នូរនៃពលកម្មហើយជាការពិតគឺថាកិត្តិយ៌សនោះបានស្ថិតនៅជារៀងរហូត»។
លោកប្រធានាធិបតី Bidenបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា«នៅទិវាពលកម្មនេះ យើងគោរពសច្ចៈភាពនិងការឧទ្ទិសនិងសេចក្តីថ្លៃថ្នូររបស់កម្មករអាមេរិកាំងដែលធ្វើឱ្យប្រទេសជាតិរបស់យើងរុងរឿង»។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា«នៅទិវាពលកម្មនេះ យើងឈរសាមគ្គីជាមួយកម្មករទាំងអស់ដែលបានលើកស្ទួយប្រទេសជាតិយើងដល់កម្រិតខ្ពស់ថ្មីមួយនិងសហជីពទាំងអស់ដែលផ្តល់អំណាចនិងសំឡេងដល់កម្មករទាំងអស់»៕