តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
ស៊ូដង់ខាងត្បូងបានក្លាយជាប្រទេសថ្មីបំផុតនៅក្នុងពិភពលោកនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ ក៏ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ប្រទេសនេះមិនធ្លាប់មានការបោះឆ្នោតទេ។ តាមការគ្រោងទុកដំបូង ការបោះឆ្នោតលើកទីមួយត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ក៏ប៉ុន្តែម្តងហើយម្តងទៀត ការបោះឆ្នោតត្រូវបានពន្យារពេលដោយសារហេតុផលផ្សេងៗ។ ទីបំផុត កាលពី២ឆ្នាំមុន រដ្ឋាភិបាលបានកំណត់ពេលវេលានៃការបោះឆ្នោតនេះ គឺនៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងខណៈពេលនេះ ប្រទេសនេះបានរងទុក្ខវេទនាដោយសារសង្គ្រាមស៊ីវិលដ៏ឃោរឃៅដែលបានសម្លាប់មនុស្សប្រមាណជា ៤០០.០០០ នាក់ ហើយនៅតែស្ថិតក្នុងស្ថានភាពព្យាយាមរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួននិងប្រឈមនឹងអំពើហិង្សាដែលកើតឡើងជាបន្តបន្ទាប់ និទណ្ឌភាព និងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានថ្លែងថា៖ «ពេលវេលាដែលប្រជាពលរដ្ឋស៊ូដង់ខាងត្បូងគួរទទួលបានសន្តិភាព សន្តិសុខ និងសេរីភាពដែលពួកគេបានប្រយុទ្ធនិងទាមទារជាយូរមកហើយ ហើយដែលពួកគេសមនឹងទទួលបាននោះ បានកន្លងហួសទៅជាយូរហើយ»។
អ្នកស្រី Linda Thomas-Greenfield បានថ្លែងថា៖ «វាជារឿងសំខាន់ដែលមេដឹកនាំ និងភាគីនានានៅប្រទេសស៊ូដង់ខាងត្បូងចូលរួមក្នុងកិច្ចសន្ទនាជាបន្ទាន់ ហើយនាំយកពេលអន្តរកាលដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១១ មកដល់ទីបញ្ចប់ តាមរយៈការបោះឆ្នោតដោយសន្តិវិធី និងស្របច្បាប់»។
រដ្ឋាភិបាលស៊ូដង់ខាងត្បូងបានចាត់វិធានការវិជ្ជមានមួយចំនួន។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏សេចក្តីព្រាងច្បាប់ស្តីពីសេវាសន្តិសុខជាតិឆ្នាំ២០១៥ ដែលត្រូវបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ ដើម្បីអនុញ្ញាតឱ្យសេវាសន្តិសុខជាតិអាចចាប់ខ្លួន ឬឃុំខ្លួនមនុស្សដោយគ្មានដីកានោះ មិនស្ថិតនៅក្នុងចំណោមវិធានការវិជ្ជមានទាំងនោះទេ។
អ្នកស្រី Linda Thomas-Greenfield បានថ្លែងទៀតថា៖ «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ មិនមែនគ្រាន់តែជាអ្វីដែលកើតឡើងនៅថ្ងៃបោះឆ្នោតនោះទេ។ ការបោះ ឆ្នោតដោយសេរី និងយុត្តិធម៌ទាមទារឱ្យមានលំហផ្នែកស៊ីវិល និងនយោបាយបើកចំហជារៀងរាល់ថ្ងៃ អនុញ្ញាតឱ្យភាគីទាំងអស់ចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យប្រកបដោយអត្ថន័យ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តទៀតថា៖ «សហរដ្ឋអាមេរិក រួមជាមួយនឹងបេសកកម្មការទូតជាច្រើនផ្សេងទៀត មានការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រសិនបើសេចក្តីព្រាងច្បាប់ស្តីពីសេវាសន្តិសុខជាតិឆ្នាំ២០១៥ ត្រូវបានអនុម័តជាច្បាប់នោះ វានឹងអាចបំផ្លាញដល់បរិយាកាសនយោបាយ និងប្រជាពលរដ្ឋរបស់ប្រទេសនេះបន្ថែមទៀត។ តាមរយៈការអនុញ្ញាតឱ្យមានការចាប់ខ្លួនដោយគ្មានដីកា សេចក្តីព្រាងច្បាប់ស្តីពីសេវាសន្តិសុខជាតិឆ្នាំ២០១៥ នឹងរារាំងដល់សេរីភាពនៃការបញ្ចេញមតិ។ ហើយយើងជំរុញឱ្យរដ្ឋាភិបាលអន្តរកាលពិចារណាអំពីរឿងនេះឡើងវិញ»។
អ្នកស្រី Thomas-Greenfield បានថ្លែងទៀតថា៖ «លើសពីនេះទៅទៀត យើងមានការព្រួយបារម្ភអំពីការណ៍ដែលក្នុងរយៈពេលប្រាំខែកន្លងមកនេះ រដ្ឋាភិបាលអន្តរកាលបានយកពន្ធ និងយកកម្រៃលើសម្ភារផ្គត់ផ្គង់របស់អង្គការសហប្រជាជាតិ អង្គការមនុស្សធម៌ និងការទូត»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តថា៖ «ការយកពន្ធ និងយកកម្រៃទាំងនេះបានបង្ខំឱ្យកម្មវិធីស្បៀងអាហារពិភពលោកកាត់បន្ថយជើងហោះហើរដឹកសម្ភារផ្គត់ផ្គង់ផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិចំនួនពាក់កណ្តាល... សព្វថ្ងៃនេះ មនុស្សជាង៨លាននាក់កំពុងជួបប្រទះបញ្ហាអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលចំនួននេះអាចនឹងបន្តកើនឡើង ខណៈដែលជនភៀសខ្លួនស៊ូដង់កាន់តែច្រើនរត់ចេញពីភាគខាងត្បូងប្រទេស»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្ថែមថា៖ «តាមរយៈការបោះឆ្នោតដែលអាចកើតឡើងទាំងពីរក្នុងពេលខាងមុខនេះ …ស៊ូដង់ខាងត្បូងគឺស្ថិតនៅលើផ្លូវបំបែកដ៏សំខាន់មួយ។ អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បាននិយាយទៀតថា រដ្ឋាភិបាលអន្តរកាលមានឱកាសជ្រើសរើសយករវាងសន្តិភាពនិងវិបុលភាព និងការភ័យខ្លាចនិងការអស់សង្ឃឹម។ យើងអំពាវនាវឱ្យពួកគេធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ»៕