Accessibility links

Breaking News

បទ​វិចារណកថា៖ អ៊ីរ៉ង់​រង​ការ​រិះគន់​ថា ​ខ្វះ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ទីភ្នាក់ងារ IAEA


រូបឯកសារ៖ រ៉េអាក់ទ័រ​ស្រាវជ្រាវ​នុយក្លេអ៊ែរ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ថាមពល​បរមាណូ​​​នៃ​ប្រទេស​អ៊ីរ៉ង់។
រូបឯកសារ៖ រ៉េអាក់ទ័រ​ស្រាវជ្រាវ​នុយក្លេអ៊ែរ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ថាមពល​បរមាណូ​​​នៃ​ប្រទេស​អ៊ីរ៉ង់។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្រុមប្រឹក្សា​នាយក​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) បាន​បោះឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​លើសលប់​រិះគន់​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ថា​ បាន​បរាជ័យ​នៅ​ក្នុង​ការ​ឆ្លើយតប​ឱ្យ​បាន​ពេញលេញ​ចំពោះ​សំណួរ​អំពី​ដាន​នៃ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដែល​គេ​បាន​រក​ឃើញ​នៅ​ទីតាំង៣កន្លែង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​គេ​មិន​ទាន់​ប្រកាស​នៅ​ឡើយ។

ការបោះឆ្នោត​នេះ ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី៨ ខែ​មិថុនា​កន្លង​ទៅ​នេះ បន្ទាប់ពី​ប្រធាន​ទីភ្នាក់ងារ IAEA លោក Rafael Grossi បាន​បញ្ជូន​របាយការណ៍​មួយ​ទៅ​កាន់​ក្រុមប្រឹក្សា​នាយក​នៃ​ទីភ្នាក់ងារ IAEA នេះ ដោយ​លើកឡើង​អំពី​កង្វះ​កិច្ច​សហប្រតិបត្តិការ​របស់​អ៊ីរ៉ង់​ជាមួយ​នឹង​ការស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ IAEA ទាក់ទិន​នឹង​បញ្ហា​នេះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី៦ ខែ​មិថុនា​ កន្លង​ទៅ​នេះ លោក​អគ្គ​នាយក Grossi បាន​និយាយ​ថា៖ «ប្រទេស​អ៊ីរ៉ង់​មិន​បាន​ផ្ដល់​ការ​ពន្យល់​ណា​មួយ​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​តាម​លក្ខណៈ​ជាក់ស្ដែង​ទាក់ទិន​នឹង​ការរក​ឃើញ​របស់​ទីភ្នាក់ងារ IAEA នៅ​ឯ​ទីតាំង៣កន្លែង​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​គេ​មិន​ទាន់​ប្រកាស​នោះ​ទេ»។

លោក Grossi ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ អ៊ីរ៉ង់​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​នូវ«បរិមាណ​ដ៏​ច្រើន​គួរសម»មួយ​នៃ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដែល​មាន​គុណភាព​ខ្ពស់។

ប្រទេស​ចំនួន៣០ក្នុង​ចំណោម​ប្រទេស​ចំនួន៣៥បាន​បោះឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​របស់​ទីភ្នាក់ ងារ IAEA នេះ។ ប្រទេស២គឺ​រុស្ស៊ី​និង​ចិន​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ ហើយ​ប្រទេស៣ គឺ​ឥណ្ឌា ប៉ាគីស្ថាន និង​លីប៊ី​បាន​បោះឆ្នោត​អនុបវាទ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ជាមួយ​នឹង​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក ប្រទេស​អាល្លឺម៉ង់​ និង​ចក្រភព​អង់គ្លេស បាន​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​ទីភ្នាក់ងារ IAEA «ដែល​ឆ្លើយតប​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​មិន​ពេញលេញ​របស់​ប្រទេស​អ៊ីរ៉ង់​ជាមួយ​នឹង​ទីភ្នាក់ងារ IAEA លើ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​នៅ​សេសសល់​នានា​ផ្នែក​បង្ការ​ទាក់ទិន​នឹង​កាតព្វកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ការពារ​ដែល​តម្រូវ​ដោយ​សន្ធិសញ្ញា​នៃ​ការមិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់»។

ប្រទេស​ទាំង៤ខាង​លើ​បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង​ភាគ​ច្រើន​លើសលប់​លើ​សេចក្ដី​សម្រេច​នេះ «បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់លាស់​មួយ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ថា អ៊ីរ៉ង់​ត្រូវតែ​គោរព​តាម​កាតព្វកិច្ច​ផ្នែក​បង្ការ​របស់​ខ្លួន​ និង​ផ្ដល់​នូវ​ការ​បញ្ជាក់​ដែល​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​តាម​លក្ខណៈ​ជាក់ស្ដែង​លើ​បញ្ហា​ផ្នែក​បង្ការ​ដែល​នៅ​សេសសល់​នានា»។

សហរដ្ឋ​អាមេរិក ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​បាន​ជំរុញ​ប្រទេស​អ៊ីរ៉ង់​ឱ្យ «យក​ចិត្ត​ទុកដាក់​លើ​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​បំពេញ​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​និង​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ទីភ្នាក់ងារ IAEA នៅ​ក្នុង​ការ​បញ្ជាក់​ឱ្យ​បាន​ពេញលេញ​និង​ដោះស្រាយ​បញ្ហា​នានា​ដោយ​មិន​មាន​ការ​ពន្យារពេល​បន្ថែម»។

ការអនុម័ត​លើ​សេចក្ដី​សម្រេច​របស់​ទីភ្នាក់ងារ IAEA នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ជាប់​គាំង​នៃ​ការ​ចរចា​រវាង​ប្រទេស​អ៊ីរ៉ង់​ជាមួយ​នឹង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង៥នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រួម​ជាមួយ​នឹង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ អំពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​សហរដ្ឋ​អាមេរិក​និង​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​ព្រម ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ពី​មុន​ថា «ផែនការ​សកម្មភាព​ទូលំទូលាយ​រួម (JCPOA)»។

ការ​ពិភាក្សា​ពេញ​មួយ​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​វីយែន​នៃ​ប្រទេស​អូទ្រីស​បាន​ជាប់​គាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ទាក់ទិន​នឹង​បញ្ហា​ដែល​មិន​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ​ដែល​មិន​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karine Jeanne-Pierre បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចាត់ទុក​បញ្ហា​របស់​ទីភ្នាក់ងារ IAEA ផ្នែក​បង្ការ​នុយក្លេអ៊ែរ​ថា​ ជា​បញ្ហា​សម្រាប់​ការចរចា​ដាច់​ដោយ​ឡែក​ពី​ការ​ចរចា​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រួម​ជាមួយ​នឹង​ប្រទេស​អាល្លឺម៉ង់។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «មាន​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ​ដោយ​មាន​ការ​យល់ព្រម​ទៅ​វិញ​ទៅ​មក ដោយ​មិន​ចាំ បាច់​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នានា។ កិច្ច​ព្រមព្រៀង​នោះ​គឺ​មាន​សម្រាប់​ប្រទេស​អ៊ីរ៉ង់។ ប្រទេស​អ៊ីរ៉ង់​គួរតែ​ទទួល​យក​កិច្ច​ព្រមព្រៀង​នោះ»៕

XS
SM
MD
LG