តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្នុងពេលជាងបីឆ្នាំកន្លះ ក្រោយខ្លួនបានបិទព្រំដែនដើម្បីបញ្ចៀសការរាតត្បាតជំងឺកូវីដ១៩ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬប្រទេសកូរ៉េខាងជើងបានបើកព្រំដែនដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្លួនវិលមកកាន់ប្រទេសវិញ។ អ្នករាយការណ៍ពិសេសអ.ស.ប.ស្តីពីសិទ្ធិមនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោកស្រី Elizabeth Salmon បាននិយាយថា៖ «ទោះជាការណ៍នេះកំណត់ជំហានដំបូងសម្រាប់ពិនិត្យមើលការរឹតត្បិតរបស់រដ្ឋាភិបាលលើសេរីភាពនៃការធ្វើដំណើរក៏ដោយ ក៏វានាំឱ្យមានកង្វល់អំពីមាតុភូមិនិវត្តន៍ដោយបង្ខំនៃក្រុមជនរត់ចោលស្រុកដែលភាគច្រើនជាស្ត្រី»។ លោកស្រីបានព្រមានថា ការវិលត្រឡប់ទៅប្រទេសវិញនៃជនទាំងនេះអាចនាំឱ្យពួកគេរងការធ្វើទារុណកម្ម អំពីហិង្សាខាងភេទ ឬការសម្លាប់ក្រៅប្រព័ន្ធតុលាការ។
ទោះជានៅក្នុងពេលគ្មានការរាតត្បាតជំងឺក៏ដោយ ក៏ស្ត្រីនិងនារីនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រឈមនឹងការលំបាកខ្លាំងក្លា។ សិទ្ធិរបស់ពួកគេនៅតែត្រូវបំផ្លាញតទៅទៀត សំឡេងរបស់ពួកគេត្រូវបានបំបិទ។ អ្វីដែលសំខាន់នោះ គឺសំឡេងរបស់ស្ត្រីត្រូវបានផាត់ចេញពីការពិភាក្សាសម្រាប់ដោះស្រាយជម្លោះ ដោយធ្វើឱ្យខូចខាតដល់ដំណើរការធ្វើឱ្យមានភាពប្រក្រតី។
អ្នករាយការណ៍ពិសេស លោកស្រី Salmon បានព្រមានថា «នឹងគ្មានសន្តិភាពទេ ប្រសិនបើសិទ្ធិស្ត្រីនៅតែត្រូវបំផ្លាញ» ហើយលោកស្រីបានអំពាវនាវឱ្យមាន«ការចូលរួមរបស់ស្ត្រី»ក្នុងការស្វែងរកសន្តិភាពរវាងប្រទេសកូរ៉េទាំងពីរ និងកិច្ចប្រឹងប្រែងខាងសន្តិសុខ។
លោកស្រី Lisa Carty អ្នកតំណាងនៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ចអ.ស.ប.បាននិយាយថា៖ «ខ្ញុំអាចគិតដល់ប្រទេសមួយចំនួនតូចដែលជាការសំខាន់ពិតប្រាកដក្នុងការដំឡើងសំឡេងស្ត្រីឱ្យបានខ្លាំងពេញលេញ»។
លោកស្រីបានថ្លែងទៀតថា៖ «យើងត្រូវរំខានខ្លាំងដោយសាររបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស មានរួមអំពើហិង្សាខាងយេនឌ័រផងដែរ។ ស្ត្រីនិងកុមារីអាចរងគ្រោះដោយងាយដោយសារអំពើហិង្សាខាងភេទ ការបង្ខំឱ្យរំលូតកូន ការឃុំឃាំងតាមតែអំពើចិត្ត និងការបង្ខំឱ្យធ្វើការជាទម្ងន់»។
ជាការពិត ការរំលោភសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ «មានជាប្រព័ន្ធ រាលដាល និងដោយកម្រោល»។ ការពិតជាក់ស្តែងគឺថា «អំពើឃោរឃៅខ្លះមិនអាចនិយាយបាន»ប្រព្រឹត្តដោយរបបគ្រប់គ្រងនេះប្រឆាំងនឹងពលរដ្ឋខ្លួនឯងផ្ទាល់អាចកើនឡើងដល់កម្រិតនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោកស្រីឯកអគ្គរដ្ឋទូត Carty បាននិយាយថា៖ «ការរំលោភសិទ្ធិមនុស្សរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មានជាប់ទាក់ទិនជាមួយកម្មវិធីអាវុធរបស់ប្រទេសនេះ ពីព្រោះវាអាចធ្វើឱ្យមានការផលិតអាវុធមហាប្រល័យខុសច្បាប់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងកម្មវិធីមីស៊ីលផ្លោងផងដែរ ដែលបានបង្វែរមួយភាគធំនៃប្រភពធនធានទៅកាន់ការផលិតអាវុធ»។
លោកស្រីបានថ្លែងថា៖ «សហរដ្ឋអាមេរិកនៅតែបន្តអំពាវនាវឱ្យមានការបញ្ឈប់ការរំលោភទាំងនេះជាបន្ទាន់ និងធ្វើឱ្យពួកអ្នកប្រព្រឹត្តល្មើសមានការទទួលខុសត្រូវខ្ពស់ និងសុំឱ្យមានយុត្តិធម៌សម្រាប់ពួកអ្នកនៅរស់រានមានជីវិតផងដែរ»។
លោកស្រីឯកអគ្គរដ្ឋទូត Carty បានពោលថា៖ «សហរដ្ឋអាមេរិកនឹងបន្តឈរតំណាងឱ្យសេរីភាពជាមូលដ្ឋានសម្រាប់ប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ»៕