តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងវិធានការបង្កហេតុដ៏ខ្លាំងក្លាមួយ របបសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានបាញ់មីស៊ីលស្វ័យនាំផ្លូវយុទ្ធសាស្ត្រពីនាវាមុជទឹកកាលពីថ្ងៃទី ១២ ខែមីនាកន្លងទៅនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកដែលជិតចេញពីតំណែងលោក Ned Price បានព្រមានថា វិធានការទាំងនេះមានតែធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងក្លាឡើងថែមទៀតតែប៉ុណ្ណោះនៅក្នុងតំបន់។
លោក Price ថ្លែងដូច្នេះថា៖ «ការសាកល្បងមីស៊ីលស្វ័យនាំផ្លូវដោយមិនប្រកាសជាមុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺជាឧទាហរណ៍មួយទៀតនៃវិធានការរបស់ប្រទេសនេះដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ វិធានការទាំងនេះក៏បង្កជាហានិភ័យដែលមិនអាចទទួលយកបានចំពោះសុវត្ថិភាពនៃការហោះហើរស៊ីវិលនិងចំពោះប្រតិបត្តិការនៅតាមសមុទ្រផងដែរ»។
លោក Price បានបញ្ជាក់អះអាងថា ការធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរនៅតែជាគោលបំណងរួមរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។
សហរដ្ឋអាមេរិក រួមជាមួយនឹងសាធារណរដ្ឋកូរ៉េនិងប្រទេសជប៉ុនមានចក្ខុវិស័យរួមគ្នាអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរីនិងបើកចំហ។ នេះបើតាមការបញ្ជាក់របស់លោក Price។
លោក Price បានថ្លែងដូច្នេះថា៖ «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានបង្កបញ្ហាប្រឈមជាបន្តចំពោះរបៀបរៀបរយដែលផ្អែកលើច្បាប់និងចំពោះចក្ខុវិស័យនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរីនិងបើកចំហ។ ដោយសារយើងនៅតែបន្តឃើញមានការបង្កហេតុទាំងនេះ យើងនឹងធ្វើការជាមួយនឹងដៃគូរបស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយនឹងដៃគូរបស់យើងនៅផ្នែកម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិកដើម្បីធ្វើឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េទទួលខុសត្រូវ»។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីបង្ក្រាបលើការគេចវេះពីការដាក់ទណ្ឌកម្មនិងដើម្បីតាមរកទីដៅដែលគាំទ្រកម្មវិធីអាវុធប្រល័យលោកនិងមីស៊ីលផ្លោងរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េក៏ជាកម្មវត្ថុនៃសេចក្ដីសម្រេចមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដោយសារការបង្កហេតុរបស់ប្រទេសនេះកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ សេចក្ដីសម្រេចនីមួយៗក្នុងចំណោមសេចក្ដីសម្រេចទាំងនេះត្រូវបានបោះឆ្នោតនិងអនុម័តដោយសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Price បានលើកទឹកចិត្តសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យចាត់វិធានការរួមគ្នាម្ដងទៀតប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
លោក Price ថ្លែងដូច្នេះថា៖ «វាជាការចាំបាច់ដែលសមាជិកទាំង ៥ [នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ] ដែលក្នុងនោះរួមមានទាំងប្រទេសរុស្ស៊ីនិងសាធារណរដ្ឋប្រជាមានិតចិនផងដែរ...គោរពតាមការតាំងចិត្តដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដែលមិនត្រូវបានធ្វើឱ្យទទួលខុសត្រូវ ដែលអាចបង្ករឿងទាំងនេះដោយគ្មានការចាត់វិធានការពីសហគមន៍អន្តរជាតិ គឺមិនមែនជាអ្វីដែលរុស្ស៊ីចង់បាន មិនមែនជាអ្វីដែលចិនចង់បាន និងមិនមែនជាអ្វីដែលប្រទេសទាំងអស់នៅលើពិភពលោកចង់បាន»។
សហរដ្ឋអាមេរិកនឹងបន្តធ្វើឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េទទួលខុសត្រូវ ហើយស្របពេលនោះដែរតាំងចិត្តជាថ្មីចំពោះសន្តិសុខនិងការការពារសម្ព័ន្ធមិត្តរបស់ខ្លួនតាមរយៈសន្ធិសញ្ញាជាមួយប្រទេសទាំងនោះ៕