តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មហាសន្និបាតអ.ស.ប. បានបោះឆ្នោតព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.។ នេះជាលើកទីពីរដែលរដ្ឋមួយត្រូវបានបោះឆ្នោតព្យួរសមាជិកភាពបែបនេះ ហើយជាលើកដំបូងដែលសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខត្រូវបានព្យួរសមាជិកភាព។
សេចក្តីសម្រេចដែលត្រូវបានអនុម័តក្នុងការបោះឆ្នោតមានការគាំទ្រ៩៣សំឡេងទល់នឹង២៤ និងសំឡេងអនុប្បវាទ៥៤នេះ បានសម្តែង«កង្វល់ខ្លាំងអំពីវិបត្តិសិទ្ធិមនុស្សក្នុងប្រទេសអ៊ុយក្រែន ជាពិសេសអំពីរបាយការណ៍ស្តីពីការរំលោភលើសិទ្ធិមនុស្សនិងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដោយសហព័ន្ធរុស្ស៊ី ដែលមានរួមបញ្ចូលការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
ការផ្តើមគំនិតដើម្បីព្យួរសមាជិកភាពរុស្ស៊ីត្រូវបាននាំមុខដោយប្រទេសអ៊ុយក្រែនជាមួយដៃគូមកពីគ្រប់តំបន់ក្នុងពិភពលោក ដោយមានរួមបញ្ចូលស.រ.អ. ផង នៅក្រោយមានរូបភាពដ៏តក់ស្លុតអំពីការធ្វើទារុណកម្មជនស៊ីវិល និងការប្រហារជីវិតមនុស្សនៅក្រុង Bucha និងក្រុងឯទៀតនៅជិតក្រុងកៀវក្រោយពីការដកថយនៃកងកម្លាំងរុស្ស៊ីពីតំបន់នោះ។
ក្រោយពីការបោះឆ្នោតប្រកបដោយជោគជ័យនោះមក លោកស្រីឯកអគ្គរដ្ឋទូតស.រ.អ.ប្រចាំអ.ស.ប. Linda Thomas-Greenfield បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ សហគមន៍អន្តរជាតិបានបោះជំហានរួមគ្នាមួយក្នុងទិសដៅត្រឹមត្រូវ។ យើងបានធ្វើឱ្យប្រាកដថា អ្នករំលោភលើសិទ្ធិមនុស្សជានិច្ចជាកាលនិងឃោរឃៅមិនត្រូវបានអនុញ្ញាតឱ្យកាន់តំណែងជាមេដឹកនាំខាងសិទ្ធិមនុស្សនៅអ.ស.ប. ទេ។ ចូរយើងបន្តឱ្យរុស្ស៊ីទទួលខុសត្រូវដល់សង្គ្រាមគ្មានការបង្ករឿង មិនយុត្តិធម៌ និងគ្មានសម្បជញ្ញៈនេះតទៅទៀត»។
ស.រ.អ. បានវាយតម្លៃថា ក្រុមសមាជិកនៃកងកម្លាំងរបស់លោក Vladimir Putin បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ហើយស.រ.អ.ធ្វើការជាមួយពួកសម្ព័ន្ធមិត្តនិងក្រុមដៃគូដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់គណៈកម្មការស៊ើបអង្កេតនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីប្រមូលភ័ស្តុតាងសម្រាប់ឱ្យក្រុមអ្នកប្រព្រឹត្តល្មើសអំពីឧក្រិដ្ឋកម្មសង្គ្រាមមានការទទួលខុសត្រូវ។
ដោយសរសើរការបោះឆ្នោតរបស់មហាសន្និបាតអ.ស.ប.ដើម្បីព្យួរសមាជិកភាពរុស្ស៊ីក្នុង UNHRC រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានមានប្រសាសន៍ថា៖ «ការធ្វើខុសមួយត្រូវបានធ្វើឱ្យត្រូវវិញហើយ។ ភាពឃោរឃៅដែលពិភពលោកបានឃើញហាក់ដូចជាភ័ស្តុតាងថែមទៀតនៃឧក្រិដ្ឋកម្មសង្គ្រាម ដែលជាការបញ្ជាក់មួយទៀតថា រុស្ស៊ីគ្មានកន្លែងនៅក្នុងអង្គការមួយដែលបំណងចម្បងគឺឧបត្ថមការគោរពសិទ្ធិមនុស្សទេ»។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា ការបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី«ពិភពលោកបញ្ជូនសញ្ញាច្បាស់លាស់មួយទៀតថារុស្ស៊ីត្រូវតែបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនជាបន្ទាន់និងគ្មានលក្ខខ័ណ្ឌនិងគោរពគោលការណ៍មានចែងក្នុងធម្មនុញ្ញអ.ស.ប.។ សហគមន៍អន្តរជាតិនឹងបន្តឱ្យរុស្ស៊ីទទួលខុសត្រូវ...ហើយស.រ.អ.នឹងបន្តឈរជាមួយប្រជារាស្ត្រអ៊ុយក្រែននៅពេលពួកគេប្រយុទ្ធដើម្បីអធិបតេយ្យភាព លទ្ធិប្រជាធិបតេយ្យនិងសេរីភាពរបស់ពួកគេ»៕