តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងប្រទេសស៊ីរី បន្ទាប់ពី ៥០ ឆ្នាំនៃការគ្រប់គ្រងដោយកណ្ដាប់ដៃដែករបស់ក្រុមគ្រួសារលោកប្រធានាធិបតី Bashar al-Assad និង ១៣ ឆ្នាំនៃសង្គ្រាមស៊ីវិលមក របបដឹកនាំរបស់លោក Assad បានដួលរលំ។ ក្នុងរយៈពេលជាងមួយសប្តាហ៍បន្តិចបន្តួចតែប៉ុណ្ណោះ កងកម្លាំងឧទ្ទាមអ៊ិស្លាមបានដណ្តើមកាន់កាប់យ៉ាងលឿននូវទីក្រុង Aleppo ទីក្រុង Homs និងរដ្ឋធានីដាម៉ាស នៅពេលដែលកងទ័ពរដ្ឋាភិបាលបានដកចេញហើយលោក Assad បានរត់គេចខ្លួនចេញពីប្រទេស។
នៅឯសេតវិមាន លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា៖ «របបនេះបានប្រព្រឹត្តអំពើព្រៃផ្សៃ ធ្វើទារុណកម្ម និងសម្លាប់ជនស្លូតត្រង់ស៊ីរីរាប់សែននាក់»។ លោកប្រធានាធិបតី Biden បានហៅការដួលរលំរបស់របបនោះថាជា «សកម្មភាពជាសារវន្តនៃយុត្តិធម៌»។
លោកប្រធានាធិបតី Bidenមានប្រសាសន៍ថា៖ «វាជាដំណាក់កាលនៃឱកាសជាប្រវត្តិសាស្រ្តមួយសម្រាប់ប្រជាជនស៊ីរីដែលរងការឈឺចាប់ជាយូរមកហើយដើម្បីស្ថាបនាអនាគតដ៏ប្រសើមួយសម្រាប់ប្រទេសជាមោទនភាពរបស់ពួកគេ។ វាក៏ជាដំណាក់កាលនៃហានិភ័យនិងភាពមិនប្រាកដប្រជាផងដែរ»។
ក្រុមឧទ្ទាម Hayat Tahrir al-Sham ដែលបានដឹកនាំការទម្លាក់របបនេះត្រូវបានសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិចាត់ទុកជាក្រុមភេរវកម្ម។ លោកប្រធានាធិបតី Biden បានព្រមានថា៖ «ក្រុមឧទ្ទាមខ្លះដែលបានទម្លាក់លោក Assad មានប្រវត្តិដ៏ខ្មៅងងឹតនៃអំពើភេរវកម្មនិងការរំលោភបំពានសិទ្ធិមនុស្ស»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «យើងបានកត់ចំណាំទុកនូវសេចក្តីថ្លែងការណ៍របស់បណ្ដាមេដឹកនាំនៃក្រុមឧទ្ទាមទាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ …ឥឡូវនេះ ពួកគេកំពុងនិយាយរឿងដែលត្រឹមត្រូវ ក៏ប៉ុន្តែនៅពេលដែលពួកគេមានការទទួលខុសត្រូវកាន់តែធំឡើង យើងនឹងវាយតម្លៃមិនត្រឹមតែលើពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងលើសកម្មភាពរបស់ពួកគេផងដែរ»។
លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងរក្សាបេសកកម្មរបស់ខ្លួនប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសស៊ីរី។
លោកប្រធានាធិបតី Bidenថ្លែងថា៖ «យើងមានទស្សនៈយ៉ាងច្បាស់អំពីការពិតដែលថាក្រុម ISIS នឹងព្យាយាមកេងប្រយោជន៍លើស្ថានការណ៍ណាមួយដែលគ្មានការគ្រប់គ្រោងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញនិងបង្កើតទីជម្រកសុវត្ថិភាព។ យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងទេ»។
ដើម្បីសម្រេចនូវគោលបំណងនេះ កាលពីថ្ងៃទី ៨ ខែធ្នូ កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសរាប់សិបដងប្រឆាំងនឹងថ្នាក់ដឹកនាំ ភ្នាក់ងារ និងជំរំរបស់ក្រុម ISIS នៅក្នុងតំបន់ភាគកណ្តាលប្រទេសស៊ីរី។
លោកនាយឧត្តមសេនីយ៍ Erik Kurilla មេបញ្ជាការបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល (CENTCOM) បាននិយាយថា៖ «អង្គការទាំងអស់នៅស៊ីរីគួរតែដឹងថាយើងនឹងធ្វើឱ្យពួកគេទទួលខុសត្រូវ ប្រសិនបើពួកគេធ្វើជាដៃគូជាមួយឬគាំទ្រក្រុម ISIS»។
លោកប្រធានាធិបតី Biden បានសន្យាធ្វើការជាមួយ «ក្រុមស៊ីរីទាំងអស់...ដើម្បីបង្កើតនូវអន្តរកាលមួយចេញពីរបបលោក Assad ឆ្ពោះទៅរកប្រទេសស៊ីរីមួយដែលមានឯករាជ្យភាព...[និង] អធិបតេយ្យភាព»។
លោកប្រធានាធិបតី Bidenថ្លែងទៀតថា៖ «ឥឡូវនេះ វាជាការចំាបាច់សម្រាប់ក្រុមប្រឆាំងទាំងអស់ដែលស្វះស្វែងរកតួនាទីនៅក្នុងការគ្រប់គ្រងប្រទេសស៊ីរីបង្ហាញនូវការតាំងចិត្តរបស់ខ្លួនចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋស៊ីរីទាំងអស់ នីតិរដ្ឋ និងការការពារអ្នកកាន់សាសនាភាគតិចនិងជាតិសាសន៍ភាគតិច»។
លោកប្រធានាធិបតី Biden មានប្រសាសន៍ទៀតថា៖ «សហរដ្ឋអាមេរិកនឹងធ្វើអ្វីៗដែលយើងអាចធ្វើបានដើម្បីគាំទ្រ [ប្រជាពលរដ្ឋស៊ីរី] ដែលក្នុងនោះរួមទាំងតាមរយៈជំនួយមនុស្សធម៌ផងដែរ ដើម្បីជួយស្តារប្រទេសស៊ីរីនៅក្រោយសង្គ្រាមជាងមួយទសវត្សរ៍និងភាពឃោរឃៅរាប់ជំនាន់ដែលប្រព្រឹត្តិឡើងដោយក្រុមគ្រួសាររបស់លោក Assad»៕