តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក រួមជាមួយនឹងប្រទេសប្រជាធិបតេយ្យផ្សេងទៀត នឹងបន្តគាំទ្រការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនីការ៉ាហ្គា។
ដើម្បីសម្រេចឱ្យបានគោលបំណងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសអំពីវិធានការដាក់កំហិតទិដ្ឋាការលើបុគ្គល ១១៦ នាក់ ដែលបានឃុបឃិតនៅក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីការ៉ាហ្គា។ បុគ្គលទាំងនោះ មានដូចជាអភិបាល រដ្ឋអាជ្ញា សាកលវិទ្យាធិការ មន្ត្រីប៉ូលិស មន្ត្រីពន្ធនាគារ និងមន្ត្រីយោធាជាដើម។
បន្ថែមពីលើនេះទៀត ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើសមាជិក ៦ នាក់ នៃរបបគ្រប់គ្រងរបស់លោកប្រធានាធិបតី Daniel Ortega និងអ្នកស្រីអនុប្រធានាធិបតី Rosario Murillo។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការដាក់កំហិតទិដ្ឋាការទាំងនេះ គឺដើម្បីលើកកម្ពស់ការទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងបែបអាជ្ញាធិបតេយ្យ និងការរំលោភបំពានរបស់របបលោក Ortega និងអ្នកស្រី Murillo»។
របបនេះ នៅបន្តឃុំឃាំងអ្នកទោសនយោបាយ ១៧០ នាក់ ដែលអ្នកទាំងនោះជាច្រើន បានរងគ្រោះដោយសារកង្វះម្ហូបអាហារគ្រប់គ្រាន់ និងកង្វះសេវាសុខាភិបាលសមរម្យ។ អ្នកខ្លះទៀត នៅតែជាប់ឃុំឃាំងដាច់តែឯង។
របបលោក Ortega និងអ្នកស្រី Murillo បានចាប់ខ្លួនបុគ្គលទាំងនេះ ដោយសារតែពួកគេធ្វើការឱ្យសារព័ត៌មានឯករាជ្យ ធ្វើការឱ្យអង្គការសង្គមស៊ីវិល មានបំណងចូលប្រកួតនៅក្នុងការបោះឆ្នោត បង្ហាញទស្សនៈរបស់ខ្លួនជាសាធារណៈ និងមូលហេតុផ្សេងៗទៀតដែលការពារដោយបទដ្ឋានប្រជាធិបតេយ្យដែលផ្អែកលើគោលការណ៍។
លោក Brian Nelson រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការភេរវកម្ម និងព័ត៌មានសម្ងាត់ផ្នែកហិរញ្ញវត្ថុ បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក និងដៃគូរបស់សហរដ្ឋអាមេរិក កំពុងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់លោកប្រធានាធិបតី Ortega អ្នកស្រីអនុប្រធានាធិបតី Murillo និងក្រុមផ្ទៃក្នុងរបស់ពួកគេថា យើងនៅបន្តគាំទ្រប្រជាពលរដ្ឋនីការ៉ាហ្គាចំពោះការអំពាវនាវរបស់ពួកគេឱ្យមានការដោះលែងជាបន្ទាន់នូវអ្នកទោសនយោបាយ និងការវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «យើងចូលរួមជាមួយនឹងសហភាពអឺរ៉ុបនៅក្នុងការប្រឆាំងខ្លាំងក្លានឹងការរំលោភសិទ្ធិមនុស្ស និងការមិនគោរពប្រជាពលរដ្ឋនីការ៉ាហ្គា ដែលប្រព្រឹត្តិឡើងដោយរបបលោក Ortega និងអ្នកស្រី Murillo»។
លោកប្រធានាធិបតី Ortega បានស្បថចូលកាន់តំណែងដោយខ្លួនឯងសម្រាប់អាណត្តិប្រធានាធិបតីថ្មី ប៉ុន្តែ ការបោះឆ្នោតកំណត់ទុកជាមុនដែលលោកបានរៀបចំឡើងកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំមុន មិនបានផ្ដល់ឱ្យលោកនូវអាណត្តិដឹកនាំថ្មីបែបប្រជាធិបតេយ្យនោះទេ។ មានតែការបោះឆ្នោតដោយសេរី និងយុត្តិធម៌តែប៉ុណ្ណោះ ដែលអាចផ្ដល់នូវអាណត្តិដឹកនាំបែបប្រជាធិបតេយ្យបាន។ ប្រជាពលរដ្ឋនីការ៉ាហ្គា មិនសក្ដិសមទទួលបានអ្វីតិចជាងនេះឡើយ៕