បទវិចារណកថា៖ ការថ្កោលទោស​ការវាយ​ប្រហារ​លើ​ជាតិ​សាសន៍​ភាគតិច​នៅ​អាហ្វហ្គានីស្ថាន

បុរស​អាហ្វហ្គានីស្ថាន​រត់​ភៀស​ខ្លួន​ចេញពី​កន្លែង​ផ្ទុះ​នៅ​វិហារ​ឥស្លាម Khalifa Sahib ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ការ​សម្ដែង​ការ​ខឹង​សម្បា ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដ៏​សាហាវ​យង់ឃ្នង​លើ​មជ្ឈមណ្ឌល​អប់រំ Mumtaz និង​សាលារៀន Abdul Rahim Shahid នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន និង​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ និង​មនុស្ស​ជា​ទី​ស្រឡាញ់​ផ្សេង​ទៀត​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី ១៩ ខែ​មេសា​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price។

ការ​វាយ​ប្រហារ​មួយ​ចំនួន​ដែល​បាន​សំដៅ​លើ​ជន​ស៊ីវិល​នៃ​ក្រុម​ជាតិ​សាសន៍​ភាគ​តិច Hazara កាន់​សាសនា​ឥស្លាម​និកាយ​ស៊ា (Shia) កាលពី​ខែ​មេសា​គឺ​បាន​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​អាយស៊ីស-ខេ (ISIS-K)។

នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​មិន​មាន​ការ​អះអាង​ទទួល​ខុស​ត្រូវ ដែល​បាន​សម្លាប់​សមាជិក​មួយ​ចំនួន​នៃ​វិហារ​ឥស្លាម​និកាយ​ស៊ូហ្វី (Sufi) នៅ​ក្នុង​ទីក្រុង​កាប៊ុល ការ​បំផ្ទុះ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ចំ​វិហារ​ឥស្លាម Khalifa Sahib នៅ​ភាគ​ខាង​លិច​ទីក្រុង​កាប៊ុល​នៅ​ចំ​ថ្ងៃ​សុក្រ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​រ៉ាម៉ាឌន (Ramadan)។

ដំបូល​នៃ​វិហារ​ឥស្លាម​នោះ​បាន​បាក់​ចុះ​សង្កត់​ពី​លើ​អ្នក​ប្រតិបត្តិ​សាសនា​នៅ​ទី​នោះ។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១០ នាក់​ត្រូវ​បាន​សម្លាប់ និង​មនុស្ស​រហូត​ដល់ ១៥ នាក់​ទៀត​បាន​រង​របួស។ ប៉ុន្តែ​មន្ទីរពេទ្យ​នានា​នៅ​មូលដ្ឋាន​បាន​រាយការណ៍​ថា​ ចំនួន​មនុស្ស​ស្លាប់​ និង​រង​របួស​គឺ​មាន​ច្រើន​ជាង​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សហប្រជាជាតិ។

អ្នកស្រី Mette Knudsen អ្នក​តំណាង​រង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយ​ថា៖ «គ្មាន​ពាក្យ​ណា​ដែល​ខ្លាំង​គ្រប់គ្រាន់​នោះ​ទេ​នៅ​ក្នុង​ការ​ថ្កោលទោស​ទង្វើ​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​ដែល​ធ្វើ​ឡើង​សំដៅ​លើ​កន្លែង​ប្រតិបត្តិ​សាសនា នៅ​ពេល​ដែល​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ត្រៀម​រៀបចំ​អបអរ​ពិធី​បុណ្យ​ស្រាយ​បួស Eid [al-Fitr]»។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​កាលពី​ខែ​មេសា​ទាំង​នេះ ដោយ​បាន​បញ្ជាក់​អះអាង​ជា​ថ្មី​ថា៖ «ភេរវកម្ម​គ្រប់​ទម្រង់​និង​គ្រប់​របៀប​ទាំង​អស់​គឺ​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ចំពោះ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ»។

អ្នកស្រី Jalina Porter អ្នក​នាំ​ពាក្យ​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ថ្កោលទោស​ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ​បំផុត​លើ​ការ​វាយ​ប្រហារ​សំដៅ​លើ​សមាជិក​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​ទាំង​នេះ និង​បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ក៏​តាំងចិត្ត​ផង​ដែរ​ចំពោះ​ការ​គាំទ្រ​សមត្ថភាព​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​អស់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​នៃ​ក្រុម​សាសនា​ភាគ​តិច​ផង​ដែរ នៅ​ក្នុង​ការ​គោរព​ប្រតិបត្តិ​សាសនា​របស់​ខ្លួន​ដោយ​សេរី ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា​ មាន​អំពើ​ហិង្សា​លើ​ពួកគេ។ យើង​ក៏​មាន​ក្ដី​បារម្ភ​ខ្លាំងក្លា​ផងដែរ​អំពី​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​នូវ​ការ​វាយ​ប្រហារ​ដ៏​កំសាក​ទាំង​នេះ​ និង​ឱ្យ​មាន​ការ​នាំ​យក​អ្នក​ប្រព្រឹត្តិ​អំពើ​ទាំង​នេះ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»៕