តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការផ្សព្វផ្សាយព័ត៌មានប្រឌិតគឺជាអាវុធដ៏សំខាន់បំផុតមួយរបស់រុស្ស៊ីដែលរុស្ស៊ីបានប្រើប្រាស់ញឹកញាប់បំផុត។ វាគឺជាមធ្យោបាយដ៏ងាយស្រួលនិងចំណាយតិចដើម្បីធ្វើឱ្យរដ្ឋាភិបាលនានាគ្មានស្ថិរភាពនិងដើម្បីបង្កើតឱ្យមានការមិនទុកចិត្តគ្នាក្នុងចំណោមប្រជាពលរដ្ឋ។
រដ្ឋាភិបាលរុស្ស៊ីបានបង្កើតនូវប្រព័ន្ធព័ត៌មានប្រឌិតនិងឃោសនាមួយ ដែលបង្កើតនិងផ្សព្វផ្សាយរឿងរ៉ាវមិនពិតដើម្បីគាំទ្រគោលដៅរបស់ខ្លួន។ រាល់ព្រឹត្តិការណ៍ ឬគោលនយោបាយទាំងឡាយនៅជុំវិញពិភពលោកអាចត្រូវយកទៅប្រើជាអាវុធបានតាមរយៈការកុហកនិងការបកស្រាយខុស។
ថ្មីៗនេះ យើងបានឃើញករណីនេះកើតឡើងចំពោះប្រទេសអ៊ុយក្រែន។ ការវាយប្រហារតាមរយៈព័ត៌មានប្រឌិតនេះបានឈានដល់ចំណុចខ្លាំងបំផុតនៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ នៅពេលដែលរុស្ស៊ីត្រៀមលក្ខណៈដើម្បីឈ្លានពានអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា៖ «យើង [បានឃើញ] កិច្ចប្រឹងប្រែងខ្លាំងក្លានៅក្នុងការផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងអ៊ុយក្រែន អង្គការអូតង់ (NATO) និងសហរដ្ឋអាមេរិក»។
លោក Blinken បន្តថា៖ «កិច្ចប្រឹងប្រែងទាំងនេះមានដូចជាប្រតិបត្តិការបង្កគ្រោះថ្នាក់តាមបណ្តាញសង្គមអនឡាញ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលចំណុះឱ្យខ្លួនដោយបើកចំហឬដោយលាក់លៀម ការបញ្ចូលព័ត៌មានប្រឌិតទៅក្នុងកម្មវិធីផ្សាយរបស់ទូរទស្សន៍និងវិទ្យុ ការរៀបចំសន្និសីទនានាក្នុងគោលបំណងបំភាន់អ្នកចូលរួមឱ្យយល់ខុសថាប្រទេសអ៊ុយក្រែន មិនមែនប្រទេសរុស្ស៊ីនោះទេ គឺជាអ្នកទទួលខុសត្រូវចំពោះភាពតានតឹងកើនឡើងនៅក្នុងតំបន់ ការប្រើប្រាស់ប្រតិបត្តិការតាមអនឡាញដើម្បីធ្វើឱ្យខូចមុខមាត់របស់ប្រព័ន្ធផ្សព្វផ្សាយ និងការអនុវត្តប្រតិបត្តិការ «hack and release» ដែលជាការចូលលួចរួចទម្លាយព័ត៌មាននិងសារគមនាគមន៍សម្ងាត់នានា»។
មធ្យោបាយតែមួយគត់ដែលយើងអាចទប់ទល់នឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានប្រឌិត ការឃោសនា និងការបកស្រាយខុសការពិតនេះបាន គឺតាមរយៈការប្រាប់ពីការពិត ដោយជំទាស់ទៅនឹងព័ត៌មានប្រឌិតទាំងនោះមុនពេលត្រូវបានគេផ្សព្វផ្សាយ កែប្រែការយល់ខុសក្រោយពីព័ត៌មានទាំងនោះត្រូវបានផ្សព្វផ្សាយ និងបញ្ចេញឱ្យដឹងអំពីភ្នាក់ងារនិងស្ថាប័នចំណុះដែលផ្សព្វផ្សាយព័ត៌មានប្រឌិតទាំងនេះ ដើម្បីធ្វើឱ្យគេលែងជឿលើការអះអាងខុសទាំងនេះ។
នេះជាអ្វីដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានធ្វើដើម្បីទប់ទល់នឹងការឃោសនារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងថា៖ «យើងបានឃើញការបង្កើតឆាកនយោបាយមួយនៅទីក្រុងមូស្គូ ដែលនោះគឺអំណះអំណាងចម្លែកនិងគ្មានមូលដ្ឋានដែលថា អ៊ុយក្រែនរៀបនឹងឈ្លានពាននិងធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដែលថាអ៊ុយក្រែនបានត្រៀមប្រើអាវុធគីមី ដែលថាអ៊ុយក្រែនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដែលទាំងនេះគឺជាអំណះអំណាងដែលគ្មានភស្តុតាង។ ដូច្នេះហើយ សហរដ្ឋអាមេរិកបានបង្ហាញរឿងនេះឱ្យពិភពលោកបានដឹង»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍បន្ថែមថា៖ «យើងបានចែកផ្សាយភស្តុតាងដែលលែងចាត់ទុកថាមានភាពសម្ងាត់អំពីផែនការ ការវាយប្រហារតាមអ៊ីនធឺណិត និងលេសមិនពិតរបស់រុស្ស៊ី ដើម្បីកុំឱ្យ [ពិភពលោក] មានការយល់ច្រឡំឬត្រូវបានគេលាក់បាំងអំពីសកម្មភាពដែល [ប្រធានាធិបតីរុស្ស៊ី] លោក [Vladimir] Putin កំពុងធ្វើ»។
ការលែងចាត់ទុកថាជារឿងសម្ងាត់និងការចែកផ្សាយជាសាធារណៈនូវព័ត៌មានសម្ងាត់អំពីផែនការរបស់រុស្ស៊ីគឺជាវិធានការដែលមិនធ្លាប់ធ្វើពីមុនមក ដែលបានបង្អាក់កិច្ចប្រឹងប្រែងរបស់លោក Vladimir Putin នៅក្នុងការបង្កើតនូវលេសដែលនាំឱ្យយល់ខុស សម្រាប់សង្គ្រាមគិតទុកជាមុនទាំងទទឹងទិសនិងគ្មានមូលដ្ឋានរបស់លោកប្រឆាំងនឹងអ៊ុយក្រែន។
លោកប្រធានាធិបតី Biden បានថ្លែងថា៖ «មានរឿងពិត និងមានរឿងកុហក។ រឿងកុហកត្រូវគេផ្សព្វផ្សាយដើម្បីអំណាចនិងផលចំណេញ។ ហើយយើងរាល់គ្នាមានករណីយកិច្ចនិងការទទួលខុសត្រូវ.... នៅក្នុងការការពារសច្ចភាពនិងផ្ចាញ់រឿងកុហកទាំងនោះ»៕