បទវិចារណកថា៖ ការទាក់ទង​ជា​ប្រវត្តិសាស្ត្រ​ជា​មួយ​ប្រទេស​វៀតណាម

ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋអាមេរិក​និង​ប្រទេស​វៀតណាម​ បាន​បង្កើន​កម្រិត​ទំនាក់ទំនង​របស់​ខ្លួន ក្នុង​អំឡុង​ទស្សនកិច្ច​មួយ​ទៅ​កាន់ប្រទេស​វៀតណាម ដែលលោកប្រធានាធិបតី​សហរដ្ឋ អាមេរិក Joe Biden បាន​ហៅ​ថា​ ជា​«ឱកាស​ប្រវត្តិសាស្ត្រ»។

១០​ឆ្នាំ​ បន្ទាប់​ពីរដ្ឋបាល​លោក​ Obama បានដាក់​បញ្ជូលឱ្យ​មានភាពជាដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​វៀតណាម លោកប្រធានាធិបតី Joe Bidenនិង​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក ​Nguyen Phu Trong ដោយទទួល​ស្គាល់​នូវការជឿនលឿនក្នុង​ការ​យោគយល់​និង​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ​បានបង្កើនទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ដល់កម្រិតភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​មួយ។​

នៅក្នុងសេចក្តីថ្លែងកត់សម្គាល់ក្នុង​អំឡុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជា​មួយ​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក​ Trong​ លោក​ Biden និយាយថា៖​ «យើង​អាច​ពិនិត្យ​មើល​ការ​វិវត្ត​ទៅ​មុខ​ ក្នុង​ទំនាក់ទំនង​៥០​ឆ្នាំ​នៃ​ប្រទេស​ទាំង​ពីរ​របស់​យើង​ ពី​ជម្លោះ​ដល់​ការ​ធ្វើឱ្យមាន​ទំនាក់ទំនង​ធម្មតា​ជា​មួយ​គ្នា​ឡើង​វិញ​ រហូត​ដល់​ការ​លើក​កម្ពស់​ឋានៈ​ថ្មី​នៅ​ពេល​នេះ​ ​នឹង​ក្លាយ​ជា​កម្លាំង​ជំរុញ​មួយ​ សម្រាប់​វិបុលភាព​និង​សន្តិសុខ​នៅ​ក្នុងចំណោម​តំបន់​មួយ​ ដែល​មាន​សារៈសំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក»។​

លោក​ Biden​ កត់សម្គាល់​ថា​ កិច្ច​សហប្រតិបត្តិការដ៏​ជ្រាលជ្រៅនេះ​ គ្រប​ដណ្តប់​លើ​បញ្ហា​នានា ដែល​រួម​មាន​ដូច​ជា​បច្ចេកវិទ្យាដែលទើប​លេចឡើង​និង​មាន​សារៈសំខាន់​ ​ជា​ពិសេស​ជុំវិញ​ការ​បង្កើតនូវ​សង្វាក់ផ្គត់ផ្គង់​បន្ទះ​ឈីប​ semiconductor ដែល​មាន​ភាព​ធន់ខ្លាំង។

ដោយ​សន្យា​លើក​កម្ពស់​តួនាទីរបស់​វៀតណាមក្នុង​វិស័យ​ឧស្សហកម្ម​សហរដ្ឋអាមេរិក​និង​ប្រទេស​វៀតណាម នឹងដាក់​ឱ្យ​ដំណើរការ​នូវ​គំនិត​ផ្តួចផ្តើម​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្មលើ​បន្ទះ ​semiconductor ដោយចាប់​ផ្តើម​ជា​មួយ​នឹង​ថវិកាផ្តួចផ្តើម​ចំនួន​២លានដុល្លារ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ដោយ​រួមជាមួយ​នឹង​ការ​គាំទ្រពី​វិស័យ​ឯកជន​និងរដ្ឋាភិបាល​វៀតណាម​ ក្នុង​ពេល​អនាគត​ផង​ដែរ។​

ទន្ទឹម​នឹងនេះ​ដែរ​ ពាណិជ្ជកម្ម​និង​វិនិយោគនឹង​ត្រូវ​ពង្រីកបន្ថែម​ទៀតទៅ​ដល់វិស័យ​ផ្សេងៗ​ទៀត។​ លោក​ Biden ​ក៏​បាន​លើក​ឡើង​ពី​ឧទាហរណ៍​នៃ​ក្រុមហ៊ុន​វៀតណាម​មួយ​ ​ដែល​បាន​ចុះ​កិច្ចសន្យា​ផលិត​រថយន្ត​អគ្គិសនី​និងអាគុយ​រថយន្ត​ ដែលប្រើ​ដើម​ទុន​ប្រមាណ​៤ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​រដ្ឋ ​North Carolina ​សហរដ្ឋអាមេរិក​ ដែលបង្កើត​ឱ្យ​មាន​ការងារ​ធ្វើសម្រាប់មនុស្ស​ជាង​៧ពាន់​ក្នុង​សហរដ្ឋអាមេរិក​។

កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​ រួម​មាន​ការដោះស្រាយវិបត្តិ​អាកាសធាតុ​ និងការ​បង្កើន​ការប្តូរទៅរកការប្រើប្រាស់​ថាមពលស្អាត​របស់​វៀតណាម ការ​ពង្រឹង​សន្តិសុខ​សុខភាព​សាកល​ និង​ការ​ព្យាបាលជំងឺមហារីក​និង​ជំងឺ​អេដស៍ដោយការប្រើបច្ចេកវិទ្យា​ទំនើប និងការលើក​កម្ពស់កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ផង​ដែរ។

លោក Biden បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​ការ​ជួប​ពិភាក្សា​របស់​លោក​ជា​មួយក្រុម​មេដឹកនាំ​វៀតណាម​ថា «ជា​អាទិភាព​មួយនៃ​រដ្ឋបាល​របស់ខ្ញុំ​និង​ពលរដ្ឋ​អាមេរិក​កាំង​ផង​ដែរ យើង​នឹង​បន្តនូវ​ការ​សន្ទនា​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់លើ​បញ្ហា​នេះ»។

លោក​ប្រធានាធិបតី​បាននិយាយ​ថា​ «ទំនាក់ទំនង​រវាង​ពលរដ្ឋនិងពលរដ្ឋនឹង​ពង្រីក​ថែមទៀត។ ​នេះ​ជា​ចំណុច​សំខាន់ក្នុង​ភាព​ជា​ដៃគូ​របស់​យើង។ សហរដ្ឋ​អាមេរិកនិង​ប្រទេស​វៀតណាម​ «នឹង​វិនិយោគ​ក្នុង​ការ​ពង្រឹងកម្លាំង​ពលកម្ម​ជំនាញ​ STEM ដោយ​លើក​កម្ពស់​នូវ​ការ​ផ្លាស់ប្តូរ​ការ​អប់រំ​ និង​កិច្ចសហការ​គ្នាក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្ររបស់​យើង​ សហគ្រិន​របស់​យើង​ និងអ្នក​ច្នៃប្រឌិត​បង្កើត​ផ្សេងៗ​ ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ​ដើម្បី​ចាប់​យក​ឱកាស​ដ៏​សំខាន់​នៃ​យុគសម័យ​បច្ចេកវិទ្យាទំនើបនេះ​។

លោកប្រធានាធិបតី​ Biden ​បាន​ប្រកាស​ថា​ «វៀតណាម​ជា​ប្រទេសដែល​មានអំណាច្​សំខាន់មួយ​ នៅ​ក្នុង​ពិភពលោក​ និង​ជា​ប្រទេស​នាំ​មុខគេ​មួយក្នុង​តំបន់​ដ៏​សំខាន់នេះ។​ ​ ខ្ញុំ​ទន្ទឹង​រង់ចាំ​បន្ត​សករាជ​ថ្មី​នៃ​ប្រទេស​យើង​ទាំង​ពីរ»៕