បទវិចារណកថា៖ ការប្រឹក្សា​យោបល់​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​បង្ហាញ​ពី​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន

រូបឯកសារ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កិច្ច​ប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន (ASEAN) និង​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​គឺ​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន​និង​អំពី​គម្រោង​ផ្ដួចផ្ដើម​ជា​បន្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ពហុ​ភាគី​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ឯ​សន្និសីទ​កាសែត​មួយ​មុន​ពេល​កិច្ច​ប្រជុំ​ប្រឹក្សា​យោបល់​ចូល​មក​ដល់ អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អ្នកស្រី Katherine Tai ដែល​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរស័ក្ដិ បាន​កត់សម្គាល់​ថា៖ «អាស៊ាន​តំណាង​ឱ្យ​ទីផ្សារ​ធំ​ជាង​គេ​បង្អស់​ទី ៤ របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក។ ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្នែក​ទំនិញ​និង​សេវាកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អាស៊ាន​នៅ​ក្នុង​ឆ្នាំ ២០២១ មាន​ចំនួន​សរុប​ជិត ៤៤២ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​ការ​កើនឡើង​ចំនួន ២២% បើ​ប្រៀប​ជាមួយ​នឹង​ឆ្នាំ ២០២០»។

ដោយសារតែ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អាស៊ាន​មាន​សារៈសំខាន់​ដូច​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ខែ​ឧសភា​នៅ​ឯ​កិច្ច​ប្រជុំ​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នូវ​ថវិកា​ចំនួន ១៥០ លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​ផ្ដួចផ្ដើម​មួយ​ចំនួន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​ជ្រាលជ្រៅ​បន្ថែម​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តាម​រយៈ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​របស់​អ្នក​ធ្វើការ ថវិកា​សម្រាប់​វិស័យ​ឯកជន និង​ការ​ផ្លាស់ប្ដូរ​ការ​អបរំ​និង​វប្បធម៌​នានា​ផងដែរ។

ថវិកា​ចំនួន ១៥០ លាន​ដុល្លារ​នេះ​គឺ​ជា​ការ​បន្ថែម​ពី​លើ​ថវិកា​វិនិយោគ​ចំនួន ១០២ លាន​ដុល្លារ​ដែល​លោក​ប្រធានាធិបតី Biden បាន​ប្រកាស​នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​កាលពី​ខែ​តុលា ឆ្នាំ ២០២១ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​សុខភាព វិទ្យាសាស្ត្រ​អាកាសធាតុ ការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ផ្នែក​ផ្សេងៗ​ទៀត។

កាលពី​ដើម​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​អះអាង​អំពី​សារៈសំខាន់​នៃ​ស្ដង់ដារ​ពលកម្ម​និង​ស្ដង់ដារ​បរិស្ថាន​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តាម​រយៈ​ការ​រៀបចំ​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក (ASEAN-United States Trade and Investment Framework Arrangement) និង​ក្នុង​អំឡុង​ពេល​កិច្ច​សន្ទនា​ស្ដីពី​ពាណិជ្ជកម្ម​និង​ការងារ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន (U.S.-ASEAN Trade and Labor Dialogue) ផងដែរ។

អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អ្នកស្រី Tai បាន​និយាយ​ថា៖ «សមិទ្ធផល​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ការ​ប្រជែង​នៅ​លើ​ពិភពលោក​ឆ្ពោះ​ទៅ​កាន់​ចំណាត់ថ្នាក់​កំពូល​ផ្នែក​ពាណិជ្ជកម្ម​ដែល​គោរព​សិទ្ធិ​របស់​អ្នក​ធ្វើការ ការពារ​ភព​ផែនដី និង​បង្កើត​ឱកាស​សម្រាប់​យើង​ទាំង​អស់​គ្នា»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្រោយ​កិច្ច​ប្រជុំ​ប្រឹក្សា​យោបល់​នេះ បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​បាន​សរសើរ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​នូវ​«ការ​ចូលរួម​យ៉ាង​សកម្ម​របស់​មន្ត្រី​នានា​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​វិធី​និង​មធ្យោបាយ​ដែល​អាច​ទៅ​រួច​ផ្សេងៗ​ដើម្បី​អនុវត្ត​គម្រោង​អនាគត​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក-អាស៊ាន (U.S.-ASEAN Economic Futures) ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួចផ្ដើម​ថ្មីៗ​ទាំង​នេះ​ដើម្បី​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន (U.S.-ASEAN Strategic Partnership) ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​លោក​ប្រធានាធិបតី Biden»។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​បញ្ជាក់​បន្ថែម​ថា៖ «កិច្ច​ប្រជុំ​នេះ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ពហុភាព​និយម ការ​ប្រកាន់​ខ្ជាប់​តាម​ច្បាប់​អន្តរជាតិ និង​ការ​គោរព​អធិបតេយ្យភាព​នៅ​ក្នុង​ការ​រួម​ចំណែក​ចំពោះ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​លើ​ពិភពលោក​និង​នៅ​ក្នុង​តំបន់»។

សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ចំពោះ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​ស្នូល​នៃ​ការ​បង្កើត​និង​ការ​រក្សា​នូវ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​នៅ​ពេល​អនាគត​ដែល​លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ថា៖ «មាន​លក្ខណៈ​សេរី​និង​បើក​ចំហ មាន​ស្ថិរភាព​និង​វិបុលភាព និង​មាន​ភាព​ធន់​និង​សន្តិសុខ​ល្អ»៕