តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
វាកំពុងបញ្ជាក់កាន់តែច្បាស់ថា ការប្រែប្រួលអាកាសធាតុគឺជាគ្រោះថ្នាក់ដ៏ពិតប្រាកដ និងកំពុងកើតឡើងចំពោះភពផែនដីរបស់យើង និងចំពោះយើងទាំងអស់គ្នា។ យោងតាមរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា កាលពីឆ្នាំមុន អាកាសធាតុគឺមានកម្តៅក្តៅបំផុតនៅក្នុងកំណត់ត្រា។ កម្តៅបាននាំឱ្យមានព្រឹត្តិការណ៍អាកាសធាតុដ៏ខ្លាំងដែលបានបង្កឱ្យមានការបំផ្លិចបំផ្លាញនៅទូទាំងពិភពលោក។ ទំហំផ្ទាំងទឹកកកនៅសមុទ្រអង់តាក់ទិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ២០២៣ គ្រាដែលផ្ទៃសមុទ្រមានសីតុណ្ហភាពខ្ពស់ដែលមិនធ្លាក់ចុះ ទោះជារដូវរងាបានមកដល់ហើយក៏ដោយ។ តាមល្បឿននៃការឡើងកម្តៅនេះ នៅត្រឹមចុងសតវត្សរ៍នេះ ពិភពលោកនឹងអាចឡើងកម្តៅហួសពីក្នុងកំណត់ត្រាដែលថា សីតុណ្ហភាពពិភពលោកនឹងកើនឡើង១,៥ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម នោះគឺកម្តៅនៅក្នុងពិភពលោកនឹងឡើង៣,៤ អង្សាសេ។
លោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុបាននិយាយថា៖ «កាលពីឆ្នាំមុន គឺឆ្នាំ២០២៣ ជាឆ្នាំដែលត្រូវបានរំខាននិងអវិជ្ជមានបំផុតដែលបង្កឡើងដោយអាកាសធាតុនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ»។
លោក John Kerry បានថ្លែងបន្តថា៖ «មានមនុស្សរាប់លាននាក់រួចទៅហើយដែលបានផ្លាស់ទីលំនៅទៅកន្លែងផ្សេងៗនៅលើភពផែនដី មិនមែនអ្នកទាំងអស់នោះផ្លាស់ទីដោយសារតែបញ្ហាអាកាសធាតុនោះទេ ក៏ប៉ុន្តែភាគច្រើននៃអ្នកទាំងនោះបានផ្លាស់ទីគឺដោយសារការបន្ថែមបញ្ហាអាកាសធាតុ។ វិបត្តិទឹក កង្វះលទ្ធភាពដាំដំណាំដែលគេធ្លាប់ដាំបាន អត្រាប្រេវ៉ាឡង់នៃជម្ងឺដែលយើងគិតថាយើងបានលុបបំបាត់នោះ កំពុងកើតមានឡើងវិញ។ ការរំខានដល់អាជីវកម្ម ការរំខានដល់ជីវិតទាំងអស់ ការចំណាយលើបន្ទុកនានា និងមនុស្សដែលជួបប្រទះនឹងរឿងនេះនឹងប្រាប់អ្នកអំពីតម្លៃនៃការបាត់បង់ផលិតភាព ការរំខានដល់ការដឹកជញ្ជូនទំនិញ និងសេវាកម្មជាដើម»។
ឧបសគ្គដ៏ធំបំផុតមួយក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុគឺការផ្តល់ហិរញ្ញប្ប ទាន។ លោក Kerry បានថ្លែងទៀតថា៖ «ត្រូវការប្រាក់រាប់ពាន់ពាន់លានដុល្លារ គឺប្រមាណជាពី ២,៥ ទៅ ៤,៥ ពាន់ពាន់លានដុល្លារ និងពី៤,៥ ទៅ៥ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំក្រោយរហូតដល់ឆ្នាំ២០៥០»។ មានតម្រូវ ការសម្រាប់ការវិនិយោគឯកជន។ ក៏ប៉ុន្តែមនុស្សមានភាពស្ទាក់ស្ទើរក្នុងការវិនិយោគ ដូច្នេះយើងត្រូវតែដាក់ពង្រាយមូលនិធិដើម្បីបង្កើតកិច្ចព្រមព្រៀងនានាដ៏រឹងមាំ។
លោក Kerry បានថ្លែងបន្តថា៖ «នៅពេលអ្នកបង្កើតកិច្ចព្រមព្រៀងដ៏រឹងមាំបាន អ្នកនឹងមានកិច្ចព្រមព្រៀងដែលមិនសូវមានហានិភ័យ ដូច្នេះវានឹងកាត់បន្ថយនូវការខាតបង់របស់អ្នកពីដំបូង ឬរកប្រាក់បាន ឬអ្វីមួយដែលធ្វើឱ្យមនុស្សមានទំនុកចិត្តថា ប្រសិនបើពួកគេដាក់ប្រាក់មួយចំនួនដើម្បីវិនិយោគនោះ ពួកគេអាចមានទស្សនវិស័យថា ការវិនិយោគរបស់ពួកគេត្រូវបានការពារ ដែលនោះជាអ្វីដែលពួកគេអាចនឹងធ្វើក្នុងពេលឥឡូវនេះ»។
លោក Kerry បានថ្លែងបន្ថែមទៀតថា៖ «តើយើងធ្វើបែបនេះបានដោយរបៀបណា? ជាការពិត សប្បុរសធម៌អាចដើរតួនាទីធំជាងសព្វថ្ងៃនេះទៅទៀត។ សប្បុរសធម៌ផ្តល់ជំនួយ ហើយគេដឹងថា គេកំពុងធ្វើការងារដ៏ត្រឹមត្រូវ។ ខ្ញុំគិតថា ការងារដ៏ត្រឹមត្រូវនោះគឺសំខាន់ ធំដុំ និងមានភាពទាក់ទាញក្នុងពេលឥឡូវនេះ»៕
បទវិចារណកថា៖ ការប្រែប្រួលអាកាសធាតុគឺជាគ្រោះថ្នាក់ដ៏ពិតប្រាកដ និងកំពុងកើតឡើង
រូបឯកសារ៖ រថយន្តបានលិចក្នុងទឹកជំនន់ក្នុងតំបន់ដែលព្យុះទីហ្វុង Doksuri បានបង្កការខូចខាតយ៉ាងខ្លាំងក្នុងប្រទេសចិន។