តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកស្រី Samantha Power អភិបាលទីភ្នាក់ងារស.រ.អ.សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ឬ USAID បាននិយាយថា មានវិធានការបីជាចាំបាច់ដើម្បីយកជ័យជម្នះទៅលើការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ។ លោកស្រីបានថ្លែងដូច្នេះ នៅក្នុងសន្និសីទកំពូលរដ្ឋមន្ត្រីស្តីពីប្រព័ន្ធស្បៀងអាហារប្រចាំឆ្នាំ២០២១។ វិធានការទាំងបីនេះមានរូមបញ្ចូលការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិជ្ជាថ្មីៗបំផុត បណ្តាក់ទុនក្នុងកន្លែងមានសេចក្តីត្រូវការច្រើន និងការប្រើប្រាស់មូលនិធិសាធារណៈដើម្បីបើកឱ្យមានមូលធនឯកជន។
លោកស្រី Power បានព្រមានថា «ការរួមផ្សំគ្នាជាមហន្តរាយធំមួយរវាងសង្គ្រាមកំពុងរីកឡើង ការទង្គុកទង្គើដោយការប្រែប្រួលធាតុអាកាស និងការរាតត្បាតនៃជំងឺកូវីដ១៩ដែលកំពុងរាលដាល បានប៉ះពាល់ទៅដល់សមិទ្ធិផលកាលពីពេលថ្មីៗនេះរបស់យើង»។
មានមនុស្សច្រើនជាងមុននៅពេលបច្ចុប្បន្ននេះ កំពុងទទួលរងនូវភាពអត់ឃ្លានជាខ្លាំង ហើយតួលេខនៃក្រុមមនុស្សដែលកំពុងប្រឈមនឹងភាពអត់ឃ្លានដែលគំរាមកំហែងជីវិត ឬជីវភាពរបស់ពួកគេនោះ បានកើនឡើងប្រមាណ ២០លាននាក់ កាលពីឆ្នាំទៅមិញ។ តួលេខនេះ បានរារាំងការធ្វើឱ្យសម្រេចគោលដៅអ.ស.ប.ក្នុងការបំបាត់ភាពអត់ឃ្លានក្នុងរយៈពេលតិចជាងមួយទសវត្សរ៍។
លោកស្រី Power បានថ្លែងថា កត្តាជំរុញទីមួយ ដែលបង្កើតឲ្យមានទុរភិក្សនោះ គឺជម្លោះ និងសង្គ្រាម។ លោកស្រីបាននិយាយថា៖
«យើងនឹងមិនអាចបញ្ចប់ភាពអត់ឃ្លានបាននោះទេ ប្រសិនបើរដ្ឋាភិបាល បង្អត់អាហារដល់ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ និងប្រើប្រាស់ស្បៀងអាហារ ធ្វើជាអាវុធសង្គ្រាមមួយនោះ។ ការធ្វើឱ្យគ្រួសារខ្ចាត់ព្រាត់ពីផ្ទះសម្បែងពួកគេ ការបំផ្លាញដំណាំនិងសត្វពាហនៈ ការធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនជំនួយសង្គ្រោះ ការកំណត់គោលដៅនិងការវាយប្រហារទៅលើបុគ្គលិកមនុស្សធម៌ដែលដឹកជញ្ជូនជំនួយទាំងនោះជាដើម.... យើងត្រូវតែថ្កោលទោសយ៉ាងខ្លាំងដល់ការបង្អត់អាហារប្រជាពលរដ្ឋ ហើយប្រយុទ្ធប្រឆាំងដើម្បីធ្វើឱ្យប្រាកដថា ជំនួយមនុស្សធម៌ បានទៅដល់ដៃមនុស្សដែលកំពុងត្រូវការជាចាំបាច់នោះ»។
លោកស្រីអភិបាល Power បានព្រមានថា «ប៉ុន្តែដូចដែលពិភពលោកធ្លាប់បានធ្វើដូច្នោះដែរ គឺយើងមិនអាចផ្តោតការយកចិត្តទុកដាក់តែទៅលើជំនួយមនុស្សធម៌និងជំនួយស្បៀងអាហារដោយលះបង់ការធ្វើវិនិយោគក្នុងផលិតភាពកសិកម្មនោះឡើយ»។ លោកស្រីថ្លែងបន្តថា៖
«យើងត្រូវផ្តល់ឧបករណ៍និងបច្ចេកទេសឱ្យក្រុមកសិករមានស្រែចម្ការតិចតួចដើម្បីជួយពួកគេបង្កើនផលដំណាំ និងទប់ទល់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ស្របពេលដែលយើងកំពុងប្រឹងប្រែងធ្វើឱ្យសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងក្រុង Paris ស្តីពីធាតុអាកាសនោះ»។
រដ្ឋបាលលោក Biden និងលោកស្រី Harris នឹងបន្តវិនិយោគក្នុងកម្មវិធី Feed the Future ធ្វើជាមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ស.រ.អ.ដើម្បីបង្កើនផលិតផលដំណាំ បញ្ចប់ការខ្វះអាហារូបត្ថម្ភ និងពង្រឹងនូវភាពមិនទ្រុឌទ្រោម។
ការផ្តល់អាទិភាពយេនដឺ (gender) ក៏នឹងដើរតួនាទីដ៏សំខាន់មួយដែរ។ ទិន្នន័យបង្ហាញថា កម្មវិធី Feed the Future ត្រូវបង្កើនសកម្មភាពថែមទៀតដើម្បីសម្រួលឱ្យស្ត្រីមានថវិកាដើម្បីបណ្តាក់ទុនក្នុងផលិតភាពរបស់ពួកគេផ្ទាល់ និងជួយកែប្រែប្រព័ន្ធស្បៀងអាហារក្នុងដំណើរការនេះ។
លោកស្រីអភិបាល Power បានមានប្រសាសន៍ថា «យើងនឹងធ្វើការជាមួយដៃគូនៅទូទាំងពិភពលោកដើម្បីផ្តល់អំណាចឱ្យមនុស្សរាប់លាននាក់ថែមទៀត ក្នុងការចិញ្ចឹមខ្លួនឯង ពង្រឹងសហគមន៍ពួកគេ និងបញ្ចប់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភសម្រាប់មនុស្សទាំងអស់»៕