តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការរំលោភសិទ្ធិមនុស្សជាច្រើនដែលប្រព្រឹត្តិឡើងដោយរបបដឹកនាំរបស់លោក Kim Jong Un នៅក្នុងប្រទេសកូរ៉េខាងជើង «កើតចេញដោយផ្ទាល់ពី ឬក៏គាំទ្រដល់យោធានីយកម្មកើនឡើងរបស់ប្រទេសកូរ៉េខាងជើង»។ នេះបើតាមការប្រកាសរបស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk នៅក្នុងការប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង។
លោក Turk បានថ្លែងដូច្នេះថា៖ «ឧទាហរណ៍ [នៃការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើងមានដូចជា] ការប្រើជាទូទៅនូវពលកម្មដោយបង្ខំ ដែលក្នុងនោះរួមមានទាំងជំរំគុកនយោបាយផងដែរ ការប្រើដោយបង្ខំឱ្យកុមារសិស្សសាលាប្រមូលផលដំណាំ ការតម្រូវឱ្យក្រុមគ្រួសារធ្វើពលកម្មនិងផ្ដល់ទំនិញតាមកូតាដល់រដ្ឋាភិបាល និងការរឹបអូសប្រាក់បៀវត្សរ៍ពីពលករដែលធ្វើការនៅបរទេសជាដើម។ ទាំងអស់នេះគឺគាំទ្រដល់រចនាសម្ព័ន្ធយោធារបស់រដ្ឋនិងលទ្ធភាពរបស់ប្រព័ន្ធនោះនៅក្នុងការកសាងសព្វាវុធ»។
ការលើកឡើងនេះត្រូវបានបញ្ជាក់ថាជាការពិតដោយអ្នករត់ចោលប្រទេសកូរ៉េខាងជើងលោក Ilhyeok Kim នៅក្នុងការផ្ដល់សក្ខីកម្មទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកបានថ្លែងដូច្នេះថា៖ «រដ្ឋាភិបាលកូរ៉េខាងជើងគ្មានគោលនយោបាយដើម្បីជួយយើងទេ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលរស់នៅក្នុងជីវិតហ៊ឺហារលើគំនរញើសឈាមរបស់ប្រជាជន និងប្រើញើសឈាមរបស់ប្រជាជនទៅបង្កើតមីស៊ីលបំផ្ទុះចូលអាកាស។ យើងធ្លាប់គិតថា លុយដែលចំណាយលើមីស៊ីលមួយគ្រាប់អាចផ្គត់ផ្គង់អាហារដល់ពួកយើងរយៈពេល ៣ ខែ ប៉ុន្តែរដ្ឋាភិបាលមិនដែលខ្វល់នោះទេ គឺខ្វល់តែពីការធ្វើយ៉ាងណាឱ្យខ្លួនអាចរក្សាអំណាចបានតែប៉ុណ្ណោះ ដោយអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងបង្កើតការឃោសនាដើម្បីបញ្ជាក់ថា ទង្វើរបស់ពួកគេគឺត្រឹមត្រូវ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានប្រកាសដូច្នេះថា៖ «យើងមិនអាចមានសន្តិភាពដោយគ្មានសិទ្ធិមនុស្សបានទេ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងដូច្នេះថា៖ «ការត្រួតត្រាបែបជិះជាន់ផ្ដាច់ការរបស់លោក Kim Jong Un លើសង្គម និងការច្រានចោលទូទៅជាប្រព័ន្ធនូវសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានគឺជាការធានាធ្វើយ៉ាងណាឱ្យរបបនេះនៅតែអាចចំណាយនូវធនធានសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍកម្មវិធីអាវុធប្រល័យលោកនិងគ្រាប់ផ្លោងមីស៊ីលខុសច្បាប់របស់ខ្លួនដោយគ្មានការជំទាស់ពីសធារណជន។ ធនធានសម្រាប់ធ្វើសង្គ្រាមទាំងនេះ ដែលរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជំរុញទៅមុខដោយការជិះជាន់សង្កត់សង្កិននិងភាពឃោរឃៅ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានបន្តថា វាបង្ហាញយ៉ាងច្បាស់ថារបបដឹកនាំកូរ៉េខាងជើងធ្វើព្រងើយកន្តើយចំពោះសុខមាលភាពរបស់ប្រជាជនខ្លួន។
អ្នកស្រីបន្ថែមដូច្នេះថា៖ «គោលនយោបាយចែកចាយស្បៀងអាហារ [របស់កូរ៉េខាងជើង] មានទំនោរទៅរកយោធា និងបណ្ដាលឱ្យមានកង្វះជីវជាតិធ្ងន់ធ្ងរក្នុងចំណោមពលរដ្ឋរបស់ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងជើងក៏ពឹងផ្អែកផងដែរលើពលកម្មដោយបង្ខំនិងការកេងប្រវញ្ចលើពលករទាំងក្នុងនិងក្រៅប្រទេសដើម្បីជំរុញដល់កម្មវិធីអាវុធខុសច្បាប់របស់ខ្លួន»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានប្រកាសថា ពិភពលោកសម័យទំនើបនេះមិនអាចទទួលយកបានទេនូវភាពសាហាវយង់ឃ្នងរបស់រដ្ឋាភិបាលកូរ៉េខាងជើង។
អ្នកស្រីលើកឡើងដូច្នេះថា៖ «សហគមន៍អន្តរជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវតែបន្តនិយាយប្រឆាំងនឹងភាពអយុត្តិធម៌នេះនិងផលប៉ះពាល់ហិនហោចរបស់ភាពអយុត្តិធម៌នេះលើសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់និងនៅលើពិភពលោក»។
សហរដ្ឋអាមេរិកនឹងបន្តលើកកម្ពស់សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានទាំងនៅក្នុងប្រទេសនិងនៅជុំវិញពិភពលោក៕