បទវិចារណកថា៖ ការលើក​កម្ពស់​សេរីភាព​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អ៊ីរ៉ង់​ចូលរួម​ក្នុង​ការ​ជួប​ជុំ​មួយ​នៅ​កណ្តាល​ក្រុង Los Angeles កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ជា​ការរួបរួម​ជាមួយ​ស្ត្រី​ក្នុង​ប្រទេស​អ៊ីរ៉ង់។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​កាត់ផ្ដាច់​លទ្ធភាព​របស់​ពលរដ្ឋ​ភាគ​ច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង ៨០ លាន​នាក់​របស់​ប្រទេស​អ៊ីរ៉ង់​មិន​ឱ្យ​ចូល​ទៅ​ប្រើប្រាស់​អ៊ីនធឺណិត​បាន ដើម្បី​រារាំង​ពួកគេ​និង​ពិភពលោក​មិន​ឱ្យ​មើល​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​ខ្លួន​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ ការ​តវ៉ា​ដោយ​សន្តិវិធី​នេះ​បាន​ធ្វើ​ឡើង​ដោយសារ​ការ​ស្លាប់​របស់​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​ឈ្មោះ Mahsa Amini នៅ​ក្រោម​ដៃ​របស់​ប៉ូលិស​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «នាង Mahsa Amini បាន​ស្លាប់​យ៉ាង​ខ្លោចផ្សា​និង​ដោយ​មិន​សម​ហេតុផល ហើយ​ឥឡូវ​នេះ​រដ្ឋាភិបាល [អ៊ីរ៉ង់] កំពុង​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ដែល​មាន​ការ​ខឹងសម្បា​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ការ​ស្លាប់​របស់​នាង Amini។ ករណី​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​ខ្លាច​ប្រជាពលរដ្ឋ​ខ្លួន​ឯង»។

នាង Amini ត្រូវ​បាន​ប៉ូលិស​អ៊ីរ៉ង់​ចាប់​ខ្លួន​ដោយសារតែ​នាង​មិន​ពាក់​ក្រណាត់​គ្រប​មុខ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​តាម​ទីសាធារណៈ។ នាង​បាន​រងគ្រោះ​ដោយសារ​មុខ​របួស​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​នាង​ជាប់​ឃុំ ហើយ​ក្រោយ​មក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​នាង​បាន​សន្លប់។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៧៦ នាក់​ត្រូវ​បាន​សម្លាប់​និង​ជាង ១.២០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ ទូទាំង​ប្រទេស​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ក្រុម​អ្នក​តវ៉ា​បាន​ទាមទារ​ឱ្យ​មាន​ការ​បញ្ចប់​ការ​តម្រូវ​ឱ្យ​ប្រើ​ក្រណាត់​គ្រប​មុខ​នៅ​តាម​ទី​សាធារណៈ​នេះ​និង​ការ​បំពាន​ផ្សេងៗ​ទៀត​លើ​សិទ្ធិ​របស់​ស្ត្រី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ការ​តវ៉ា​នេះ​បាន​រីក​រាលដាល​ទៅ ដល់​ទីក្រុង​យ៉ាង​តិច ៨០ នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​និង​កាត់ផ្ដាច់​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត សហរដ្ឋ​អាមេរិក​កំពុង​ចាត់​វិធានការ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ឱ្យ​មាន​លទ្ធភាព​ដោយ​សេរី​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​តាម​អ៊ីនធឺណិត។

ហេតុ​ដូច​នេះ​ហើយ​បានជា​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ចេញ​អាជ្ញាបណ្ណ​ទូទៅ D-2 ដែល​ជា​លិខិត​អនុញ្ញាត​ទូលំទូលាយ​ជាង​មុន​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​បន្ថែម​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាំងពី​លទ្ធភាព​នៅ​ក្នុង​ការ​ប្រើប្រាស់​សេវា​ប្រព័ន្ធ cloud តាម​អ៊ីនធឺណិត​រហូត​ដល់​ឧបករណ៍​មាន​ប្រសិទ្ធភាព​ជាង​មុន​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​តាម​អនឡាញ​និង​ឯកជនភាព​របស់​ពួកគេ។

ជំហាន​ទាំង​នេះ​នឹង​ជួយ​ផ្ដល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅក្នុង​ការ​តាម​ឃ្លាំមើល​និង​ត្រួតពិនិត្យ​លើ​ពួកគេ។

ដោយសារ​អាជ្ញាបណ្ណ​ទូទៅ D-2 នេះ ឥឡូវ​នេះ​វា​អាស្រ័យ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​នៅ​ក្នុង​ការ​សម្រេច​ថា​តើ​ត្រូវ​ផ្ដល់​សេវា​ដែល​មាន​ការ​អនុញ្ញាត​ទាំង​នេះ​ដល់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ឬ​ក៏​យ៉ាង​ណា​នោះ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​បន្ត​កំណត់​ឱកាស​ទាំង​នោះ​ដើម្បី​គាំទ្រ​ដល់​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ទាក់ទង​ដោយ​សេរី​និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា​មាន​ការ​សងសឹក​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់៕