បទវិចារណកថា៖ ការវាយ​ប្រហារ​របស់​ក្រុម Houthi លើ​ប្រទេស​អារ៉ាប៊ី​ សាអូឌីត ធ្វើ​ឲ្យ​អន្តរាយ​ដល់​ក្តីសង្ឃឹម​សន្តិភាព

រូបឯកសារ៖ នៅក្នុង​រូបភាព​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញ​ពី​យន្តហោះ​មួយគ្រឿង​ដែល​រងការ​ខូចខាត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Abha។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការវាយ​ប្រហារ​នៅពេល​ថ្មីៗ​នេះ​របស់​ក្រុម Houthi ប្រឆាំង​នឹង​ប្រទេស​អារ៉ាប៊ី សាអូឌីត។ កាលពី​ថ្ងៃ​ទី៣១ ខែ​សីហា ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) មួយគ្រឿង​បាន​បុក​អាកាសយានដ្ឋាន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Abha ធ្វើ​ឲ្យ​ជន​ស៊ីវិល៨នាក់​រងរបួស ​និង​ធ្វើ​ឲ្យ​ខូចខាត​យន្តហោះ​អាកាសចរណ៍​មួយ​គ្រឿង។ កាលពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​ក្រុម Houthi ទៅលើ​ខេត្ត Eastern នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ធ្វើ​ឲ្យ​កូនក្មេង​២​នាក់​រង​របួស​និង​ខូចខាត​ផ្ទះ​សម្បែង​មួយចំនួន។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​កត់សម្គាល់​ថា ចាប់តាំងពី​ដើម​ឆ្នាំ២០២១មក «ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ទទួល​រង​ការវាយ​ប្រហារ​ជាង​២៤០​ដង​មកពី​ក្រុម Houthi ដែល​បាន​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​អារ៉ាប៊ី សាអូឌីត រួមជាមួយ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ជាង​ ៧ម៉ឺន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេសអារ៉ាប៊ី សាអូឌីត។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា «ក្រុម Houthis ក៏បាន​បង្កើន​ការវាយ​ប្រហារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​យេម៉ែន ជាពិសេស​ការវាយ​ប្រហារ​របស់​ពួកគេ​នៅ​ទីក្រុង Marib»។ កាលពី​ថ្ងៃ​ទី២៩ ខែ​សីហា ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​និង​កាំជ្រួច​មីស៊ីល​លើ​អាកាសយានដ្ឋាន Al-Anad នៅ​ក្នុង​ខេត្ត Lajh នៃ​ប្រទេស​យេម៉ែន ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៣០នាក់។

ស្ថានបេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអូឌីត បាន​ហៅ​ការវាយ​ប្រហារ​នេះ​ថា ជា«ការ​គួរឲ្យ​តក់ស្លុត» ដោយ​បាន​បញ្ជាក់​ទៀត​ថា វា​បាន​គំរាម​កំហែង «អាយុ​ជីវិត ហេដ្ឋារចនាសម្ព័ន្ធ ​និង​ក្តីសង្ឃឹម​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​យេម៉ែន»។

ប្រទេស​យេម៉ែន បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៤ នៅពេល​ដែល​ក្រុម Houthis បាន​ដណ្តើមយក​រដ្ឋធានី Sana'a ពី​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ហើយ​បាន​បណ្តេញ​ប្រធានាធិបតី​យេម៉ែន​ឲ្យ​និរទេស​ខ្លួន។ ក្រុម​យោធាចម្រុះដែល​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត បាន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​យេម៉ែន​នៅ​ឆ្នាំ២០១៥ ដើម្បី​គាំទ្រ​កងកម្លាំង​របស់​រដ្ឋាភិបាល​យេម៉ែន​ដែល​ត្រូវ​បណ្តេញ​ពី​អំណាច និងដែល​មាន​ការទទួល​ស្គាល់​ពី​អន្តរជាតិ ​និង​ស្រប​ច្បាប់។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ មនុស្ស​យ៉ាងតិចណាស់ ២៣៣០០០ នាក់​បាន​ស្លាប់ រួមមាន​១៣១០០០ ដោយ​ការខ្វះ​ម្ហូបអាហារ សេវាកម្ម​សុខភាព និង​ហេដ្ឋារចនាសម្ព័ន្ធ។ នេះ​បើ​តាម​ការស្មាន​របស់​អង្គការ​សហប្រជាជាតិ។ ជម្លោះ​នោះ បាន​នាំ​ឲ្យ​មាន​មហន្តរាយ​មនុស្ស​ជាតិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​របស់​ពិភពលោក ដោយ​មាន​មនុស្ស​ ៥លាន​នាក់​នៅ​ក្នុង​ប្រទេស​យេម៉ែន​ហៀប​នឹង​ដាច់ពោះ​ស្លាប់​ដោយសារ​ការអត់​បាយ ​ហើយ​ជាង​២០លាន​នាក់​ទៀត​ត្រូវ​ការជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់។

កាលពី​ខែ​មិនា ឆ្នាំ២០២១ ប្រទេស​អារ៉ាប៊ី សាអូឌីត​ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​យេម៉ែន បាន​សម្តែង​នូវ​ការប្រុងប្រៀប​របស់​ខ្លួន​ដើម្បី​ព្រមព្រៀង​ដល់​ការឈប់​បាញ់​គ្នា​ទូទាំង​ប្រទេស​នៅ​ក្នុង​ប្រទេស​យេម៉ែន ក៏ប៉ុន្តែ សំណើ​នេះ​ បាន​ត្រូវ​ច្រានចោល​ដោយ​ក្រុម Houthis។

រដ្ឋបាល​លោក Biden និង​លោកស្រី Harris បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ការទូតដល់​ជម្លោះ​នេះ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Blinken បាន​មាន​ប្រសាសន៍​ថា ការវាយ​ប្រហារ​របស់​ក្រុម Houthis កំពុង​ធ្វើឲ្យ​ជម្លោះ​នោះ​មាន​ជា​រៀង​រហូត អូស​បន្លាយ​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​យេម៉ែន​ និងកំពុង​បង្ក​គ្រោះថ្នាក់​ដល់​ការប្រឹង​ប្រែង​ដើម្បី​សន្តិភាព​នៅ​ពេល​វេលា​ដ៏​សំខាន់​នេះ។ លោក​បាន​សរសេរ​ទៀត​ថា យើង​អំពាវនាវ​ដល់​ក្រុម Houthis ឲ្យគោរព​បទ​ឈប់​បាញ់​គ្នា​ ហើយ​នឹង​ចូលរួម​នៅ​ក្នុង​ការចរចា​ក្រោម​ការពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ»៕