បទវិចារណកថា៖ ការស្ទង់​ប៉ាន់​មើល​សេចក្តី​ត្រូវការ​ខាង​មនុស្សធម៌​​ក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា និង​ហុងឌូរ៉ាស

រូបឯកសារ៖ យោធា​សហរដ្ឋ​អាមេរិក ជួយ​ចែក​ជំនួយ បន្ទាប់ពី​ព្យុះសង្ឃរា​កាលពី​ឆ្នាំ​មុន​នៅ​ប្រទេស​ក្វាតេម៉ាឡា។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​អែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា​ និង​ហុងឌូរ៉ាស​មាន​អំពើហិង្សា អំពើ​ពុក​រលួយ​និងការ​លូតលាស់សេដ្ឋកិច្ច​មាន​កម្រិត ​ដែល​នាំ​ឱ្យ​មានជន​ចំណាក​ស្រុកមិន​ធម្មតា​ពីប្រទេស​ទាំង​នេះ​ ​មក​កាន់​សហរដ្ឋ​អាមេរិក។ បន្ថែម​ពី​លើ​នេះ​ ប្រទេស​ទាំង​បី​នេះ​ ស្ថិត​នៅ​ក្នុងអ្វី​ដែល​គេស្គាល់​ថា ​ជា«តំបន់របៀង​រាំង​ស្ងួត» ដែល​ជា​តំបន់​ព្រៃត្រូពិកសោះ​កក្រោះនៅ​តាមឆ្នេរមហា​សមុទ្រប៉ាស៊ីហ្វិក​នៃ​តំបន់​កណ្តាលទ្វីប​អាមេរិកដែលអាច​រង​គ្រោះ​ដោយ​ងាយ​ដោយសារការ​ប្រែប្រួល​អាកាសធាតុ។ កាល​ពី​ខែ​វិច្ឆិកា ប្រទេស​ក្វាតេម៉ាឡា ​និង​ហុងឌូរ៉ាស​ មានខ្យល់ព្យុះ​សង្ឃរា​ពីរ គឺខ្យល់ព្យុះ Eta និង Iota។ ហេតុការណ៍ទាំង​នេះ​ បានរួម​ចំណែក​ដល់​ការខាត​បង់​ខ្លាំង​ដល់គ្រួសារ​រាប់​លាន​និងនាំ​ឱ្យ​មាន​ការខូចខាត​ច្រើន​ដល់​កសិកម្មផង​ដែរ ជាពិសេស​ ​ក្នុង​ការធ្វើ​កសិកម្ម​ខ្នាត​តូច​សម្រាប់​តែមួយ​រស់ ​ដោយកាន់​តែ​បង្ក​ឲ្យ​មាន​អសន្តិសុខស្បៀងខ្លាំងឡើង។

ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋ​អាមេរិក (USAID) ផ្តល់​ប្រាក់​ប្រមាណ១១២លាន ដុល្លារក្នុង​ជំនួយ​មនុស្សធម៌​ ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ សម្រាប់​ជំនួយម្ហូប​អាហារគ្រា​មាន​អាសន្ន សេវាកម្ម​អាហា​រូបត្ថម្ភ ទឹក​ស្អាត​សម្រាប់​បរិភោគ ទី​ជម្រក កម្មវិធី​ធ្វើ​ឱ្យ​មាន​ប្រាក់​ចំណូល និង​កិច្ចខិខំប្រឹង​ប្រែងកាត់​បន្ថយហានិភ័យនៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ។ បន្ថែម​លើ​នេះ ពី​ឆ្នាំ​សាពើ​ពន្ធ២០១៨ ​ដល់​ឆ្នាំ២០២០ ការិយាល័យ​ខាង​កិច្ចការ​ប្រជាពលរដ្ឋ ជនភៀសខ្លួន​ និង​ចំណាក​ស្រុកនៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​ប្រាក់២៤៨លាន​ដុល្លារក្នុង​ជំនួយមនុស្សធម៌សម្រាប់​ការ​ឆ្លើយ​តប​របស់ប្រទេស​ម៉ិកស៊ិក​ និង​តំបន់​កណ្តាល​នៃ​ទ្វីប​អាមេរិក ដើម្បី​ដោះស្រាយសេចក្តី​ត្រូវការ​របស់ក្រុម​ជន​ភៀសខ្លួន ពួក​អ្នក​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន ក្រុម​មនុស្ស​ខ្ចាត់​ព្រាត់​នៅ​ខាង​ក្នុង​ប្រទេស​ហៅ​កាត់​ថា IDPs ព្រមទាំងដល់ពួក​ជន​ចំណាក​ស្រុកដែល​អាចរងគ្រោះ​ ដោយមាន​រួម​បញ្ចូល​ការ​ឆ្លើយ​តបដល់វិបត្តិកូវីដ១៩ក្នុ​ង​ឆ្នាំ​សារពើ​ពន្ធ ២០២០​ ផង​ដែរ។ ក្នុងចំនួនទឹក​ប្រាក់នេះ​ ប្រាក់ជិត៨៥លាន​ដុល្លារ​គាំទ្រ​សកម្មភាពក្នុងប្រទេស​អែលសាវ៉ាឌ័រ ក្វាតេម៉ាឡា​ និង​ហុងឌូរ៉ាស។

បន្ថែម​លើ​នេះ ទីភ្នាក់ងារ USAID ​បានបញ្ជូនក្រុម​ឆ្លើយតបខាង​ជំនួយគ្រា​មាន​មហន្តរាយ​ ហៅកាត់​ថា DART ទៅ​កាន់​តំបន់​នោះ​ផងដែរ។ ក្រុម​អ្នក​ជំនាញ​នេះ នឹងវាយ​តម្លៃ​ការខូចខាត​ សេចក្រី​ត្រូវការជា​អាទិភាព​ សម្របសម្រួលជា​មួយ​ពួក​ដៃគូ​ និង​ពួក​មន្ត្រី​ក្នុង​មូលដ្ឋាន ហើយ​ផ្តល់​ជំនួយ​ដែល​ត្រូវ​ការ​ជា​បន្ទាន់ដល់​ក្រុម​គ្រួសារ​មាន​ផល​ប៉ះ ពាល់​ដោយសារវិបត្តិ និង​សហគមន៍​ក្នុង​ប្រទេស​ទាំង​នេះ។

ជំនួយមនុស្សធម៌ផ្តល់ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាមរយៈ​ទីភ្នាក់ងារ USAID និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ជា​ការបន្ថែម​លើកម្មវិធី​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​រយៈពេល​យូរ​ក្នុង​តំបន់​នោះ។ សកម្មភាព​បែប​នេះ ត្រូវ​រៀបចំ​ឡើង​ដើម្បី​ដោះស្រាយ​បុព្វហេតុ​ជាឬសគល់នៃជនចំណាក​ស្រុក​មិនធម្មតា និង​ការ​ខ្ចាត់​ព្រាត់​ពីផ្ទះ​សំបែង​ដោយបង្ខំនៅក្នុង​ប្រទេស​អែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា​ និង​ហុងឌូរ៉ាស់។ ជាផ្នែក​នៃកម្មវិធី​ទាំង​នេះ USAID ​ធ្វើការ​ជា​មួយ​រដ្ឋាភិបាល​ សង្គម​ស៊ីវិល និង​វិស័យ​ឯកជនក្នុងតំបន់ដើម្បី​ពង្រឹង​ឱកាស​សេដ្ឋកិច្ច​ ពង្រឹងអភិបាលកិច្ចនិង​សន្តិសុខ និង​កសាងភាពមិន​ទ្រុឌទ្រោមខ្លាំង​ជាងមុន​ដល់​ការប្រែប្រូល​ធាតុអាកាស។

ការ​ជួយ​ក្រុម​ជនខ្វះខាត ជា​គុណតម្លៃ​ស្នូលរបស់​អាមេរិកាំង ហើយ​សហរដ្ឋ​អាមេរិកនៅ​តែ​ប្តេជ្ញា​ជួយ​ប្រជារាស្ត្រ​នៃ​ប្រទេស​អែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា ​និង​ហុងឌូរ៉ាស​ ឱ្យកែ​លម្អស្ថានភាពរបស់​ពួក​គេ​ដើម្បី​ឱ្យពួក​គេ​អាចកសាងជីវិត​ពួក​គេដោយ​មាន​ការទុកចិត្ត​នៅ​ក្នុង​ប្រទេស​ពួកគេ៕