តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២១ ហៅ COP26 កាលពីខែវិច្ឆិកាមុន បានធ្វើឱ្យមានសន្ទុះធំមួយឆ្ពោះទៅកាន់ការធ្វើឱ្យសម្រេចគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ។ ដោយសារភាពបន្ទាន់នៃវិបត្តិអាកាសធាតុនៅពេលនេះ វាអាស្រ័យលើពិភពលោកក្នុងការធ្វើឱ្យសម្រេចការប្តេជ្ញាទាំងនេះដើម្បីការពារជីវិតនិងជីវភាពនៅពេលបង្កើតការងារថ្មីៗរាប់លាននិងធ្វើឱ្យមានភពផែនដីមួយដែលមានសុខភាពល្អជាងមុន។
នៅក្នុងសន្និសីទ COP26 ប្រទេសជាតិជិត២០០បានសម្រេចរួមគ្នាថា នឹងកម្រិតកំណើនសីតុណ្ហភាពផែនដីត្រឹម១,៥អង្សាសេដោយកាត់បន្ថយការសាយភាយឧស្ម័នកាបោនដល់កម្រិតទាបបំផុតចំនួន៤៥ភាគរយមុនឆ្នាំ២០៣០ សម្រាប់ធ្វើឱ្យសម្រេចការគ្មានការសាយភាយសារធាតុពុលក្នុងអាកាសនៅពាក់កណ្តាលសតវត្សរ៍នេះ ព្រមទាំងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឯទៀតៗយ៉ាងច្រើនផងដែរ។
លោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកដោះស្រាយកិច្ចការអាកាសធាតុបាននិយាយថា នៅពេលនេះយើងប្រុងប្រៀប«កែប្រែពាក្យថា «ប្រសិនបើ» ឱ្យទៅជាការចាំបាច់» នៅក្នុងសន្និសីទ COP27 នៅ Sharm-el-Sheikh ប្រទេសអេហ្សីបក្នុងខែវិច្ឆិកា។
គឺនៅទីនោះហើយដែលការអនុវត្តបន្ថែម Implementation Plus នឹងធ្វើឡើង។ លោក Kerry បានថ្លែងថា «វាមានន័យថាការធ្វើឱ្យសម្រេចការសន្យាដែលមានការពង្រឹងការប្តេជ្ញាដែលមិនខ្លាំងគ្រប់គ្រាន់ និងបង្កើតការប្តេជ្ញាថ្មីៗ និងកិច្ចប្រឹងប្រែងនៅកន្លែងដែលគ្មាន។ ពួកប្រទេសតំណាង៦៥ភាគរយនៃផលិតផលសរុបក្នុងប្រទេសជាសាកលបានចុះហត្ថលេខាអំពីទីដៅដែលសន្យាបន្ថយសីតុណ្ហភាពពិភពលោកចំនួន១,៥អង្សា។ នៅពេលនេះ ក្រុមប្រទេសទាំងនោះត្រូវតែបំពេញតាមការសន្យាទាំងនោះ»។
បន្ទាប់មកគឺមានផ្នែក«បូក»នៃសមីការ។ នេះមានរួមបញ្ចូល៣៥ភាគរយនៃសេដ្ឋកិច្ចដែលត្រូវការចំណាត់ការបន្ថែមជាមួយអ្វីដែលពួកអ្នកវិទ្យាសាស្ត្រនិយាយថាត្រូវតែធ្វើដើម្បីធ្វើឱ្យប្រាកដប្រជាអំពីការរស់រាន។
លោក Kerry បានពោលថា ការពិតជាក់ស្តែងគឺថាមានការប្តេជ្ញាឯទៀតៗជាច្រើនដែលតម្រូវឱ្យមានការអនុវត្ត ដូចជាការសន្យាអំពីម៉េតានសាកល ការប្រកាសគាំទ្រដល់ការធ្វើមិនឱ្យមានការសាយភាយសារធាតុពុលក្នុងអាកាស ការបន្ថយការប្រើធ្យូងថ្ម និងបញ្ចប់ការផ្តល់ប្រាក់ជំនួយដល់វិស័យឥន្ធនៈ ហ្វូស៊ីល និងការបញ្ឈប់ការកាប់ព្រៃឈើ។ លោកបាននិយាយថា «ការអនុវត្តបូក» ត្រូវអនុវត្តក្នុងប្រទេសទាំងអស់។
បន្ថែមលើនេះ លោកបានអំពាវនាវដល់ពិភពលោកឱ្យជួយការពារក្រុមមនុស្សនិងសហគមន៍ងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ប្រេសិតពិសេសលោក Kerry បានថ្លែងថា «នៅកន្លែងច្រើន មនុស្សមិនចង់ធ្វើការផ្លាស់ប្តូរទេ។ យើងត្រូវតែធ្វើការផ្លាស់ប្តូរ។ គ្មានអ្វីជាលេសសម្រាប់ការបន្តភាពជាធម្មតាទេ ពីព្រោះយើងកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ»។
លោកបានមានប្រសាសន៍ទៀតថា«យើងមានផែនទីបង្ហាញផ្លូវមួយ។ យើងគ្រាន់តែធ្វើតាមផែនទីនេះ។ វាស្រេចលើយើងគ្រប់គ្នាសម្រេចអំពីអ្វីដែលនឹងកើតមាន គឺតាមរយៈការធ្វើសកម្មភាព ឬមួយតាមរយៈភាពអសកម្មរបស់យើង»៕