Accessibility links

Breaking News

បទវិចារណកថា៖ ការថែរក្សា​ព្រៃឈើ​របស់​ពិភពលោក ជួយ​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ


ប្រធានាធិបតី​កូឡុំប៊ី​លោក Ivan Duque ឈរ​នៅ​ក្បែរ​ផ្ទាំងរូប​ដែល​សំណេរ​ថា «យើង​កំពុង​ដាំ​ដើមឈើ​១៨០​លាន​ដើម» ក្នុង​អំឡុង​ពេល​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​លើក​ទី ២៦ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) ក្នុង​ប្រទេស​ស្កុតលែន កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រធានាធិបតី​កូឡុំប៊ី​លោក Ivan Duque ឈរ​នៅ​ក្បែរ​ផ្ទាំងរូប​ដែល​សំណេរ​ថា «យើង​កំពុង​ដាំ​ដើមឈើ​១៨០​លាន​ដើម» ក្នុង​អំឡុង​ពេល​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​លើក​ទី ២៦ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) ក្នុង​ប្រទេស​ស្កុតលែន កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការថែរក្សា​ព្រៃឈើ​របស់​ពិភពលោក ​មានសារៈ​សំខាន់​ដល់​ការខំប្រឹងប្រែង​នៅទូទាំង​ពិភពលោក​ដើម្បីកាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ។ ជារៀងរាល់​ឆ្នាំ ព្រៃឈើ​ បាន​ចាប់​យក​ និង​ផ្ទុក​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​កាបោន​ឌីអុកស៊ីត​របស់សាកល​លោក​ចំនួន​១៥​ភាគរយ។

លោក​ប្រធានាធិបតី Joe Biden បាន​ថ្លែង​នៅឯ​សន្និសីទ​ស្តីពីការប្រែប្រួល​អាកាសធាតុរបស់​អង្គការ​សហប្រជាជាតិ​ថា៖ «ប្រសិនបើយើង​ទាំង​អស់​គ្នា​ធ្វើការ​ជាមួយ​គ្នាដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រភព​ធនធាន​ដ៏​មាន​តម្លៃ​ទាំង​នោះ ត្រូវ​បាន​ថែរក្សា ព្រៃឈើ​ មាន​សក្តានុពល​ដើម្បី​កាត់​បន្ថយ​កាបោន​ទូទាំង​សាកល​លោក​ជាង​១ភាគ៣»។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ទៀតថា៖ «ការថែ​រក្សា​ព្រៃឈើ​របស់​យើង​និង​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ដែល​មាន​សារៈសំខាន់​ផ្សេង​ៗ​ទៀត ជា​ចំណែក​ដ៏​សំខាន់មួយ​នៃ​ការថែរក្សា​គោលដៅ​អាកាសធាតុ​របស់​យើង​ដែល​អាច​ធ្វើ​ទៅបាន​ និង​អាទិភាព​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​យើង​មាន​ដូចជា៖ ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ទឹក​ស្អាត ការថែរក្សា​ជីវៈចម្រុះ ការគាំទ្រ​សហគមន៍​នៅតាម​ជនបទ​ និង​ជនជាតិ​ដើម ហើយ​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការរាលដាលនៃ​ជំងឺ»។

ដូច្នេះ វា​ជា​ការត្រឹមត្រូវ​ដែល​ថា កិច្ចព្រមព្រៀង​ដ៏​សំខាន់​លើក​ទី១​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅឯ​សន្និសីទ​ប្រែប្រួល​អាកាសធាតុ បាន​ទាក់ទិន​នឹង​ការថែរក្សា​ព្រៃឈើ​របស់​ពិភពលោក។ មេដឹកនាំ​ពិភពលោក​ចំនួនជាង​១០០​ប្រទេស រួម​ទាំង​សហរដ្ឋ​អាមេរិក ប្រេហ្ស៊ីល កាណាដា សាធារណរដ្ឋ​ប្រជា​មានិតចិន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ឥណ្ឌូណេស៊ី រុស្ស៊ី​ និង​ចក្រភព​អង់គ្លេស បាន​តាំងចិត្ត​បញ្ចប់​ និង​បញ្ចៀស​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​កំណត់​ឆ្នាំ២០៣០។ ប្រទេស​ហត្ថលេខី​ទាំង​នោះ មាន​ព្រៃឈើ​ចំនួន៨៥ភាគរយ​របស់​ពិភពលោក។

ម្ចាស់​ជំនួយ​ ក៏បាន​សន្យា​ផ្តល់​ប្រាក់១៩ពាន់ ​លាន​ដុល្លារ​នៅ​ក្នុង​ថវិកា​ឯកជន និង​សាធារណៈ​សម្រាប់​ការ​ខំប្រឹងប្រែង​ថែរក្សា​ព្រៃ​ឈើ ខណៈដែល​ប្រទេស​ចំនួន​២៨​ផ្សេង​ទៀត បាន​តាំងចិត្ត​ធ្វើ​ឲ្យ​ប្រាកដ​ថា ពាណិជ្ជកម្ម​នៅ​ក្នុង​ផលិតផល​សំខាន់​ៗ​របស់​ពិភពលោក​ដូចជា ប្រេង​ដូង កាកាវ​ និង​សណ្តែក​សៀង មិន​ធ្វើ​ឲ្យ​មាន​ការកាប់​ព្រៃ​ឈើ​ទេ។

នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធានាធិបតី Joe Biden បាន​ផ្សព្វផ្សាយ​ផែនការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​អភិរក្សនិង​ស្តា​រព្រៃ​ឈើ​ និង​ប្រព័ន្ធ​អេកូឡូហ្ស៊ី​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​នៅ​ជុំវិញ​ពិភព​លោក។ លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «សហរដ្ឋ​អាមេរិក នឹង​ជួយ​ពិភពលោក​ឲ្យ​បាន​ទៅដល់​គោលដៅ​រួម​របស់​យើង​នៃ​ការបញ្ឈប់​ការបាត់បង់​ព្រៃ​ឈើ​ និង​ការស្តារ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​ព្រៃឈើ​បន្ថែម​ចំនួន២០០​លាន​ហិកតា​ និង​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ផ្សេង​ទៀត​នៅ​ឆ្នាំ​២០៣០»។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា៖ «យើងកំពុង​ធ្វើការ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ទីផ្សារ​ទទួល​ស្គាល់​គុណតម្លៃ​សេដ្ឋកិច្ច​ពិត​ប្រាកដ​នៃការចុះ​ថយ​នៃ​សារធាតុ​កាបោន​ធម្មជាតិ​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ម្ចាស់ដី និង​អ្នក​មាន​ការពាក់ព័ន្ធ​ខ្លាំងដើម្បី​ផ្តល់​អាទិភាព​ក្នុង​ការថែរក្សា​បរិដ្ឋាន។

យើងនឹង​ធ្វើការ​ដើម្បី​កែសម្រួល​លំហូរ​វិនិយោគ​ផ្នែក​ឯកជន និង​គោលដៅ​នៃ​ការអភិរក្ស រួម​ទាំង​ការកាត់​បន្ថយ​ការកាប់​បំផ្លាញ​ព្រៃឈើ បង្កើត​សង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​និរន្តរភាព ស្វែងរក​ប្រភព​ធនធាន​វត្ថុធាតុដើម​ដែល​មាន​និរន្តរភាព។

លោក​ប្រធានាធិបតី Biden មាន​ប្រសាសន៍​ទៀត​ថា៖ «ការថែរក្សា​ព្រៃ​ឈើ​ និង​ប្រព័ន្ធ​កេអូ​ឡូហ្ស៊ី​ផ្សេង​ទៀត អាច​ព្រមទាំង​ត្រូវតែ​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ធ្វើ​ឲ្យ​បាន​សម្រេច​គោលដៅ​អាកាសធាតុ​ដ៏​ធំ​របស់​យើង​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រគ្មាន​ឧស្ម័ន​កខ្វក់។ ខ្ញុំជឿជាក់​ថា យើង​អាចធ្វើ​បាន។ អ្វី​ដែល​យើង​ត្រូវធ្វើ​ គឺ​ស្វែង​រកឆន្ទៈ​ដើម្បី​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា ​ជា​ការត្រឹមត្រូវ​ និងដែល​យើង​ដឹង​ថា​ ជាការចាំបាច់​ហើយ​យើង​ដឹង​ថា ​ស្ថិតនៅ​ក្នុង​សមត្ថភាព​របស់​យើង»៕

XS
SM
MD
LG