បទវិចារណកថា៖ កិច្ចប្រជុំ​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង

រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol (ឆ្វេង) ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​ជប៉ុន​គឺ​ជា​សម្ព័ន្ធមិត្ត​ដែល​មាន​សមត្ថភាព​និង​មិន​អាច​ខ្វះ​បាន ហើយ​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ទាំង​ពីរ​នេះ​គឺ​រឹង​ដូច​ដែក។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង ៣ នៅ​រមណីយដ្ឋាន​លំហែកាយ Camp David របស់​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​រដ្ឋ​ Maryland ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ពេល​ថ្មីៗ​នេះ។

លោក​ប្រធានាធិបតី Biden បាន​លើក​ឡើង​ដូច្នេះ​ថា៖ «យើង​បាន​សម្រេច​ជា​ប្រវត្តិសាស្ត្រ​នូវ​កិច្ច​ប្រជុំ​កំពូល​ដាច់​តែ​ឯង​ដំបូង​បង្អស់​រវាង​មេដឹកនាំ​នៃ​ប្រទេស​យើង​ទាំង ៣ ក៏​ដូចជា​ការ​តាំងចិត្ត​របស់​យើង​នៅ​ក្នុង​ការ​ជួប​គ្នា​ក្នុង​កម្រិត​មេដឹកនាំ​ជា​រៀងរាល់​ឆ្នាំ»។

លោក​ប្រធានាធិបតី Biden បាន​បន្ថែម​ថា៖ «ពិភពលោក​របស់​យើង​ស្ថិត​នៅ​ចំណុច​របត់ គឺ​ចំណុច​ដែល​យើង​ត្រូវ​បាន​អំពាវនាវ​ឱ្យ​ដឹកនាំ​តាម​វិធី​ថ្មី»។

លោក​ថ្លែង​បន្ត​ដូច្នេះ​ថា៖ «ដំបូង យើង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ការពារ​ត្រីភាគី​របស់​យើង​ដើម្បី​ផ្ដល់​ជូន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ករណី​នេះ​គឺ​រួម​មាន​ទាំង​ការ​ចាប់ផ្ដើម​អនុវត្ត​នូវ​សមយុទ្ធ​យោធា​ពហុ​ផ្នែក​ប្រចាំ​ឆ្នាំ​ផង​ដែរ ដោយ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ការពារ​ត្រី​ភាគី​របស់​យើង​ឈាន​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ យើង​កំពុង​ពង្រឹង​បន្ថែម​ដល់​ការ​ចែក​រំលែក​ព័ត៌មាន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ព័ត៌មាន​អំពី​ការ​បាញ់​មីស៊ីល​និង​សកម្មភាព​តាម​អ៊ីនធឺណិត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ផ្នែក​គ្រាប់​ផ្លោង​មីស៊ីល​របស់​យើង»។

ប្រទេស​ទាំង ៣ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​រួម​របស់​ពួកគេ​នៅ​ក្នុង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​ការ​ដោះស្រាយ​បញ្ហា​បង្ខិតបង្ខំ​ខាង​សេដ្ឋកិច្ច។

លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ថា៖ «យើង​នឹង​បន្ត​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ពី [ប្រទេស​កូរ៉េ​ខាង​ជើង]» ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​លាង​លុយ​កខ្វក់​នៃ​រូបិយប័ណ្ណ​គ្រីបតូ​ឱ្យ​ទៅ​ជា​ប្រាក់​ដុល្លារ​អាមេរិក​រាប់​ពាន់​លាន​ដុល្លារ​ផង​ដែរ និង​ទប់ទល់​នឹង​លទ្ធភាព​នៃ​ការ​ផ្ទេរ​សព្វាវុធ​ដែល​មាន​បំណង​គាំទ្រ​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​ប្រឆាំង​នឹងអ៊ុយក្រែន។

លោក​ប្រធានាធិបតី Biden បាន​សង្កត់​ធ្ងន់​ថា ដោយ​រួម​គ្នា «យើង​នឹង​ងើប​ឈរ​ដើម្បី​ច្បាប់​អន្តរជាតិ សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក Biden បាន​បន្ត​ថា សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​បាន​តាំងចិត្ត​នៅ​ក្នុង​ការ​ចាប់ផ្ដើម​អនុវត្ត​នូវ​អ្វី​ដែល​យើង​ហៅ​ថា​ជា​ការ​សាកល្បង​ប្រព័ន្ធ​ព្រមាន​ជា​មុន​អំពី​សង្វាក់​ផ្គត់ផ្គង់ (Supply Chain Early Warning System Pilot) ដែល​នឹង​ជូន​ដំណឹង​បន្ទាន់​ដល់​ប្រទេស​របស់​យើង​អំពី​ការ​បង្អាក់​ចំពោះ​ផលិតផល​និង​វត្ថុធាតុ​ដើម​មួយ​ចំនួន​ដូចជា​សារធាតុ​រ៉ែ​សំខាន់ៗ ​ឬ​ក៏​អាគុយ​ជាដើម ដើម្បី​ឱ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឆាប់​រហ័ស។ ...បញ្ហា​នេះ​គឺ​ជា​បញ្ហា​ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩»។

លោក​ប្រធានាធិបតី Biden បាន​លើកឡើង​ទៀត​ថា៖ «នៅ​ទី​បំផុត ភាព​ជា​ដៃគូ​របស់​យើង​គឺ​អំពី​ការ​កសាង​អនាគត​ដ៏​ប្រសើរ​មួយ​សម្រាប់​ប្រជាជន​របស់​យើង»។

លោក​ប្រធានាធិបតី Biden មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ហេតុ​ដូច​នេះ​ហើយ​បាន​ជា​យើង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ឱ្យ​កាន់តែ​ជ្រាលជ្រៅ​ជាង​មុន​លើ​វិស័យ​សុខភាព​សាកល និង​ចាប់ផ្ដើម​អនុវត្ត​នូវ​ការ​ផ្លាស់ប្ដូរ​អ្នក​ជំនាញ​ត្រី​ភាគី​ដើម្បី​គាំទ្រ​ដល់​គម្រោង​ផ្ដួចផ្ដើម Cancer Moonshot របស់​សហរដ្ឋ​អាមេរិក។ ...នៅ​ក្នុង​សហរដ្ឋ​អាមេរិក យើង​កំពុង​ធ្វើ​បដិវត្តន៍​លើ​វិធី​ដែល​យើង​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​ជំងឺ​មហារីក។ ហើយ​ប្រសិន​បើ​ប្រទេស​យើង​ទាំង ៣ រួម​គ្នា ខ្ញុំ​ជឿជាក់​ថា ​យើង​អាច​គ្រប់គ្រង​ស្មារតី​នវានុវត្តន៍​រួម​របស់​យើង​និង​បញ្ចប់​នូវ​ជំងឺ​មហារីក ដូច​ដែល​យើង​ដឹង​រួច​មក​ហើយ»។

លោក​ប្រធានាធិបតី Biden បាន​បន្ថែម​ថា៖ «នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​និង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ យើង​នឹង​បន្ត​ក្ដាប់​ឱ្យ​ជាប់​នូវ​លទ្ធភាព​ទាំង​នោះ​ទាំង​អស់​គ្នា ដោយ​មិន​ងាករេ​ចំពោះ​ការ​រួបរួម​របស់​យើង​និង​គ្មាន​អ្វី​អាច​ផ្ទឹម​បាន​ចំពោះ​ការ​តាំងចិត្ត​របស់​យើង»៕