តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិងជប៉ុនបានជួបគ្នាកាលពីពេលថ្មីៗនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីពិភាក្សាគ្នាមានគោលដៅពង្រឹងសម្ពន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនក្នុងការប្រឈមនឹងឧបសគ្គខាងសន្តិសុខកើនឡើងជាងមុនពីសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងប្រទេសរុស្ស៊ី។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយនៅក្រោយកិច្ចចរចាគ្នានោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានហៅសម្ពន្ធភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនថា ជា«មូលដ្ឋាននៃសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ លោកបានសរសើរយុទ្ធសាស្ត្រសន្តិសុខនិងការពារជាតិថ្មីនៃប្រទេសជប៉ុន ដែលមានរួមកំណើនច្រើនក្រាស់ក្រែលក្នុងការចំណាយខាងសន្តិសុខនិងវិនិយោគក្នុងស្ថាប័ននិងហេដ្ឋារចនាសម្ព័ន្ធការពារប្រទេស។ លោករដ្ឋមន្ត្រី Blinken បានបន្ថែមថា «យុទ្ធសាស្ត្រថ្មីៗទាំងនេះបង្ហាញច្បាស់លាស់អំពីការប្តេជ្ញារបស់ជប៉ុន...ក្នុងការបំពេញមុខនាទីថ្មីៗនិងជំរុញឱ្យចម្រើនឡើងនូវកិច្ចសហប្រតិបត្តិការខាងការពារជិតស្និទ្ធជាងមុនជាមួយសហរដ្ឋអាមេរិកនិងពួកដៃគូរួមគ្នារបស់យើង»។ លោក Blinken បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាប្រព្រឹត្តតាមគុណតម្លៃរួមគ្នានៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ការពារនីតិរដ្ឋអន្តរជាតិ បន្តដឹកនាំពិភពលោកក្នុងការដោះស្រាយឧបសគ្គសាកលដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែឯកឯងបាន»។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ក៏បានគូសបញ្ជាក់ដែរអំពី«ការសម្របសម្រួលខាងយុទ្ធសាស្ត្រច្បាស់លាស់»រវាងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ហើយបានសរសើរសេចក្តីសម្រេចរបស់ជប៉ុនក្នុងការពង្រឹងកិច្ចការពាររបស់ខ្លួនផ្ទាល់ថាជាការរួមចំណែកសំខាន់មួយដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោកបានស្វាគមន៍អ្វីដែលលោកហៅថា «សេចក្តីសម្រេចអំពីសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រដើម្បីបង្កើនឱ្យបានច្រើនបំផុតនូវការតាំងទីរបស់កងកម្លាំងសហរដ្ឋអាមេរិក ក្នុងប្រទេសជប៉ុនដោយជំរុញសមត្ថភាពបត់បែន ចល័ត និងមានភាពធន់ច្រើនជាងមុន»។ លោក Austin បានមានប្រសាសន៍ថា៖ «សកម្មភាពទាំងនេះនឹងបង្កើនការធ្វើឱ្យរានៅក្នុងតំបន់និងអនុញ្ញាតឱ្យយើងការពារប្រទេសជប៉ុននិងប្រជារាស្ត្រជប៉ុនដោយមានប្រសិទ្ធភាពជាងមុន»។
ជាពិសេស លោករដ្ឋមន្ត្រី Austin បានចង្អុលបង្ហាញការចាត់ចែងជាថ្មីកងវរសេនាធំកាំ ភ្លើងធំម៉ារីនសហរដ្ឋអាមេរិកមួយនៅលើកោះ Okinawa ឱ្យទៅជាកងវរសេនាធំទាហានម៉ារីនតាមឆ្នេរសមុទ្រទី១២។ លោកបានពន្យល់ថា «យើងនឹងធ្វើឱ្យកងទាហានថ្មីនេះ មានការយកការសម្ងាត់ជឿនលឿន ការឃ្លាំមើលនិងការឈ្លបយកការសមត្ថភាពប្រឆាំងនឹងនាវានិងការដឹកជញ្ជូនដែលសមស្របតាមការគំរាមកំហែងក្នុងពេលបច្ចុប្បន្ន និងអនាគត»។
លោករដ្ឋមន្ត្រី Austin បានប្រកាសថា «សម្ព័ន្ធភាពយើងខ្លាំងជាងពេលណាៗទាំងអស់ ដោយផ្អែកលើគ្រឺះនៃការធ្វើការជាមួយគ្នាជាក្រុម ការទុកចិត្តគ្នា និងគុណតម្លៃដូចគ្នាដែលបានទ្រទ្រង់ទំនាក់ទំនងរបស់យើងច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ គ្មានឧបសគ្គណាមួយដែលយើងមិនអាចពុះពារបានទេ ប្រសិនបើយើងបន្តធ្វើការស្មាទល់នឹងស្មាជាមួយគ្នាតទៅទៀត»៕