បទវិចារណកថា៖ ក្រឡេក​មើល​អនាគត​នៃ​ប្រទេស​អ៊ុយក្រែន

រូបឯកសារ៖ ជនស៊ីវិល​អ៊ុយក្រែន​នៅក្នុង​តំបន់ Kherson ទទួល​បាន​ជំនួយ​ទឹក និង​ស្បៀងអាហារ បន្ទាប់ពី​ទឹកជំនន់​បាន​ស្រកចុះ​បន្ទាប់ពី​ការបាក់ទំនប់ Nova Kakhovka។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុងសន្និសីទស្តីពី​ការ​ស្តារ​ឡើងវិញ​របស់​អ៊ុយក្រែន​នៅ​ទីក្រុងឡុងដ៍​ រដ្ឋមន្ត្រីការបរទេសស.រ.អ.​លោក Antony Blinken បាន​ប្រកាស​ថា​ ស.រ.អ.​នឹង​ផ្តល់​ជំនួយ​បន្ថែមជាង​១,៣​ពាន់​លានដុល្លារ​ដើម្បីជួយ​អ៊ុយក្រែន​ឱ្យ​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​ពី​ការលុកលុយ​ដ៏​ឃោរឃៅ​និង​កំពុង​បន្តរបស់​រុស្ស៊ី។

លោកបាន​និយាយ​ថា៖​ «ការស្តារ​ឡើងវិញ​គឺ​មាន​លើស​ពីការ​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា ប្រជារាស្ត្រ​មានអ្វីៗ​ដែល​ពួក​គេ​ត្រូវការ​ដើម្បី​រស់នៅ...​ការរើប​ឡើងវិញគឺ​ជា​ការ​ចាក់​គ្រឹះ​សម្រាប់​ឱ្យ​អ៊ុយក្រែន​ចម្រើន​លូតលាស់ល្អប្រសើរ​ជាប្រទេស​ឯករាជ្យមួយមាន​សន្តិសុខ​ ចូល​រួម​ពេញលេញជាមួយ​អឺរ៉ុប ​ទាក់ទង​នឹង​ផ្សារ​នៅ​ទូទាំង​ពិភពលោក​ ជាប្រទេសប្រ​ជាធិបតេយ្យមួយ​ចាក់ឫសតាម​នីតិ​រដ្ឋ​ ជា​កន្លែង​មួយ​ដែល​ជនជាតិ​អ៊ុយក្រែនទាំង​អស់​គ្នា​មាន​សេចក្តីថ្លៃថ្នូរ ​សិទ្ធិ​មនុស្ស ​និង​ឱកាស​ដើម្បី​សម្រេច​សក្តានុពលពេញលេញ​របស់​ពួក​គេ‍»។

ដើម្បី​សម្រេចគោលដៅនេះ​ ប្រាក់​ចំនួន​ ៥២០​ លាន​ដុល្លារនៃ​ជំនួយ​បន្ថែមរបស់ស.រ.អ.​នេះ​នឹង​ធ្វើ​វិនិយោគ​ក្នុង​ការជួយ​កែលម្អ​វិស័យ​ថាមពល​ ប្រាក់​ចំនួន ​៦៥៧ ​លាន​ដុល្លារ​នឹង​ត្រូវ​ប្រើ​សម្រាប់​ជួយ​ធ្វើឱ្យ​ការឆ្លងកាត់​ព្រំដែន​ ផ្លូវ​រទេះភ្លើង កំពង់ផែ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ឯ​ទៀតៗ​នៃ​ប្រទេស​អ៊ុយក្រែនមាន​ភាពទំនើប។​

លោក Blinken បានពោលថា៖​ «យើងនឹង​ផ្តល់ប្រាក់បន្ថែម ​១០០​ លាន​ដុល្លារ​ទៀតសម្រាប់​ធ្វើឱ្យ​ប្រព័ន្ធគយ​និង​ប្រព័ន្ធឯ​ទៀតៗ​នៃ​ប្រទេស​អ៊ុយក្រែនតភ្ជាប់​អ៊ីនធឺណិត ​និង​កាត់បន្ថយ​អំពើ​ពុក​រលួយ។ ហើយ​យើង​នឹង​ផ្តល់​ប្រាក់​ ៣៥ ​លាន​ដុល្លារដើម្បី​ជួយ​ធុរកិច្ច​និង​ពួកសហគ្រិន​អ៊ុយក្រែន​តាមរយៈ​ការផ្តល់​ប្រាក់និងការធានា​រ៉ាប់រង​ដែល​កាត់​បន្ថយ​ការប្រថុយប្រថាន​សម្រាប់​ក្រុម​អ្នកបណ្តាក់ទុន​ក្នុង​ប្រទេស​អ៊ុយក្រែន‍»។

ការគាំទ្រ​ថ្មី​នេះ​មាន​ឡើង​បន្ថែម​លើ​ប្រាក់​ជាង​២០​ពាន់​លាន​ដុល្លារ​ដែល​ស.រ.អ.​បាន​ផ្តល់​ឱ្យក្នុង​ជំនួយសេដ្ឋកិច្ច​និង​ជំនួយ​អភិវឌ្ឍន៍ដល់​ក្រុម​អ្នក​ធ្វើការនិង​អាជីវករអ៊ុយក្រែន​ និង​បន្ថែម​លើប្រាក់ជាង ២,១​ ពាន់​លាន​ដុល្លារក្នុង​ជំនួយ​មនុស្សធម៌ដែល​ស.រ.អ.​ផ្តល់​ឱ្យ​ប្រទេស​នេះ។

លោក​រដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍​ថា៖​ «បន្ថែម​លើជំនួយ​សេដ្ឋកិច្ចនិង​អភិវឌ្ឍន៍និងជំនួយ​មនុស្សធម៌​ ស.រ.អ.​នឹងបន្តបណ្តាក់ទុន​ក្នុង​ការប្រឹងប្រែងរយៈពេល​យូររបស់​អ៊ុយក្រែនដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ ​តម្លាភាព​ ការ​ទទួល​ខុស​ត្រូវខ្ពស់។ យើង​នឹង​ពង្រឹងវិស័យ​យុត្តិធម៌​និង​ស្ថាប័ន​ប្រឆាំង​នឹងអំពើពុក​រលួយ​ ពង្រឹង​សង្គម​ស៊ីវិល​និង​សារព័ត៌មានសេរី​របស់​ប្រទេស​នេះ...​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ប្រឹងប្រែង​ក្នុង​ការពង្រឹង​ស្ថាប័នទាំង​នេះ​ ទោះ​ជាខ្លួនប្រយុទ្ធ​ដើម្បី​ការរស់​របស់​ខ្លួន​ក៏​ដោយ‍»។

លោក​រដ្ឋមន្ត្រី Blinken បានគូសបញ្ជាក់​ថា​ ជា​ការ​មាន​សារៈសំខាន់​ដែលពិភពលោក​នឹង​នឹក​ឃើញហេតុ​ដូចម្តេចបាន​ជា​អ៊ុយក្រែនត្រូវកា​រការកសាង​និង​ការរើប​ឡើង​វិញ​។ លោក​បានពោល​ថា៖ «​រុស្ស៊ីបាន​បំផ្លិចបំផ្លាញ​ប្រទេស​អ៊ុយក្រែន ​ហើយ​រុស្ស៊ីនឹងត្រូវបង់​សោហ៊ុយនៃ​ការ​កសាង​ប្រទេស​អ៊ុយក្រែនជា​ថ្មី​ឡើង​វិញ‍»។​

លោក​រដ្ឋមន្ត្រី​ Blinken ​បាន​ប្រកាស​ថា៖​ «រហូត​ដល់​ពេល​នោះ ​យើងនឹងបន្តឈរជា​មួយ​ប្រជារាស្ត្រអ៊ុយក្រែ​ន នៅពេលពួកគេ​ធ្វើពលិកម្ម​ដ៏​ធំ​បំផុត​ដើម្បី​ការពារ ​កសាង​ជា​ថ្មីនិងគិតគូរប្រទេស​ពួក​គេ​ជា​ថ្មី​ឡើង​វិញ‍»៕