តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អ្នកតំណាងបម្រុងរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បាននិយាយថា សហរដ្ឋអាមេរិកមានការខកចិត្តដោយសារតែភាពជាប់គាំងនៃកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី។ លោកបានជំរុញសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ឱ្យអំពាវនាវដល់របបស៊ីរីឱ្យចូលរួមក្នុងដំណើរការនយោបាយដោយសុច្ចរិត។
លោកឯកអគ្គរដ្ឋទូត Wood បានពន្យល់ថា ទន្ទឹមនឹងនេះដែរ ស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរីនៅតែអាប់អួ។ ប្រជាពលរដ្ឋជាង១៦លាននាក់នៅក្នុងប្រទេសស៊ីរី ពឹងផ្អែកលើជំនួយ ដោយមានប្រជាពលរដ្ឋចំនួន១០លាន៨សែននាក់ស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត ដោយពួកគេត្រូវការជំនួយសង្គ្រោះជីវិតភ្លាមៗ។
លោកឯកអគ្គរដ្ឋទូត Wood បានថ្លែងថា៖ «តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះបញ្ជាក់ជាថ្មីម្តងទៀតនូវអ្វីដែលសហគមន៍ជំនួយមនុស្សធម៌និងប្រជាពលរដ្ឋស៊ីរីបាននិយាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺមិនមានជំនួយគ្រប់គ្រាន់សម្រាប់អ្នកដែលត្រូវការទេ។ ការរៀបចំមានរយៈពេល៩០ថ្ងៃជាមួយរបបស៊ីរីសម្រាប់ការចូលដំណើរការរបស់អង្គការសហប្រជាជាតិដោយការឆ្លងកាត់ក្រុង Bab Al-Salam និងក្រុង Bab Al-Rai នឹងផុតកំណត់ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ ច្រកឆ្លងកាត់ទាំងពីរនេះបានផ្តល់នូវលទ្ធភាពដ៏សំខាន់ និងបានបើកដំណើរការនូវការផ្តល់ជំនួយឱ្យបានកាន់តែលឿននិងមានប្រសិទ្ធភាពជាងមុនដល់សហគមន៍ដែលត្រូវការជំនួយ បន្ថែមពីលើការឆ្លងកាត់ដ៏សំខាន់នៅព្រំដែន Bab Al-Hawa។ ការរៀបចំរយៈពេលប្រាំមួយខែសម្រាប់ការឆ្លងកាត់នោះនឹងផុតកំណត់នៅក្នុងខែកក្កដាខាងមុខនេះ»។
លោកឯកអគ្គរដ្ឋទូត Wood បានប្រកាសថា ការពង្រីកការរៀបចំទាំងនេះនៅនាទីចុងក្រោយគឺមិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាដ៏គួរឱ្យភ័យខ្លាច និងតម្រូវការមនុស្សធម៌ដែលត្រូវការជាបន្តនៅក្នុងប្រទេសស៊ីរីនោះទេ។
ទាក់ទិននឹងការឃុំខ្លួន និងការបាត់ខ្លួន លោកឯកអគ្គរដ្ឋទូត Wood បានស្វាគមន៍ចំពោះការផ្តល់មូលនិធិនាពេលថ្មីៗនេះដោយស្ថាប័នឯករាជ្យសម្រាប់ជនបាត់ខ្លួននៅក្នុងប្រទេសស៊ីរី។ ក្រុមគ្រួសារគួរតែត្រូវបានដឹងពីជោគវាសនា និងថា អ្នកដែលបាត់ខ្លួនជាង១៥៥.០០០ នាក់កំពុងស្ថិតនៅទីណា ឬត្រូវបានឃុំខ្លួនដោយបំពាននៅក្នុងប្រទេសស៊ីរីដោយគ្រប់ភាគីនៃជម្លោះ។
លោកឯកអគ្គរដ្ឋទូត Wood បានរំឭកឡើងវិញនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់លោកដែលថា របបស៊ីរីបានអនុញ្ញាតឱ្យក្រុមជីវពលដែលជាសម្ពន្ធមិត្តជាមួយអ៊ីរ៉ង់ធ្វើប្រតិបត្តិការនៅលើទឹកដីរបស់ខ្លួន ខណៈដែលអ៊ីរ៉ង់នៅតែបន្តផ្តល់អាវុធទំនើបៗ ជំនួយផ្នែកចារកម្ម ជំនួយហិរញ្ញវត្ថុ និងការបណ្តុះបណ្តាល។
លោកឯកអគ្គរដ្ឋទូត Wood បានថ្លែងថា៖ «ភ្នាក់ងារសកម្មប្រយុទ្ធរបស់អ៊ីរ៉ង់និងដៃគូគឺគ្រាន់តែស្វែងរកវិធីធ្វើឱ្យរបៀបវារៈអស្ថិរភាពរបស់ពួកគេប្រសើរឡើងតែប៉ុណ្ណោះ ហើយវាច្បាស់ណាស់ថា ប្រជាពលរដ្ឋស៊ីរីកាន់តែមិនពេញចិត្តចំពោះវត្តមានរបស់ពួកគេ។ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៅក្នុងប្រទេសស៊ីរី និងប្រទេសជិតខាង សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូការទូតរបស់យើងដើម្បីឆ្ពោះទៅរកការដោះស្រាយភាពតានតឹងទាំងអស់នៅក្នុងតំបន់»។
ប្រជាពលរដ្ឋស៊ីរីបានរងទុក្ខជាយូរណាស់មកហើយ ហើយស្ថានភាពកាន់តែធ្ងន់ធ្ងររបស់ពួកគេទាមទារឱ្យមានការឆ្លើយតបដ៏មុតមាំពីសហគមន៍អន្តរជាតិ។
លោកឯកអគ្គរដ្ឋទូត Wood បានថ្លែងបន្ថែមទៀតថា៖ «យើងត្រូវតែប្តេជ្ញាចិត្តជាថ្មីឡើងវិញក្នុងការផ្តល់មូលនិធិចាំបាច់ ឆន្ទៈនយោបាយ និងសកម្មភាពរួម ដើម្បីជួយប្រជាពលរដ្ឋស៊ីរីដែលខ្វះខាត»៕