តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
របាយការណ៍អំពីការអនុវត្តសិទ្ធិមនុស្សក្នុងប្រទេសនីមួយៗចែងអំពីស្ថានភាពសិទ្ធិមនុស្សដែលត្រូវទទួលស្គាល់ជាអន្តរជាតិក្នុងប្រទេសទាំងអស់ដែលជាសមាជិកអង្គការសហប្រជាជាតិ។ របាយការណ៍ទាំងនេះគាំទ្រគោលដៅសហរដ្ឋអាមេរិកក្នុងការជំរុញសេរីភាពបុគ្គលនិងសេរីភាពប្រជាធិបតេយ្យនៅទូទាំងពិភពលោកនិងធ្វើតាមសេចក្តីប្រកាសសាកលនៃសិទ្ធិមនុស្សដែលរំឭកខួបទី៧៥របស់ខ្លួននៅឆ្នាំនេះ។
ឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសស.រ.អ.ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកស្រី Erin Barclay បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះថា ដោយត្រូវបានអនុម័តកាលពីឆ្នាំ១៩៤៨ សេចក្តីប្រកាសសាកលស្តីពីសិទ្ធិមនុស្ស«កត់សម្គាល់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រថា យើងមានទស្សនៈវិស័យសាកលដូចគ្នាមួយដើម្បីឧបត្ថម្ភផ្ចុងផ្តើមអនាគតមួយមានសន្តិភាពសម្រាប់ប្រទេសជាតិទាំងអស់ដោយជំរុញសិទ្ធិមនុស្ស...របស់មនុស្សគ្រប់គ្នានៅគ្រប់កន្លែងទាំងអស់»។
លោកស្រីបានថ្លែងថា៖ «នៅថ្ងៃនេះ ការពិតជាក់ស្តែងនេះមាននៅក្នុងចិត្តរបស់មនុស្សនៅទូទាំងពិភពលោក ដែលឆ្លើយតបនឹងការប្រឈមនឹងអំពើអយុត្តិធម៌ និងការសង្កត់សង្កិន ដោយការអំពាវនាវយ៉ាងក្លាហានឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានក្នុងការនិយាយស្តីបញ្ចេញមតិ ការជួបជុំគ្នា និងការបង្កើតសមាគមដោយសន្តិវិធី និងសរីភាពខាងសាសនា ឬជំនឿ។
ស.រ.អ.ឈរដោយសាមគ្គីភាពជាមួយក្រុមអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងជាមួយសមាជិកនៃក្រុមជនដែលគេមិនសូវយកចិត្តទុកដាក់ ដែលជាញឹកញយត្រូវគេបដិសេធមិនឱ្យទទួលការការពារតាមរយៈច្បាប់ និងត្រូវបានយកធ្វើជាគោលដៅវាយប្រហារដោយអំពើហិង្សា មានរួមក្រុមស្ត្រីនិងកុមារី ក្រុមពូជសាសន៍ភាគតិចនិងសហគមន៍ជនជាតិដើម មានរួមមនុស្សមានអំបូរមកពីអាហ្វ្រិក ក្រុមសាសនាភាគតិច ពួកមនុស្សក្នុងក្រុមជន LGBTQI+ និងក្រុមមនុស្សពិការ។
លោករដ្ឋមន្ត្រីការបរទេស Blinken បានចង្អុលបង្ហាញថា សង្គ្រាមឃោរឃៅរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងដែលកំពុងមានធ្វើតទៅទៀតគូសបញ្ជាក់សេចក្តីត្រូវការឱ្យពួកជនដែលប្រព្រឹត្តការរំលោភដោយអមនុស្សធម៌ មានរួមទាំងការរំលោភប្រឆាំងនឹងក្រុមកុមារផង ទទួលខុសត្រូវដល់សកម្មភាពរបស់ពួកគេ។
លោកស្រីឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិក Barclay បានកត់សម្គាល់ថា៖ «ការរំលោភដ៏សែនរន្ធត់និងច្រើនដងដែលកងកម្លាំងរុស្ស៊ីនៅតែធ្វើតទៅទៀតក្នុងប្រទេសអ៊ុយក្រែនមានភាពធ្ងន់ធ្ងរជាងការរំលោភក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលនិងក្រុមតួអង្គអាក្រក់ឯទៀតៗនៅទូទាំងពិភពលោក»។
ព័ត៌មានមិនពិតនិងការប្រតិដ្ឋព័ត៌មានទាំងនេះនៅទូទាំងពិភពលោកគំរាមកំហែងថែមទៀតដល់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហើយការធ្វើវិភាគទានមួយដែលរបាយការណ៍អំពីសិទ្ធិមនុស្សបានធ្វើគឺយកការពិតជាក់ស្តែងដាក់លើតុ។ លោកស្រីឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិក Barclay បានមានប្រសាសន៍ថា ការបោះពុម្ពផ្សាយរបាយការណ៍ប្រចាំឆ្នាំនេះគឺដើម្បីនិយាយឱ្យច្បាស់លាស់អំពីអាទិភាពដែលស.រ.អ.យកចិត្តទុកដាក់ពេញមួយឆ្នាំៗដើម្បីជំរុញសេចក្តីថ្លៃថ្នូររបស់មនុស្សនិងសេរីភាពឱ្យចម្រើនលូតលាស់និងដើម្បីនិយាយជាថ្មីទៀតអំពីការប្តេជ្ញារបស់យើងដល់បញ្ហាទាំងនេះក្នុងប្រទេសទាំងអស់ មិនថាប្រទេសទាំងនេះជាដៃគូ ឬជាប្រទេសអមិត្តនឹងយើងទេ។
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានយកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាស្នូលនៃគោលនយោបាយការបរទេសរបស់ខ្លួន ហើយរបាយការណ៍អំពីសិទ្ធិមនុស្សបន្តបំពេញមុខនាទីមួយក្នុងការបកអាក្រាតការរំលោភបំពាននៅកន្លែងណាក៏ដោយ និងប្រព្រឹត្តដោយនរណាក៏ដោយ ហើយឱ្យក្រុមអ្នកប្រព្រឹត្តល្មើសទទួលខុសត្រូវដល់សកម្មភាពទាំងនេះរបស់ផងខ្លួន៕