បទវិចារណកថា៖ ជំហាន​មោះមុត​ថ្មី​នៅក្នុង​ការទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ

លោកប្រធានាធិបតី Joe Biden ចុះហត្ថលេខាលើ​បទបញ្ជា​ប្រតិបត្តិ​ក្នុង​គោលបំណង​ជួយស្ដារ​ព្រៃឈើដែល​ត្រូវបានបំផ្លិចបំផ្លាញ​ដោយ​ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និង​គ្រោះមហន្តរាយ​ផ្សេងៗទៀត ក្នុងពិធី​មួយនៅ​ឧទ្យាន Seward Park នៅទិវាផែនដី (Earth Day) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីក្រុង Seattle។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​ប្រារព្ធ​ទិវា​ផែនដី​កាលពី​ខែ​មេសា​គឺ​លើស​ពី​ការ​ប្រារព្ធ​អំពី​ធម្មជាតិ​និង​បរិស្ថាន​របស់​យើង​ទៅ​ទៀត។ ទិវា​នេះ​ក៏​ជា​ការ​គូស​បញ្ជាក់​ផង​ដែរ​អំពី​ការ​កើន​ឡើង​នៃ​ចលនា​បរិស្ថាន។

ទិវា​ផែនដី​ដំបូង​បង្អស់​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៧០ នៅ​ទី​បំផុត​បាន​បណ្ដាល​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​ដ៏​ទូលំទូលាយ​សម្រាប់​ការ​ការពារ​គុណភាព​ខ្យល់​អាកាស​និង​គុណភាព​ទឹក ការ​អភិរក្ស​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នានា និង​ការ​បង្កើត​ទីភ្នាក់ងារ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ការពារ​បរិស្ថាន។

នេះ​គឺ​ជា​ជំហាន​ដ៏​មោះមុត​មួយ​ចំនួន​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​បញ្ហា​នៃ​ការ​រេចរឹល​បរិស្ថាន។

នៅ​ក្នុង​ឆ្នាំ​នេះ នៅ​ថ្ងៃ​ទិវា​ផែនដី​និង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ទិវា​នេះ​ចូល​មក​ដល់ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden និង​អ្នកស្រី Kamala Harris បាន​ប្រកាស​អំពី​ជំហាន​មោះមុត​ឆ្ពោះ​ទៅ​មុខ​មួយ​ទៀត ដែល​នោះ​គឺ​ក្បួន​គោល​នយោបាយ​ថ្មី​ដែល​តាក់តែង​ឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​សាកលលោក។

គោល​នយោបាយ​ទាំង​នោះ​រួម​មាន​គម្រោង​ផ្ដួចផ្ដើម​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​និង​នៅ​ជុំវិញ​ពិភពលោក ក៏​ដូចជា​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​ការពារ​មហា​សមុទ្រ​តាម​រយៈ​ការ​បង្កើត​នូវ​តំបន់​អភិរក្ស​ធម្មជាតិ​ដែន​សមុទ្រ​ថ្មី​ពីរ​កន្លែង គម្រោង​ផ្ដួចផ្ដើម​នៅ​ក្នុង​ការ​ការពារ​បរិមាណ​ត្រី នៅ​ក្នុង​ការ​លុប​បំបាត់​សារធាតុ​កាបូន​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក និង​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​ឯ​សមុទ្រ។

គម្រោង​ផ្ដួចផ្ដើម​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ជា​ច្រើន​ដែល​រដ្ឋបាល​របស់​លោក Biden និង​អ្នកស្រី Harris បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល ១៤ ខែ​ដំបូង​របស់​ខ្លួន។

វិធានការ​ទាំង​នោះ​មាន​ដូចជា​សេចក្ដី​ប្រកាស​រួម​ក្រុង Glasgow រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នៅ​ក្នុង​ការ​បង្កើន​វិធានការ​អាកាសធាតុ​ក្នុង​ទសវត្សរ៍ ២០២០ ដែល​ជា​ទសវត្សរ៍​ដ៏​សំខាន់​នេះ ភាព​ជា​ដៃគូ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ងាយ​រងគ្រោះ​នានា​នៅ​ក្នុង​ការ​ជួយ​ពួកគេ​កសាង​ភាព​ធន់​ប្រឆាំង​នឹង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​រៀបចំ​កិច្ច​ប្រជុំ​តាម​អនឡាញ​ស្ដីពី​អាកាសធាតុ​ជាមួយ​នឹង​មេដឹកនាំ​ចំនួន ៤០ រូប​មក​ពី​ជុំវិញ​ពិភពលោក​ក្នុង​គោល​បំណង​កៀរគរ​ពិភពលោក​ឱ្យ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​និង​បំពេញ​តាម​ការ​ចង់​បាន​របស់​វិទ្យាសាស្ត្រ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​នៅ​ក្នុង​ទិវា​ផែនដី​ថា៖ «រដ្ឋបាល​នេះ​បាន​ផ្ដល់​អាទិភាព​ផ្នែក​គោល​នយោបាយ​ការបរទេស​លើ​វិបត្តិ​អាកាសធាតុ តាម​រយៈ​ការ​ធ្វើ​ការ​ដើម្បី​បង្កើន​មហិច្ឆតា​ជា​សាកល​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ ការ​បញ្ចូល​ទិដ្ឋភាព​បញ្ហា​អាកាសធាតុ​ទៅ​ក្នុង​គោល​នយោបាយ​ដ៏​ទូលំទូលាយ​របស់​យើង និង​ការ​បង្កើន​ដ៏​សំខាន់​នូវ​ការ​វិនិយោគ​លើ​ការ​សម្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ​និង​ភាព​ធន់។ ដោយសារតែ​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី ២៦ (COP26) ក្នុង​ទីក្រុង Glasgow ពិភពលោក​កំពុង​ឈាន​កាន់តែ​ជិត​ទៅ​រក​ការ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​សីតុណ្ហភាព​នៅ​លើ​ភព​ផែនដី​កើន​លើស ១,៥ អង្សា​សេ»។

លោក Blinken បាន​បញ្ជាក់​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ចេញ​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​ខ្លួន​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស [ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ] ផងដែរ ដែល​បង្ហាញ​អំពី​វិធី​ដែល​យើង​នឹង​សម្រេច​ឱ្យ​បាន​នូវ​សេដ្ឋកិច្ច​មួយ​ដែល​មាន​តុល្យភាព​ឧស្ម័ន​ស្រូប​កម្ដៅ​ក្នុង​បរិយកាស​នៅ​ត្រឹម​ឆ្នាំ ២០៥០។ ជាង​នេះ​ទៀត នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​សហភាព​អឺរ៉ុប យើង​បាន​កៀរគរ​ប្រទេស​ជាង ១០០ ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រយុទ្ធ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន ដែល​គេ​ចាត់ទុក​ថា​ជា​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​នៅ​ក្នុង​ការ​ដាក់​កំហិត​លើ​ការ​ឡើង​កម្ដៅ [ផែនដី]»។

លោក Blinken បាន​បន្ថែម​ថា៖ «យើង​បាន​ជញ្ជឹង​គិត​ដល់​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​ថា​ជា​ពេល​មួយ​ដែល​យើង​ទទួល​បាន​នូវ​សន្ទុះ​នៃ​ការ​តាំងចិត្ត​ជា​សាកល​របស់​យើង​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ភព​ផែនដី​មួយ​ដែល​មាន​បរិស្ថាន​ប្រសើរ​ជាង​មុន»៕