បទវិចារណកថា៖ ទណ្ឌកម្ម​បន្ថែម​របស់​សហរដ្ឋ​អាមេរិក​លើ​រុស្ស៊ី​សម្រាប់​ការបំពុល​លោក Navalny

រូបឯកសារផ្គុំ៖ មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​រួម​ជាមួយ​ចក្រភព​អង់គ្លេស​ នៅ​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​រុស្ស៊ី​សម្រាប់​ករណី​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ ដាក់​ថ្នាំ​បំពុល​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​វាយតម្លៃ​ថា មន្ត្រី​សន្តិសុខ​រដ្ឋាភិបាល​រុស្ស៊ី (FSB) បាន​ប្រើ​សារធាតុ​បំផ្លាញ​សរសៃ​ប្រសាទ Novichok ដើម្បី​បំពុល​លោក Navalny ដោយ​បាន​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នៅ​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២០ នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង​មូស្គូ​វិញ បន្ទាប់ពី​បាន​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ទីក្រុង Tomsk និង​ទីក្រុង Novosibirsk នៃ​ប្រទេស​រុស្ស៊ី​មក។

លោក Navalny បាន​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ហើយ​បន្ទាប់ពី​លោក​បាន​វិល​ត្រឡប់​ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ​កាលពី​ខែ​មករា លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​លើ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​របស់​លោក។

លោក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង​ពីរ​ឆ្នាំ​កន្លះ​នៅ​ក្នុង​សវនាការ​ដែល​គេ​ចាត់ទុក​ជា​ទូទៅ​ថា ​ជា​សវនាការ​បែប​ក្លែង​បន្លំ។

មួយ​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​លោក Navalny ត្រូវ​បាន​បំពុល ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ជុំ​ទី​ពីរ​លើ​ប្រទេស​រុស្ស៊ី​នៅ​ក្រោម​ច្បាប់​គ្រប់គ្រង​អាវុធ​គីមី​និង​ជីវសាស្ត្រ​ និង​ការ​លុប​បំបាត់​សង្គ្រាម​ដែល​ប្រើ​អាវុធ​ទាំង​នេះ (Chemical and Biological Weapons Control and Warfare Elimination Act)។

ទណ្ឌកម្ម​ទាំង​នេះ​មាន​ដូចជា​ ការ​ដាក់​កំហិត​ជា​អចិន្ត្រៃយ៍​លើ​ការ​នាំ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​នូវ​អាវុធ​ ឬ​ក៏​គ្រាប់​រំសេវ​ណា​ដែល​ផលិត ​ឬ​ក៏​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​មាន​ពាក្យ​សុំ​ប័ណ្ណ​អនុញ្ញាត​ទាំង​ថ្មី​និង​កំពុង​ពិនិត្យ ក៏​ដូចជា​ការ​ដាក់​កំហិត​បន្ថែម​លើ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ​និង​មីស៊ីល​ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ។

ក្រសួង​ការបរទេស​និង​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ ក៏​បាន​ដាក់​ទណ្ឌកម្ម​ផងដែរ​លើ​បុគ្គល​រុស្ស៊ី​ចំនួន ៩ នាក់ និង​អង្គភាព​ចំនួន ៤ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បំពុល​លោក Navalny និង​អង្គភាព​ដែល​បាន​អភិវឌ្ឍ​សមត្ថភាព​អាវុធ​គីមី​របស់​ប្រទេស​រុស្ស៊ី​ផងដែរ។

អ្នកស្រី Andrea Gacki ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​បំពុល​លោក Navalny គឺជា «ការ​រំលោភ​បំពាន​ដ៏​អាក្រក់​បំផុត​លើ​បទដ្ឋាន​អន្តរជាតិ​នៃ​ការ​ប្រឆាំង​ការ​ប្រើប្រាស់​អាវុធ​គីមី និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដែល​កំពុង​បន្ត​ធ្វើ​ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី»។

បើ​យោង​តាម​លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទាំង​នេះ​លើ​ប្រទេស​រុស្ស៊ី​ គឺជា «ការ​បញ្ជូន​សារ​ដ៏​ច្បាស់លាស់​មួយ​ថា មិន​មាន​និទណ្ឌភាព​ណា​មួយ​នោះ​ទេ​សម្រាប់​ការ​ប្រើប្រាស់​អាវុធ​គីមី ដែល​ក្នុង​នោះ​រួម​ទាំង​សម្រាប់​បុគ្គល​និង​អង្គភាព​ដែល​ពាក់ព័ន្ធ​ផងដែរ។ ការ​ប្រើប្រាស់​អាវុធ​គីមី​ណា​មួយ​ គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ និង​ជា​ការ​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ។ សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​ប្រទេស​រុស្ស៊ី​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​អនុសញ្ញា​ស្ដីពី​អាវុធ​គីមី»៕