តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នសហរដ្ឋអាមេរិក
ពលរដ្ឋអាមេរិកាំងប្រារព្ធទិវាពលកម្មនៅថ្ងៃចន្ទដំបូងគេនៃខែកញ្ញា។ នៅថ្ងៃនោះ
មនុស្សភាគច្រើនប្រារព្ធទិវានេះជាទីបញ្ចប់រដូវក្តៅជាផ្លូវការ ដោយមានការធ្វើពីកនីក ការជួបជុំគ្រួសារនិងការដង្ហែរក្បួនតាមផ្លូវ។ តែអ្វីដែលសំខាន់បំផុតនោះគឺជាការផ្តល់កិត្តិយសដល់ក្រុមកម្មកររបស់ប្រទេសនិងការរួមចំណែករបស់ពួកគេដល់ភាពសំបូររុងរឿងនៃស.រ.អ.។
ក្នុងរយៈពេលភាគច្រើននៃពាក់កណ្តាលទីពីរនៃសតវត្សរ៍ទី១៩ និងបន្តក្នុងត្រីមាសទីមួយនៃសតវត្សរ៍ទី២០ ពួកបុរសនិងក្រុមស្ត្រីទាំងនេះបានប្រយុទ្ធខ្លាំងក្លាដើម្បីសិទ្ធិដែលមនុស្សភាគច្រើនទទួលបាននៅពេលនេះ។ ដោយសារក្រុមបុរសនិងពួកស្ត្រីទាំងនេះ យើងធ្វើការតែប្រាំថ្ងៃក្នុងមួយអាទិត្យ ៤០ម៉ោងក្នុងមួយសប្តាហ៍ មានស្ថានភាពការងារមានសុវត្តិភាព ទទួលប្រាក់បៀវត្សនៅពេលយើងឈឺ ឬនៅពេលត្រូវការឈប់សម្រាក។ ក្រុមកម្មករនិងកម្មការិនីទាំងនោះយល់ថា កុមារគួរទៅរៀន ប្រុងប្រៀបខ្លួនសម្រាប់អនាគតល្អប្រសើរ មិនមែនធ្វើការក្នុងអណ្តូងរ៉ែធ្យូងថ្ម ឬច្រូតកាត់ដំណាំក្នុងវាលស្រែចម្ការ ឬមួយសម្អាតក្តារក្រាលក្នុងរោងចក្រដែកថែបទេ។
លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា «ឪពុកខ្ញុំបានបង្រៀនខ្ញុំតាំងពីខ្ញុំនៅក្មេងថា ការងារមានសារៈសំខាន់លើសពីប្រាក់បៀវត្សរ៍ទៅទៀត។ ការងារគឺអំពីសេចក្តីថ្លៃថ្នូរ ការគោរព និងកន្លែងរបស់អ្នកនៅក្នុងសហគមន៍។ ការងារគឺអំពីអាចមើលចំភ្នែកកូនលោកអ្នកហើយធានារ៉ាប់រងប្រាប់ពួកគេថា គ្មានបញ្ហាទេ។ នៅពេលជនជាតិអាមេរិកាំងទៅធ្វើការរៀងរាល់ថ្ងៃ ពួកគេមិនគ្រាន់តែប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ពួកគេមានជីវភាពជាមួយសេចក្តីសង្ឃឹមសម្រាប់ពេលអនាគត។ ដោយធ្វើដូច្នេះពួកគេកសាង ជំរុញ ថែរក្សា និងបណ្តុះបណ្តាលប្រទេសជាតិយើង»។
តាំងពីថ្ងៃដំបូងៗនៃចលនានេះមក ពួកមេដឹកនាំខាងពលកម្មបានយល់ថា បើគ្មានសេរីភាពខាងសេដ្ឋកិច្ចសម្រាប់វណ្ណៈកម្មករទេ ក៏គ្មានសេរីភាពសម្រាប់ជនជាតិអាមេរិកាំងភាគច្រើនដែរ។ ពួកគេយល់ថា ដោយមានសាមគ្គីភាព រួមផ្សំជាមួយការប្រឹងប្រែង និងសំឡេងរបស់ពួកគេតាមរយៈយុទ្ធនាការ បាតុកម្ម និងកុបកម្មបន្តបន្ទាប់គ្នាទើបពួកគេអាចទទួលប្រាក់បៀវត្សរ៍សមរម្យ មានស្ថានភាពការងារល្អប្រសើរ និងសេចក្តីថ្លៃថ្នូរដែលពួកគេស័ក្តិសមទទួលបាន។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «ជនជាតិអាមេរិកាំងដែលឧស្សាហ៍ធ្វើការងារជាសរសរស្តម្ភរបស់ប្រទេសយើង។ មនុស្សឋានៈកណ្តាលកសាងប្រទេសអាមេរិក ហើយសហជីពកសាងក្រុមជនឋានៈកណ្តាល។ អ្វីៗទាំងអស់ដែលគាំទ្រជីវភាពក្រុមជនឋានៈកណ្តាលមានភាពធន់អាចកើតមានបានដោយសារសហជីព ហើយនៅទិវាពលកម្មយើងផ្តល់កិត្តិយសជូនកម្មករទាំងនោះ និងចលនាដ៏ឋិតថេររបស់ពួកគេ ដែលធ្វើឱ្យសេដ្ឋកិច្ចយើងដើរទៅមុខ និងធ្វើឱ្យប្រទេសជាតិយើងខ្លាំងផងដែរ»៕