តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ឧសភា សហរដ្ឋអាមេរិកប្រារព្ធទិវាសិទ្ធិមនុស្សវៀតណាមដើម្បីចងចាំអំពីសារៈសំខាន់នៃការធ្វើឱ្យជឿនលឿននៃសេរីភាពជាមូលដ្ឋានរួមទាំងសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ ការបង្កើតសមាគម និងការគោរពសាសនា។
វៀតណាមនៅតែជារដ្ឋផ្តាច់ការមួយដែលគ្រប់គ្រងដោយគណបក្សតែមួយ គឺគណបក្សកុម្មុយនិស្តវៀតណាម។ ការបោះឆ្នោតសភាជាតិកាលពីខែឧសភា ឆ្នាំ២០២១ មិនមានភាពសេរីនិងយុត្តិធម៌ទេ ថ្វីបើមានការប្រកួតប្រជែងមានកំណត់ក្នុងចំណោមបេក្ខជនដែលមានការពិនិត្យដោយផ្ចិតផ្ចង់ពីគណបក្សកុម្មុយនិស្តក៏ដោយ។
ថ្វីបើរដ្ឋធម្មនុញ្ញនិងច្បាប់របស់វៀតណាមហាមឃាត់ការធ្វើទារុណកម្មក៏ដោយ ពួកអ្នកជាប់ឃុំឃាំងជាទូទៅបានរាយការណ៍ពីការធ្វើបាបនិងធ្វើទារុណកម្មដោយប៉ូលិស។ នេះបើតាមរបាយការណ៍កាលពីពេលថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០២២ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍ជាច្រើនស្តីពីប៉ូលិសបានប្រើកម្លាំងហួសប្រមាណ ខណៈដែលបំពេញភារៈកិច្ចរបស់ខ្លួនហើយមានការចោទប្រកាន់ថា ពួកអ្នកស៊ើបអង្កេតធ្វើទារុណកម្មលើពួកអ្នកជាប់ឃុំឃាំង។
«ការចាប់ខ្លួននិងចាប់ឃុំឃាំងតាមទំនើងចិត្ត ជាពិសេសចំពោះពួកសកម្មជននយោបាយនិងបុគ្គលនានាដែលប្រឆាំងការរឹបអូសយកដីធ្លី ឬបញ្ហាផ្សេងទៀតដែលត្រូវបានចាត់ទុកជាការរសើបខាងនយោបាយ នៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ» នេះបើតាមរបាយការណ៍មួយរបស់អង្គការការពារសិទ្ធិមនុស្ស។
ក្រុមអង្គការសិទ្ធិរាយការណ៍ថា វៀតណាមនៅពេលបច្ចុប្បន្ននេះបានឃុំឃាំងមនុស្សជាង ១៦០នាក់នៅក្នុងពន្ធនាគារចំពោះការអនុវត្តដោយសន្តិវិធីនូវសិទ្ធិពលរដ្ឋនិងនយោបាយរបស់ខ្លួន។ បើតាមបណ្តាញព័ត៌មាននិងរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្ស ក្នុងអំឡុង៩ខែដំបូងនៃឆ្នាំ២០២២ ពួកអាជ្ញាធរបានឃុំឃាំងមនុស្ស១៩នាក់និងចោទប្រកាន់មនុស្ស២៦នាក់ដែលបានអនុវត្តសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ដូចជាសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគមជាដើម។ អ្នកដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់ទាំងនោះភាគច្រើនមានជាប់ទាក់ទិននឹងនឹងការសរសេរប្លុកតាមអនឡាញ ហើយជនជាប់ចោទបានរងការចោទប្រកាន់ពីការសរសេរ លាក់ទុក ផ្សព្វផ្សាយ ឬចែកចាយព័ត៌មាន សម្ភារៈ ឬរបស់របរផ្សេងទៀត»ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋ និង«ការរំលោភសេរីភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុក»។
អង្គការក្រៅរដ្ឋាភិបាលបាននិយាយថា ពួកអាជ្ញាធរពេលខ្លះយកពួកអ្នកទោសនយោបាយទៅពិនិត្យនិងព្យាបាលជំងឺសសៃប្រសាទ។
រដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាមចែងពីសេរីភាពនៃការបញ្ចេញមតិ ក៏ប៉ុន្តែ រដ្ឋាភិបាលមិនបានគោរពសិទ្ធិទាំងនោះទេ។ ពួកអ្នកកាសែតឯករាជ្យបន្តប្រឈមការរឹតត្បិតលើសេរីភាពនៃការដើរហើរ ការធ្វើទុក្ខបុកម្នេញផ្សេងទៀត និងការវាយប្រហារលើរាង្គកាយ ប្រសិនបើពួកគេរាយការណ៍ពីប្រធានបទរសើបៗ។ ពួកអាជ្ញាធររារាំងមិនឱ្យមើល websites ជារឿយៗបានបិទប្លុក ហើយបានបង្ខំឱ្យពួកអ្នកផ្តល់សេវាកម្មអ៊ិនធើណិតដកចេញមាតិការរឿងណាដែលត្រូវបានចាត់ទុកជាការមិនអាចទទួលយកបានខាងផ្នែកនយោបាយ។
រដ្ឋាភិបាលវៀតណាមបន្តអនុវត្ត«ការត្រួតត្រាដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលលើការគោរពសាសនា» នេះបើតាមរបាយការណ៍ថ្មីៗបំផុតស្តីពីសេរីភាពសាសនាអន្តរជាតិនៅពេលថ្មីៗ នេះ។
បទបញ្ញតិច្បាប់«មិនច្បាស់លាស់»អនុញ្ញាតឱ្យមានការរឹតត្បិតលើសេរីភាពសាសនាដើម្បីផលប្រយោជន៍សន្តិសុខជាតិនិងការឯកភាពសង្គម»។
សហរដ្ឋអាមេរិកអំពាវនាវដល់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងពួកអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ ហើយនឹងអនុញ្ញាតឱ្យបុគ្គលទាំងអស់នៅក្នុងប្រទេសវៀតណាមបញ្ចេញនូវទស្សនៈនិងជំនឿរបស់ពួកគេដោយសេរីនិងជួបប្រជុំដោយសន្តិវិធីដោយគ្មានការភ័យខ្លាចពីការចាប់ចង៕