តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រកបដោយជោគជ័យគឺអភិបាលកិច្ចប្រជាធិបតេយ្យ។ នេះបើតាមសម្តីលោកស្រី Mileydi Guilarte អនុប្រធានការិយាល័យអាមេរិកាំងឡាទីននិងតំបន់ការ៉ាអ៊ីបនៃទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកក្នុងពេលផ្តល់សក្ខីកម្មក្នុងសភាសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
លោកស្រីបានថ្លែងថា៖ «អភិបាលកិច្ចដែលដោះស្រាយបញ្ហានិងមានតម្លាភាព និងប្រព័ន្ធតុលាការឯករាជ្យអនុញ្ញាតឱ្យមនុស្សម្នាជឿជាក់ទៅលើរដ្ឋាភិបាលរបស់ពួកគេ។ បើគ្មានចំណុចទាំងនេះទេ ពលរដ្ឋតែងតែចាកចេញដើម្បីទៅស្វែងរកបរិស្ថានដែលល្អជាងនេះ ដែលនាំឱ្យបាត់បង់ធនធានមនុស្ស ហើយរារាំងដល់ការរីកចម្រើននៅក្នុងសង្គម»។
«យើងធ្វើការជាមួយនឹងរដ្ឋបាលបច្ចុបន្នរបស់ប្រទេសហុងឌូរ៉ាសលើចំណុចដែល យើងយល់ស្របគ្នា។ ហើយយើងក៏សន្ទនាគ្នាដោយត្រង់ទៅត្រង់មក និងបើកចំហ អំពីចំណុចដែលយើងខ្វែងគំនិតគ្នា»។
«យើងស្វាគមន៍ការប្តេជ្ញារបស់លោកប្រធានាធិបតី Castro ដើម្បីបង្កើតគណៈកម្មការប្រឆំាងអំពើពុករលួយ ហើយយើងលើកទឹកចិត្តរដ្ឋាភិបាលហុងឌូរ៉ាស និងអង្កការសហប្រជាជាតិឱ្យស្វែងរកកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបង្កើតគណៈកម្មការមួយដែលនឹងផ្តល់លទ្ធផលជាក់លាក់»។
សហរដ្ឋអាមេរិករងការរំខានដោយ និទណ្ឌភាពចំពោះការវាយប្រហារលើអ្នកការពារបរិស្ថាន ពលករ និងសិទ្ធិមនុស្ស និងអត្រាកើនឡើងនៃចំនួនស្ត្រីនិងក្មេងស្រីដែលត្រូវបានសម្លាប់នៅក្នុងប្រទេសហុងឌូរ៉ាស ដោយសារតែភេទរបស់ពួកគេ។ សហរដ្ឋអាមេរិកជារឿយៗតែងលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយរដ្ឋាភិបាលហុងឌូរ៉ាសហើយអំពាវនាវឱ្យផ្តល់ថវិកាដល់ក្រសួងការពារសិទ្ធិមនុស្ស។
លោកស្រី អនុប្រធាន Guilarte ថ្លែងថា៖ «ទីភ្នាក់ងារ USAID បន្តធ្វើការជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលជាអង្គការសង្គមស៊ីវិលមួយដែលលាតត្រដាងអំពើពុករលួយ»។
«ក្រុមសង្គមស៊ីវិលប្រភេទនេះពិនិត្យទៅលើការទាមទាររបស់ហុងឌូរ៉ាសឱ្យមានអភិបាលកិច្ចប្រកបដោយតម្លាភាពនិងការដោះស្រាយបញ្ហា។ ទីភ្នាក់ងារ USAID ក៏ធ្វើការជាមួយនឹងវិទ្យាស្ថានសវនកម្មកំពូល និងលេខាធិការដ្ឋានទទួលបន្ទុកផ្នែកតម្លាភាពដើម្បីងាយស្រួលក្នុងការទទួលព័ត៌មានសាធារណៈនិងពិនិត្យទៅលើសមត្ថភាពរបស់រដ្ឋាភិបាលក្រុងឱ្យកាន់តែប្រសើរ»។
ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ទីភ្នាក់ងារ USAID គាំទ្រការរីកចម្រើនច្រើនដោយធ្វើការជាមួយនឹងដៃគូក្នុងវិស័យឯកជន រួមបញ្ចូលទាំងអ្នកទិញកាហ្វេធំជាងគេ៣លើពិភពលោក ដែលបានបេជ្ញាផ្តល់ប្រាក់ចំនួន១០៩លានដុល្លារអាមេរិកដើម្បីតភ្ជាប់កសិករ៧ម៉ឺននាក់ទៅនឹងទីផ្សារសាកល។ នេះគឺជាងពាក់កណ្តាលនៃកសិករដាំកាហ្វេនៅហុងឌូរ៉ាស។ ហើយកាលពីឆ្នាំមុន ជំនួយរបស់ទីភ្នាក់ងារ USAID និងដៃគូទាំងនេះ នាំឱ្យផលធាររបស់កសិករជិត១៨០០០នាក់ កើនឡើងប្រមាណ ៣០ ភាគរយ ហើយផ្តល់នូវក្តីសង្ឃឹមដល់ក្រុមគ្រួសារជាច្រើននៅតាមជនបទ។
លោកស្រី Guilarte ថ្លែងថា៖ «ខណៈលទ្ធិប្រជាធិបតេយ្យស្ថិតក្រោមការគំរាមកំហែងក្នុងតំបន់ ការការពារគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យឱ្យបានគ្រប់ពេលវេលា ជារឿងសំខាន់ចំាបាច់។ មូលហេតុនេះហើយ ទើបទីភ្នាក់ងារ USAID នឹងបន្តផ្តល់អាទិភាពដល់ពលរដ្ឋហុងឌូរ៉ាស ដើម្បីឱ្យក្រុមគ្រួសារ សហគមន៍នានា និងប្រទេសនេះទាំងមូលអាចរីកចម្រើននិងរុងរឿង»៕