តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោក Eric Jacobstein ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាមេរិកកណ្តាលនិងតំបន់អឌ្ឍគោលខាងលិចបាននិយាយនៅក្នុងពេលលោកធ្វើសក្ខីកម្មនៅសភាកាលពីពេលថ្មីៗនេះថាប្រទេសហុងឌូរ៉ាសនិងសហ រដ្ឋអាមេរិកមានគោលបំណងរួមជាច្រើន។
លោក Jacobstein បាននិយាយថាការបោះឆ្នោតប្រធានាធិបតីហុងឌូរ៉ាសកាលពីឆ្នាំ ២០២១ ដែលអ្នកស្រី Xiomara Castro បានឈ្នះ«បានបង្ហាញពីឱកាសមួយក្នុងការទប់ស្កាត់អំពើពុករលួយ និងស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យដែលបានធ្លាក់ចុះ»។
លោក Jacobstein បាននិយាយថា៖ «ប្រទេសហុងឌូរ៉ាសបានប្តេជ្ញាដោះស្រាយបញ្ហានិទណ្ឌភាពនៃអំពើពុករលួយ ហើយអ្នកស្រីប្រធានាធិបតី Castro បានអញ្ជើញអង្គការសហប្រជាជាតិឱ្យបង្កើតគណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យមួយ។ យើងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ក៏ប៉ុន្តែយើងជំរុញឱ្យមានការបង្កើតឡើងយ៉ាងឆាប់រហ័ស ស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ។ ហើយយើងក៏ជំរុញឱ្យរដ្ឋាភិបាលផ្តល់មូលនិធិដល់អង្គភាពដែលមានស្រាប់ដែលស៊ើបអង្កេតលើបញ្ហាអំពើពុករលួយផងដែរ»។
លោក Jacobstein បានថ្លែងបន្តថា៖«យើងសាទរចំពោះវឌ្ឍនភាពរបស់ហុងឌូរ៉ាសក្នុងការអនុម័តច្បាប់ស្តីពីជនផ្លាស់ទីនៅក្នុងប្រទេស និងដើម្បីធ្វើការជាមួយសហរដ្ឋអាមេ រិកលើកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់»។
សហរដ្ឋអាមេរិកមានប្រវត្តិសាស្ត្រយូរអង្វែងមកហើយនូវកិច្ចសហប្រតិបត្តិការសន្តិ សុខជាមួយប្រទេសហុងឌូរ៉ាស រួមទាំងតាមរយៈវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងមូលដ្ឋានទ័ពអាកាស Soto Cano ផងដែរ។ លោកឧបការីរង Jacobstein បាននិយាយទៀតថា «យើងទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការនេះជាមួយប្រទេសហុងឌូ រ៉ាស»។ ក៏ប៉ុន្តែ ចំពោះទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន លោកបានប្រើ ប្រាស់ពាក្យសម្តីយ៉ាងប្រុងប្រយ័ត្ន។
លោក Jacobstein បានថ្លែងបន្តទៀតថា៖ «រដ្ឋាភិបាលបញ្ជាក់ពីគោលនយោបាយការបរទេសរបស់ខ្លួន គឺបំពេញទៅតម្រូវការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួនដោយបើកទ្វារទទួលប្រទេសថ្មីៗ រួមទាំងសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ក៏ប៉ុន្តែ ស្របពេលដែលយើងទទួលស្គាល់ថាការទទួលស្គាល់ផ្នែកការទូតជាការសម្រេចចិត្តបែបអធិបតេយ្យភាពនោះ យើងកត់សម្គាល់ថាសាធារណរដ្ឋប្រជាមា និតចិនតែងតែធ្វើការសន្យាជាថ្នូរនឹងការទទួលស្គាល់ ដែលទីបំផុតនៅតែធ្វើមិនបាន»។
រីឯបញ្ហាសេដ្ឋកិច្ចវិញ សហរដ្ឋអាមេរិកមានគោលបំណងប្រមូលការវិនិយោគបន្ថែមក្រោមការផ្តួចផ្តើមនៃគម្រោងអភិវឌ្ឍអាមេរិកកណ្តាលឆ្ពោះទៅមុខរបស់អ្នកស្រីអនុប្រធានាធិបតី Kamala Harris ដែលបាននាំមកនូវកាវិនិយោគដែលគិតជាប្រាក់ចំនួន ៤ពាន់ ២រយលានដុល្លាររួចហើយ និងបង្កើតការងារថ្មីនៅអាមេរិកខាងជើង និងអាមេ រិកកណ្តាល។ លោក Jacobsteinបានសង្កត់ធ្ងន់ថា«ការប្តេជ្ញាចិត្តនាពេលអនាគត» នឹងពឹងផ្អែកលើការវិនិយោគដែលមានលក្ខណៈអំណោយផល បរិយាកាសនិងការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចដ៏ត្រឹមត្រូវ»។
លោក Jacobstein បាននិយាយទៀតថាសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសហុងឌូ រ៉ាស«នៅតែបន្តធ្វើការក្រោមការគំរាមកំហែងដោយអំពើហិង្សានិងការស្លាប់»។
លោក Jacobstein បានថ្លែងបន្តទៀតថា៖ «យើងបន្តអំពាវនាវឱ្យរដ្ឋាភិបាលការពារពួកសកម្មជនដូចជា អ្នកស្រី Miriam Miranda និងលោក Jose Ramiro Lara ជាដើម ដែលប្រឈមនឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរ និងបញ្ចប់ការស៊ើបអង្កេតឱ្យបានលឿន និងប្រកបដោយតម្លាភាពចំពោះការសម្លាប់សកម្មជនឈ្មោះ Haro Bonilla និង Ali Dominguez»។
លោក Jacobstein បានថ្លែងទៀតថា៖«ស្ថានភាពនៅក្នុងប្រទេសហុងឌូរ៉ាសមានភាព ស្មុគស្មាញ ប៉ុន្តែយើងនៅតែប្តេជ្ញាចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំដោយ សារទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច គ្រួសារ និងទីតាំងភូមិសាស្រ្តនៃប្រទេសទាំងពីររបស់យើង៕