បទវិចារណកថា៖ និន្នាការ​សិទ្ធិ​មនុស្ស​សាកល​សម្រាប់​ឆ្នាំ២០២០

រូបឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken ថ្លែង​អំពី​ការចេញ​ផ្សាយ​របាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល​សម្រាប់​ឆ្នាំ២០២០ នៅឯ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ថ្ងៃទី​៣០ ​ខែ​មីនា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បានចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន អំពីស្ថានភាព​សិទ្ធិ​មនុស្ស​សាកលសម្រាប់​ឆ្នាំ​២០២០។

លោករដ្ឋមន្ត្រី​ការ​បរទេស Antony Blinken បានមាន​ប្រសាសន៍​ថា៖ «របាយការណ៍ដែល​យើង​ចេញ​ផ្សាយ​នេះ...បង្ហាញ​ថា​ និន្នាការសិទ្ធិមនុស្សនៅ​តែវិវត្ត​ទៅរក​ទិសដៅខុស។ យើង​ឃើញ​មានភ័ស្តុតាង​ថា នៅ​ក្នុង​តំបន់​ទាំង​អស់​ក្នុង​ពិភពលោកមានទំនោរ​នេះ»។​

លោក​ Blinken បានមាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​និន្នាការ​នេះ ​ក្នុងអំពើប្រល័យ​ពូជសាសន៍​ កំពុង​មាន​ធ្វើ​ប្រឆាំង​នឹង​ក្រុម​ជន​អំបូរ​ Uyghurs (អ៊ុយហ្គ័រ) កាន់​សាសនា​ឥស្លាម ​និង​ក្រុម​ជន​ភាគ​តិចខាងពូជសាសន៍ និង​ខាង​សាសនានៅ​ក្នុង​តំបន់ Xinjiang ការ​វាយ​ប្រហារ​ និង​ការចាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ​នូវក្រុម​អ្នក​នយោបាយប្រឆាំង ក្រុម​សកម្មជន​ប្រឆាំង​នឹង​អំពើពុក​រលួយ និងក្រុម​អ្នក​កាសែតឯករាជ្យ​ក្នុង​កន្លែង​ផ្សេងៗ​ដូច​ជា​ប្រទេស​រុស្ស៊ី អ៊ូហ្គាន់ដា និងប្រទេស​វ៉េណេស៊ុយអេឡា​ជាដើម។ យើង​ឃើញទំនោរនេះ​នៅ​ក្នុង​ការចាប់​ខ្លួន​ដោយ​គ្មាន​រើស​មុខ ការ​វាយ​ដំនិង​ការ​រំលោភ​ឯ​ទៀតៗ​ប្រឆាំង​នឹងក្រុម​បាតុករ​ក្នុង​ប្រទេស​បេឡារុស និង​ក្នុង​ការ​រំលោភលើ​ប្រជារាស្ត្រនៃ​ប្រទេសយេម៉ែនដោយ​ភាគី​នៅ​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​នោះ។ យើង​ឃើញ​និន្នការ​នេះនៅ​ក្នុង​ការ​សម្លាប់​ ​ការរំលោភ​ខាង​ភេទ​និង​អំពើឃោរឃៅ​ឯ​ទៀតៗ​ដែលត្រូវ​គេរាយការណ៍ក្នុង​តំបន់ Tigray នៃប្រទេស​អេត្យូពី និង​នៅ​ក្នុង​ការ​ប្រហារ​ជីវិត​ ​ការបាត់​ខ្លួន​ដោយបង្ខំ​ ​និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​របប​គ្រប់គ្រង​ស៊ីរី និង​ការ​វាយ​ប្រហារ​ជា​បន្ត​របស់​កងទ័ពស៊ីរីលើ​សាលារៀន ផ្សារ ​និង​មន្ទីរ​ពេទ្យ»។

រដ្ឋបាល​លោក​ប្រធានាធិបតី Biden ​និង​អ្នកស្រី​អនុប្រធានាធិបតី Harris ​គូស​បញ្ជាក់​ខ្លាំងលើ​ការ​ប្តេជ្ញារបស់​ខ្លួន​ដល់​ការ​ដាក់សិទ្ធិ​មនុស្សជា​ថ្មី ជា​ស្នូលនៃ​គោល​នយោបាយការបរទេសសហរដ្ឋ​អាមេរិក។​ លោក​រដ្ឋមន្ត្រី​ការបរទេស​ Blinken បាន​មាន​ប្រសាសន៍​ថា៖ «ការក្រោក​ឈរដើម្បី​សិទ្ធិ​មនុស្សនៅ​គ្រប់​កន្លែង​ជាអត្ថប្រយោជន៍​របស់សហរដ្ឋអាមេរិក»។

លោក​ Blinken បានមានប្រសាសន៍​ថា៖ «បណ្តា​ប្រទេសដែល​នៅ​ទី​នោះ ​ការ​ប្រឆាំង​ត្រូវ​ស្វាគមន៍ ដែលមន្ត្រី​ពុករលួយ​និងធ្វើ​ការ​រំលោភត្រូវ​ដាក់​ទណ្ឌកម្ម ដែល​ច្បាប់​ការងារត្រូវ​គោរព​ ដែល​ប្រជារាស្ត្រទាំង​អស់មានការចូល​រួម​ ​និង​ឱកាសស្មើ​គ្នា ​- ប្រទេសទាំង​នោះ​ទំនងជា​មាន​សន្តិភាព​ មានភាព​សំបូរ​រុងរឿងនិង​ស្ថិរភាពជាង … ហើយរដ្ឋាភិបាល​ដែលគោរព​សិទ្ធិ​មនុស្ស ទំនង​ជា​គាំទ្រ​រចនាសម្ព័ន្ធ​អន្តរជាតិ​ផ្អែក​លើច្បាប់ ដែលសហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​យើង​បាន​កសាងនិងវិនិយោគច្រើន​ទសវត្សរ៍​មក​ហើយ»។

លោក​រដ្ឋមន្ត្រី Blinken បានមានប្រសាសន៍​ថា តែយ៉ាង​ណា​ក៏​ដោយ​ក៏នេះ​មិន​មែន​ជា​ស្ថានភាព​របស់បណ្តា​ប្រទេសដែល​សង្កត់​សង្កិនប្រជារាស្ត្រខ្លួន​ឡើយ។

លោក​បាន​និយាយ​ថា៖ «ប្រទេសទាំង​នោះ​សឹង​តែ​ជា​ប្រទេសដដែលៗដែល​រំលោភ​មើលងាយ​បទបញ្ញត្តិ​អន្តរជាតិហួសពីព្រំដែនខ្លួន រួម​មាន​ការ​យកដែនដីប្រទេស​ឯ​ទៀតៗ បើក​ការ​វាយ​ប្រហារតាម​អ៊ីនធឺណិត យាយី​ក្រុមអ្នក​ប្រឆាំង ​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ឬ រំលោភ​លើ​បទបញ្ញត្តិ​ពាណិជ្ជកម្មក៏​ដោយ»។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​ប្តេជ្ញាធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន​និង​ពួក​ដៃគូ ដើម្បីឱ្យ​ក្រុម​ជន​រំលោភ​លើ​សិទ្ធិ​មនុស្ស​ទទួល​ខុស​ត្រូវ​ដល់​សកម្មភាព​ពួក​គេ។

លោក Blinken បាន​មានប្រសាសន៍​ថា៖ «ការងើប​ឈរ​ដើម្បីសេរីភាព​និងសេចក្តី​ថ្លៃថ្នូររបស់​ប្រជារាស្ត្រ​ជា​ការ​ផ្តល់កត្តិយស​ជូន​គុណ​តម្លៃ​ពិសិដ្ឋ​បំផុត​របស់​ប្រទេស​អាមេរិក។ យើង​ឈរ​ដើម្បី​សេរីភាពនិង​យុត្តិធម៌សម្រាប់​មនុស្ស​គ្រប់​គ្នា។ ​មិន​មែនតែ​ក្នុងសហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ តែនៅទូទាំង​ពិភពលោក​ថែម​ទៀតផង»៕